រាជធានីភ្នំពេញ ៖ ស្ថិតក្នុងស្ថានភាពមិនទាន់ជាសះស្បើយជើងដែលបាក់នៅឡើយ កីឡាករឡៅ ស៊ីណាត បានអះអាងថា ខ្លួនកំពុងអាស្រ័យនឹងជីវភាពលក់នំឲ្យក្មេងៗនៅខេត្តកំពង់ស្ពឺដើម្បីទទួលបានប្រាក់ចំណូល ។ ក្នុងនោះលោកក៏បានបង្ហាញពីបំណងប្រាថា្នចង់ត្រឡប់មកជំនាញចាស់របស់ខ្លួនផងដែរ ប៉ុន្តែមិនមែនប្រដាល់នៅលើសង្វៀនទេ គឺចង់បើកក្លិបប្រដាល់ប្រសិនបើខ្លួនមានលទ្ធភាព ។
ថ្លែងប្រាប់ពីខេត្តកំពង់ស្ពឺលោកឡៅ ស៊ីណាត បានអះអាងថា ក្រោយរបួសជើងមិនអាចប្រកួតទៀតបាន លោកក៏ចេញទៅរស់នៅស្រុកកំណើតស្ថិតនៅភូមិត្រពាំងពោធិ៍ ឃុំភ្នំតូច ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ដោយទាំងប្រពន្ធ និងកូនទាំង២នាក់របស់លោកក៏ចេញទៅរស់នៅជុំគ្នានៅទីនោះដែរ ។ ហេតុផលដែលនាំឲ្យមានការរើបង្វេចទៅនៅស្រុកកំណើតអស់ទាំងគ្រួសារនោះ គឺដោយសារតែភរិយារបស់លោកក៏ទើបនឹងសម្រាលកូនក្នុងអំឡុងពេលលោកបាក់ជើង ដែលមានន័យថាទាំងលោក និងភរិយាគឺសុទ្ធតែទាល់ដៃទាល់ជើងដែលត្រូវតែរត់ទៅស្រុក ។ លោកនិយាយថា៖«បើកុំតែមកនៅស្រុកពិតជាស្លាប់មិនខានទេព្រោះខ្ញុំបាក់ជើង ហើយប្រពន្ធខ្ញុំក៏សរសៃខ្ចីផង!» ។ លោកថា ជើងរបស់លោកបានបាក់កាលពីថ្ងៃទី១៧ មករា ក្នុងឆ្នាំ២០១៦ នៅលើសង្វៀនទូរទស្សន៍បាយ័ន ហើយក្នុងពេលនោះ គឺភរិយារបស់លោកទើបនឹងសម្រាលបានកូនប្រុស២ខែប៉ុណ្ណោះ ។ លោកថា មកទល់ពេលនេះ កូនប្រុសពៅរបស់លោកមានអាយុជិត៤ខែហើយ តែមិនអាចឲ្យភរិយាលោកចេញប្រកបការងារអ្វីបាននោះទេ ក្រៅពីត្រូវមើលកូនតូចប្រុស២ស្រី១ និងត្រូវមើលថែលោកដែលដើរទៅណាមិនរួចនោះផង។ ដោយសារតែស្ថានភាពរកអីមិនបានទាំងប្ដីទាំងប្រពន្ធនោះហើយ ទើបលោកសម្រេចចិត្តទិញនំយកមកលក់ដើម្បីកុំឲ្យអផ្សុកពេលនៅមួយកន្លែងផង និងដើម្បីទទួលបានប្រាក់ចំណេញគ្រាន់បានទិញម្ហូបហូបផ្សំគ្នាផង។
លោកនិយាយថា៖«ប្រហែលជាប៉ុន្មានអាទិត្យហ្នឹង ខ្ញុំបានសម្រេចចិត្តលក់នំឲ្យក្មេងៗ ហើយមានអីគឺបានចំណេញគ្រាន់ទិញចំណីម្ហូបដែរតើ ចេះតែរកៗទៅកុំឲ្យចេះតែដេកចាយលុយជំនួយ!» ។ បើទោះជាលោកសារភាពទទួលបានជំនួយក្នុងពេលសម្រាកព្យាបាលជើងច្រើនគួរសម ប៉ុន្តែលោកថា ថវិកាទាំងនោះមិនសល់ច្រើនទេ ដោយសារត្រូវចំណាយចិញ្ចឹមកូន-ប្រពន្ធក្នុងពេលលោកមិនអាចរកចំណូលបាន ថែមទាំងចំណាយថ្លៃថ្នាំព្យាបាលជើងដែលបាក់មិនទាន់ជានោះទៀតផង។ លោកបានទទួលតែប្រាក់ខែទាហានខាងផ្នែកកីឡា(ក្លិបកងទ័ពឆត្រយោង)ចំនួនពី៥០ទៅ៦០ម៉ឺនរៀលក្នុងមួយខែប៉ុណ្ណោះ ទើបតម្រូវឲ្យលោក និងភរិយាចេះតែបែកគំនិតរកនេះរកនោះបន្ថែម ក្នុងពេលស្ថានភាពរស់នៅរបស់លោកមិនខុសពីជនពិការម្នាក់ ។ លោកថា ជម្រើសនៃការលក់បន្ថែម គឺជាអ្វីដែលលោកចេះតែធ្វើក្នុងពេលរកអីមិនបាន និងដើម្បីទទួលបានចំណូលខ្លះគ្រាន់ឲ្យកូនស្រីច្បងទិញនំញ៉ាំ និងបានទិញនេះទិញនោះកុំឲ្យខាតច្រើន ។
