យោងតាម YONHAP ថា ប្រទេសកូរ៉េខាងជើងបានប្រកាសនាថ្ងៃទី១៥ មីនា ពីផែនការសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិក នាពេលខាងមុខឆាប់ៗនេះ ដើម្បីបន្តការបង្កហេតុក្រោយការសាកល្បងរបស់ដែលហៅថា គ្រាប់បែកអុីដ្រូហ្សែនកាលពីថ្ងៃទី៦ មករា កន្លងទៅនេះមក ។
មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ថ្លែងថា ការសាកល្បងបំផ្ទុះគ្រាប់នុយក្លេអ៊ែរ និងការបាញ់សាកល្បងកាំជ្រួចបាលីស្ទិកច្រើនប្រភេទ ដែលអាចបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរនឹងធ្វើក្នុងពេលខាងមុខឆាប់ៗ ដើម្បីពង្រឹងថែមទៀតភាពគួរឱ្យជឿជាក់នៃសមត្ថភាពវាយប្រហារនុយក្លេអ៊ែរ ។ នេះជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA ។
លោកគីម ជុងអ៊ុន ប្រកាសបែបនេះពេលលោកទៅត្រួតពិនិត្យការធ្វើត្រាប់ចូលទៅកាន់បរិយាកាសនៃមីស៊ីលបាលីស្ទិកផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ។ លោកគីម ជុងអ៊ុន ក៏ចេញបញ្ជាផងដែរឱ្យធ្វើការសាកល្បងមួយ ដើម្បីវាយតម្លៃលើស្ថានភាពនៃកំដៅរបស់ក្បាលគ្រាប់បំពាក់នឹងកាំជ្រួចផលិតដោយការខិតខំប្រឹងប្រែង និងបច្ចេកវិទ្យាក្នុងស្រុក ព្រមទាំងលើសម្ភារដែលធន់នឹងកំដៅ ។
លោកគីម ជុងអ៊ុន គូសបញ្ជាក់ថាយើងសម្រេចបានប្រកបដោយមោទនភាពនូវបច្ចេកវិទ្យា ហើយយើងកំពុងសម្រេចបានការរីកចម្រើនសំខាន់ៗក្នុងបច្ចេកវិទ្យាកាំជ្រួចបាលីស្ទិក ដែលជួយពង្រឹងឯករាជ្យភាពនៃសមត្ថភាពការពារ ព្រមទាំងឧស្សាហកម្មគ្រឿងសព្វាវុធរបស់ប្រទេស ។
កាលពីសប្តាហ៍មុន មេដឹកនាំកូរ៉េខាងជើងបានចេញបញ្ជាឱ្យត្រៀមធ្វើការវាយប្រហារនុយក្លេអ៊ែរ និងធ្វើការសាកល្បងនុយក្លេអ៊ែរថែមទៀត ។ លោកក៏សន្យាផងដែរ ធ្វើការវាយប្រហារនុយក្លេអ៊ែរប្រឆាំងពួកសត្រូវទោះនៅទីណាក្តី ។
ទន្ទឹមនឹងនេះ លោកគីម ជុងអ៊ុន អះអាងថា ប្រទេសរបស់លោកបានផលិតក្បាលគ្រាប់នុយក្លេអ៊ែរតូចៗ ដើម្បីអាចបំពាក់លើមីស៊ីលបាលីស្ទិក ៕
ចែករំលែកព័តមាននេះ