រាជធានីភ្នំពេញ ៖ ទីផ្សារកម្ពុជា ជាទីផ្សារដែលនាំចូលផលិតផលពីក្រៅប្រទេសច្រើនជាងនាំចេញ កត្តាទាំងអស់នេះហើយជាបញ្ហាដែលតម្រូវឱ្យរាជរដ្ឋាភិបាលត្រូវមានការបញ្ជាក់ និងពិនិត្យឱ្យបានច្បាស់លាស់ទៅលើផលិតផលឱ្យស្របតាមស្តង់ដាអន្តរជាតិ ។ កាលពីរសៀលថ្ងៃទី១១ កុម្ភៈ សមាគមអ្នកទីផ្សារកម្ពុជា ហៅកាត់ថា MAC បានរៀបចំវេទិកាអន្តរជាតិមួយដោយប្រមូលអ្នកទីផ្សារកម្ពុជា និងអ្នកទីផ្សារអន្តរជាតិ ដើម្បីចែករំលែកបទពិសោធន៍ក្នុងការធ្វើពាណិជ្ជកម្ម និងបណ្តុះបណ្តាលសមាជិកអំពីបទពិសោធន៍ពាណិជ្ជកម្ម ។
លោក គៀ បូរ៉ា ប្រធានសមាគមអ្នកទីផ្សារកម្ពុជា បានឱ្យដឹងថា ៖ « ប្រទេសកម្ពុជា គឺជាប្រទេសនៅខ្ចីនៅឡើយសម្រាប់ទីផ្សារ បើធៀបនឹងបណ្ដាប្រទេសអាស៊ាន ដោយសារការនាំចូលច្រើនជាងការនាំចេញ តែរាជរដ្ឋាភិបាលកម្ពុជា ក៏បានខិតខំប្រឹងប្រែងជំរុញការនាំចេញឱ្យបានច្រើនផងដែរ ដូចជាដាក់គោលដៅជំរុញការនាំអង្ករចេញទៅកាន់បរទេសឱ្យបានច្រើន ជាដើម។ កន្លងមក រដ្ឋមន្ត្រីកម្ពុជាមួយចំនួនក៏បានខិតខំផ្សព្វផ្សាយអំពីសក្ដានុពលផលិតផលរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិផងដែរ ដើម្បីនាំចេញទៅកាន់បណ្ដាប្រទេសផ្សេងៗ និងដើម្បីឱ្យវិនិយោគិនបរទេសចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ។ ក្នុងនោះដែរ រាជរដ្ឋាភិបាលក៏បានបន្ធូរបន្ថយផ្នែកច្បាប់ជាច្រើនទៀត ដែលពាក់ព័ន្ធនឹងការវិនិយោគរបស់បរទេស និងបានបង្កើតច្រកចេញចូលតែមួយសម្រាប់សម្រួលដល់វិនិយោគិនបរទេសងាយស្រួលធ្វើឯកសារពាក់ព័ន្ធនានា»។
លោកបន្តថា ៖ « អ្វីដែលប្រជាជនកម្ពុជា ត្រូវប្រឹងប្រែងដើម្បីឱ្យផលិតផលរបស់ខ្លួនបាននាំចេញទៅក្រៅស្រុកកាន់តែច្រើន ជាទូទៅ ត្រូវគិតទៅលើគុណភាព ពីព្រោះគុណភាព គឺជារឿងមួយដែលមានសារសំខាន់បំផុត យើងអាចធ្វើវាបាន តែគុណភាពយើងអន់ ក៏មិនអាចយកទៅប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងបានដែរ ។ ម្យ៉ាងទៀត ទំនិញនៅក្នុងស្រុកខ្មែរ នៅពុំទាន់បានកំណត់អំពីស្តង់ដាគុណភាពឱ្យបានខ្ពស់នៅឡើយទេ » ។
លោកបន្ថែមថា ៖ « បើមើលទៅប្រជាជនកម្ពុជា នៅមិនទាន់បានគាំទ្រទំនិញដែលផលិតនៅក្នុងស្រុកបាន១០០ភាគរយនៅឡើយទេ ដោយសារគិតថា ទំនិញក្នុងស្រុកគ្មានគុណភាពដូចទំនិញដែលនាំចូលមក ទាំងនេះហើយដែលអ្នកផលិតក្នុងស្រុកត្រូវពិនិត្យ និងធ្វើយ៉ាងណាឱ្យទំនិញក្នុងស្រុកមានគុណភាពប្រកួតប្រជែងជាមួយទំនិញនាំចូល ។ ដើម្បីឱ្យទំនិញក្នុងស្រុកយើងមានការទទួលស្គាល់ និងប្រើប្រាស់ច្រើនពីប្រជាជនកម្ពុជា ត្រូវតែមានស្ថាប័នស្ដង់ដាណាមួយសម្រាប់ពិនិត្យមើលគុណភាពទំនិញដែលផលិតក្នុងស្រុក និងចេញជាលិខិតបញ្ជាក់មួយថា ទំនិញនោះស្របតាមស្តង់ដាត្រឹមត្រូវ មានអនាម័យ និងគុណភាពល្អ » ។
លោកបញ្ជាក់ថា ៖ « ចំពោះការរៀបចំវេទិកាទីផ្សារលំដាប់អន្តរជាតិនៅពេលនេះ គឺមានសារសំខាន់ណាស់ ។ នៅរយៈពេលជាង៣០ឆ្នាំមក វេទិកាបែបនេះមិនដែលមានទេនៅប្រទេសកម្ពុជា ដែលមានអ្នកទីផ្សារចំនួន១៣ប្រទេសចូលរួម ជាពិសេស អ្នកទីផ្សារមកពីប្រទេសអាស៊ាន ដើម្បីសិក្សាពីសក្ដានុពលទីផ្សាររបស់កម្ពុជា » ៕
ចែករំលែកព័តមាននេះ