លោកនិយាយថា៖ «លក់នំក្មេងអញ្ចឹងវាមិនចំណេញអីច្រើនទេ ប៉ុន្តែបើយើងមិនរកក៏វាមិនបានប្រហុកអំបិលគ្រាន់ដោះស្រាយដែរព្រោះបើមិនប្រឹងដាច់ពោះស្លាប់ហើយ បើខ្ញុំក៏នៅតែមួយន្លែង ហើយប្រពន្ធក៏ទ័លដៃទ័លជើងអញ្ចឹង(កូនខ្ចី)!»។ លោកថា នំចំណីដែលយកមកលក់ គឺបានពីការប្រើកូនក្មួយ និងបងប្អូនទៅទិញឲ្យនៅកន្លែងបោះដុំ និងមួយផ្នែកបានពីការដឹកយកមកឲ្យដល់ផ្ទះ ។ នំចំណីទាំងនោះ លោកថាលក់ដាច់ បើទោះជាប្រាក់ចំណេញដែលបានពីការលក់នេះគឺវាមិនច្រើនដូចមុខរបរផ្សេង ។ លោកគ្រោងបន្តអាជីពលក់នំក្មេងរហូតដល់ជើងអាចដើរបាន នឹងចេញប្រកបអាជីពផ្សេងដូចជារត់ម៉ូតូឌុប ឬធ្វើអីក៏ដោយឲ្យតែបានកម្រៃ ។ លោកថា ឥឡូវនេះ ស្ថានភាពជើងរបស់លោកចាប់ផ្ដើមដើរបានតិចៗបន្តិចវិញហើយ ក្រោយពីការវះកាត់ដាក់ដែកត្រូវបានធ្វើឡើងភ្លាមៗក្រោយពេលបាក់ជើងកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦។
ឡៅ ស៊ីណាត បានបញ្ជាក់ជាថ្មីថា ខ្លួនមិនអាចត្រឡប់មកកាន់អាជីពប្រដាល់ដូចដើម ព្រោះតែជើងទម្រាំតែជាគឺចំពេលកម្លាំងរបស់ខ្លួនទៅលែងរួចនោះផង ។ លោកថា ការប្រដាល់លោកមិនអាចដើរជាន់ដានចាស់ទៀតទេ ប៉ុន្តែលោកនឹងត្រឡប់មកកាន់អាជីពប្រដាល់ក្នុងតំណែងម្ចាស់ក្លិប ឬជាគ្រូបង្វឹកនៅថ្ងៃណាមួយ។ លោកនិយាយថា៖ «ប្រដាល់នឹង គឺទៅលែងរួចហើយ ប៉ុន្តែខ្ញុំមិនចោលអាជីពប្រដាល់ទេ ព្រោះទោះចង់រកស្អីក៏វាមិនមានជំនាញ អញ្ចឹងបើមានលទ្ធភាពខ្ញុំនៅតែចង់បើកក្លិបប្រដាល់!» ។ លោកថា ការបើកក្លិបប្រដាល់គឺជាពន្លឺតែមួយដែលធ្វើឲ្យលោករំពឹងសម្រាប់ជីវិតក្រោយពេលជាជើង ។ ប៉ុន្តែក៏ផ្ដល់ឧបសគ្គឲ្យលោកជាច្រើនផងដែរ ដោយសារតែលោកមិនមានដើមទុន ហើយបើបើកបានមែន ក៏មិនដឹងថានឹងមានឱកាសបានគេផ្គូផ្គងកូនសិស្សឲ្យឡើងរេញ ធ្វើឲ្យមានការរីកចម្រើន ឬអត់0x017d7 យ៉ាងណាក៏ដោយលោកថា មុននេះបន្តិចមានខាងសហព័ន្ធបានបញ្ជាក់ប្រាប់លោកហើយថា ឲ្យតែលោកបានជាគឺនឹងឲ្យធ្វើជាគណៈកម្មការប្រដាល់នៅទូរទស្សន៍បាយ័ន ដែលមានន័យថាបើលោកអាចបើកក្លិបប្រដាល់បាន គឺពិតជាកាន់តែល្អ ។
ឡៅ ស៊ីណាត បញ្ជាក់ថា ស្ថានភាពជើងបាក់របស់លោក គឺទំនងជាមួយឆ្នាំក្រោយឯណោះទើបអាចជាសះ ហើយអាចប្រកបរបរបានដូចដើម ៕
ចែករំលែកព័តមាននេះ