ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋជាង ១ ពាន់គ្រួសារអាជ្ញាធរអប្សរាឱ្យសាងសង់ជួសជុលផ្ទះនៅក្នុងតំបន់អង្គរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រយៈពេល ៩ ខែ ក្នុងឆ្នាំ ២០២១ អាជ្ញាធរជាតិអប្សរាផ្តល់ការអនុញ្ញាតដល់ពលរដ្ឋជួសជុលកែលម្អលំនៅឋាន និងសាងសង់សំណង់ស្រាលតូចតាចដល់អ្នកស្រុកអង្គរចំនួន ១១៦២…

រាជធានីភ្នំពេញ ៖ រយៈពេល ៩ ខែ ក្នុងឆ្នាំ ២០២១ អាជ្ញាធរជាតិអប្សរាផ្តល់ការអនុញ្ញាតដល់ពលរដ្ឋជួសជុលកែលម្អលំនៅឋាន និងសាងសង់សំណង់ស្រាលតូចតាចដល់អ្នកស្រុកអង្គរចំនួន ១១៦២ គ្រួសារក្នុងចំណោមពលរដ្ឋ ១៨៧៤ គ្រួសារ ដែលបានស្នើសុំ ។ ក្នុងចំណោមអ្នកស្រុក ១១៦២ គ្រួសារ ដែលទទួលបានការអនុញ្ញាតរួមមាន ៖ ស្រុកប្រាសាទបាគងចំនួន ១៧៤ គ្រួសារ ស្រុកអង្គរធំចំនួន ២៦៣ គ្រួសារ ស្រុកពួកចំនួន ១៨០ គ្រួសារ ក្រុងសៀមរាបចំនួន ២៦៩ គ្រួសារ ស្រុកបន្ទាយស្រីចំនួន ២៤៤ គ្រួសារ និងក្រុមការងារក្រៅឧទ្យានចំនួន ៣២ គ្រួសារ ។

អាជ្ញាធរជាតិអប្សរាបានបង្កើតក្រុមការងារសហគមន៍ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ ដែលគ្របដណ្តប់លើផ្ទៃដី ៤០១ គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងក្រុង និងស្រុកចំនួន ៥ ឃុំចំនួន ២១ និងភូមិចំនួន ១១២ ដែលជាតំបន់ត្រូវអភិរក្ស ។ ពលរដ្ឋរស់នៅតំបន់អភិរក្សដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាតែងតែត្អូញត្អែរពីផលលំបាកនៅក្នុងការពង្រីកលំនៅដ្ឋាន នៅពេលផ្ទះកាន់ចាស់ទ្រុឌទ្រមឬសមាជិកគ្រួសារកើនឡើងនោះ ។

យោងតាមរបាយការណ៍រយៈពេល ៩ ខែក្នុងឆ្នាំ ២០២១ ក្រុមការងារលេខាធិការដ្ឋានសហគមន៍ទាំង ៥ និងក្រុមការងារក្រៅឧទ្យាននៃអាជ្ញាធរជាតិអប្សរាបានបន្តការងារចុះពិនិត្យចំនួន ១៨៧៤ គ្រួសារ ក្នុងនោះក្រុមការងារបានអនុញ្ញាតឱ្យមានការជួសជុលកែលម្អលំនៅឋាន និងសាងសង់សំណង់ស្រាលតូចតាចបានចំនួន ១១៦២ គ្រួសារ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ។ ប្រភេទនៃការជួសជុលកែលម្អលំនៅឋាន និងសាង់សង់សំណង់ស្រាលតូចតាចដែលទទួលបានការអនុញ្ញាតរួមមាន ៖ ជួសជុល ឬប្តូរដំបូល ជួសជុលជញ្ជាំង ប្តូរសសរ ប្តូរជណ្តើរ តសំយ៉ាប កឥដ្ឋក្រោមផ្ទះ សាងសង់បង្គន់អនាម័យ ទ្រុងមាន់ ចាក់ដី ក្រោលគោ ទ្រុងជ្រូក ។ល។ និងតម្រូវការផ្សេងៗទៀតដែលចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ ។

ការអនុញ្ញាតនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារសហគមន៍ បានចុះពិនិត្យទៅដល់ខ្នងផ្ទះជាក់ស្តែង និងឯកសារចាំបាច់ពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជាមូលដ្ឋានបច្ចេកទេសក្នុងការវាយតម្លៃថា ពួកគាត់ គឺជាប្រជាពលដ្ឋរស់នៅក្នុងតំបន់អង្គរពិតប្រាកដតាំងពីយូរយារ មានការបញ្ជាក់យ៉ាងច្បាស់លាស់ពី អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-សង្កាត់ និងមានតម្រូវការជាក់ស្តែងក្នុងការកែលម្អការរស់នៅឱ្យបានល្អប្រសើរ ។

តាមការឲ្យដឹង អាជ្ញាធរជាតិអប្សរាមិនត្រឹមតែផ្តល់ការជួសជុលដល់ផ្ទះចាស់ និងសាងសង់សំណង់ស្រាលតូចតាច ក្នុងនោះក៏បានធ្វើការដោះស្រាយបញ្ហាប្រឈមនានាការជួយសង្គ្រោះពេលប្រជាជនមានទុក្ខលំបាក រួមទាំងផ្សព្វផ្សាយការយល់ដឹងអំពីបេតិកភណ្ឌដល់ប្រជាជនគ្រប់ៗគ្នា ។ ពិសេសជាងនេះទៀតនោះ សកម្មភាពទាំងនេះគឺជាចូលរួមចំណែករបស់អាជ្ញាធរជាតិអប្សរាក្នុងការបង្ខិតសេវាសាធារណៈរបស់រដ្ឋឲ្យចូលទៅជិតបងប្អូនប្រជាពលរដ្ឋ និងកាត់បន្ថយរាល់ការចំណាយទាំងពេលវេលានិងការធ្វើដំណើរទៅមក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