ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​កៀរគរ​ប្រាក់​សន្សំ​របស់​សាធារណជន និង​ប្រភព​ទុន​ផ្សេង​ៗ​ទៀត​ក្នុង​ទីផ្សារ​អន្តរជាតិ មក​ចាក់​បញ្ចូល​ទៅ​ក្នុង​សេដ្ឋកិច្ចជាតិ

រាជធានី​ភ្នំពេញ ៖ វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​កៀរគរ​ប្រាក់​សន្សំ​របស់​សាធារណជន និង​ប្រភព​ទុន​ផ្សេង​ៗ​ទៀត​ក្នុង​ទីផ្សារ​អន្តរជាតិ មក​ចាក់​បញ្ចូល​ទៅ​ក្នុង​សេដ្ឋកិច្ចជាតិ តាម​រយៈ​ការ​ផ្ដល់​ហិរញ្ញប្បទាន និង​ឥណទាន​ដល់​ការ​វិនិយោគ ជា​ពិសេស​ដល់​វិស័យ​ផលិតកម្ម សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ជា​ការ​ជួយ​បង្កើន​សមត្ថភាព​ផលិតកម្ម ការ​ធ្វើ​ទំនើប​កម្ម​ផលិតកម្ម និង​ការ​លើកកម្ពស់​ស្ដង់ដា​ផលិតផល​កម្ពុជា ដែល​ជា​ការ​រួមចំណែក​បង្កើន​ប្រសិទ្ធភាព​សេដ្ឋកិច្ចជាតិ ។

មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​សន្និសីទ ស្ដី​ពី ការ​អភិវឌ្ឍ​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា លោក​ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ៖ « ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​មានការ​អភិវឌ្ឍ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ទាំង​ផ្នែក​វិសាលភាព ទំហំ​ប្រតិបត្តិការ ផលិតផល និង​បណ្ដាញ​សេវា​ប្រជាជន​យល់​ដឹង​ពីសារ​សំខាន់​នៃ​វប្បធម៌​ឥណទាន និង​បាន​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ហើយ​វិស័យ​នេះ​ក៏​ត្រូវ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន ។ មិនតែប៉ុណ្ណោះ វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ក៏​ត្រូវ​បាន​ទទួលស្គាល់​ថា ជា​វិស័យ​មីក្រូហិរញ្ញវត្ថុ​មួយ​ដ៏​រីក​ចម្រើន​ក្នុង​ពិភពលោក និង​ជា​គំរូ​ដ៏​ល្អ​សម្រាប់​បណ្ដា​ប្រទេស​ដទៃ​ទៀត​ផង​ដែរ ។ សមិទ្ធផល​ទាំងនេះ កើតឡើង​ដោយ​ការ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា និង​កិច្ចសហការ​រវាង​ធនាគារជាតិ​នៃ​កម្ពុជា ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ ជា​ពិសេស រាជរដ្ឋាភិបាល​ដែល​តែងតែ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ទាំងមូល » ។

យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា គិត​មក​ដល់​បច្ចុប្បន្ន​នេះ គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា មាន​ធនាគារពាណិជ្ជ​៣៦, ធនាគារ​ឯកទេស​១១, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​៨, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​៥០, ប្រតិបត្តិ​ករ​មីក្រូហិរញ្ញវត្ថុ​១០៤, គ្រឹះស្ថាន​ចំណុះ​ច្បាប់​ផ្សេង​ៗ ក្នុង​នោះ​មាន​ការិយាល័យ​តំណាង​ធនាគារ​បរទេស​៨, ក្រុមហ៊ុន​ភតិសន្យា​៩, អ្នកដំណើរ​កា​រត​តិ​យ​ភាគី​៥, ក្រុមហ៊ុន​ក្រេ​ឌី​ត​ប្យ៊ូ​រ៉ូ​១ និង​អាជីវករ​ប្តូរ​ប្រាក់​២០១០ ។

ការ​រីក​ចម្រើន​នៃ​វិស័យ​នេះ ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​កំណើន​អត្រា​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ដែល​ត្រូវ​បាន​ទទួលស្គាល់​ថា ជា​កម្លាំង​ច​លករ​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​។ ជាក់ស្ដែង ប្រជាជន​ពេញវ័យ​ដែល​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ក្នុង​ប្រព័ន្ធ កើន​ពី​ប្រមាណ​៨,៧%​នៅ​ឆ្នាំ​២០០៦ ដល់​ប្រមាណ​៥១%​ក្នុង​ឆ្នាំ​២០១៥ ។ ឥណទាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​មាន​ចំនួន​ប្រមាណ​១២​ទ្រី​លាន​រៀល (​សម​មូល​នឹង​៣​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​) កើនឡើង​លើស​ពី​៣០​ដង ធៀប​នឹង​ឆ្នាំ​២០០៦ និង​ប្រាក់​បញ្ញើ​សរុប​មាន​ចំនួន​ប្រមាណ​៥​ទ្រី​លាន​រៀល (​សម​មូល​នឹង​១,៣​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​) ។ នេះ​បើ​តាម​លោក​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ។

ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​រីក​ចម្រើន​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​លើក​ឡើង​ថា ៖ « មាន​អង្គការ សមាគម និង​អ្នក​ឲ្យ​ខ្ចី​ចងការ​ក្រៅផ្លូវការ​មួយ​ចំនួន​បាន​ឆ្លៀតឱកាស​បង្ក​បញ្ហា​ដល់​សង្គម ដូច​ជា ការ​ផ្ដល់​កម្ចី​ដោយ​យកការប្រាក់​ខ្ពស់ ធ្វើ​ឲ្យ​កូនបំណុល​របស់​ខ្លួន​ធ្លាក់​ក្នុង​គ្រោះអាសន្ន រើ​ពី​បំណុល​មិន​រួច ហិនហោច​ទ្រព្យសម្បត្តិ និង​ធ្លាក់​ក្នុង​ភាព​ក្រីក្រ ។ ក្រៅពី​នេះ ក៏​មាន​អង្គការ និង​សមាគម​មួយ​ចំនួន​ទៀត ប្រើប្រាស់​ឈ្មោះ​នាម​ករ​ណ៍​ដូច​ជា «​ទីភ្នាក់ងារ​» ឬ «​អង្គការ​មនុស្សធម៌​» នានា ដែល​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យល់​ច្រឡំ​ថា​ជា​របស់​រដ្ឋ ជា​គ្រឹះស្ថាន​ផ្ដល់​អំណោយ​មនុស្សធម៌ ឬ​មិន​ស្វែងរក​ប្រាក់​ចំណេញ » ។

ថ្លែង​នៅ​ក្នុង​កម្មវិធី​នា​ឱកាស​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​កោតសរសើរ​ដល់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​រយៈពេល​កន្លង​មកនេះ ដែល​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន ។ កន្លង​មក រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​មួយ​ចំនួន​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​នេះ ។ ភាព​រីក​ចម្រើន​នៃ​មីក្រូហិរញ្ញវត្ថុ​នេះ គឺ​ដោយសារ​តែ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព ទើប​អាច​មានឱកាស​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​នេះ​បាន ។

ទន្ទឹម​នឹង​នោះ សម្តេច​តេ​ជោ​ក៏​បាន​សង្កត់ធ្ងន់​ថា ៖ « កន្លង​ទៅ មាន​អង្គការ ឬ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​បាន​ឲ្យ​លុយ​ប្រជាពលរដ្ឋ​ខ្ចី ដោយ​មិន​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់ តែ​ដល់​ពេល​ប្រជាពលរដ្ឋ​មិន​មាន​លុយ​សង​នោះ គឺ​បាន​រឹបអូស​យក​ទ្រព្យសម្បតិ្ត ដីធ្លី ឬ​ផ្ទះ​ជាដើម ហាក់ដូចជា​មាន​គម្រោង​ផែនការ​កេង​ចំណេញ​ពី​ប្រជាពលរដ្ឋ» ។

ក្នុង​នោះ​សម្តេច​តេ​ជោ ក៏​បាន​អំពាវនាវ​ដល់​ភ្នាក់ងារ អង្គការ និង​ស្ថាប័ន​ទាំងនេះ បញ្ឈប់​សកម្មភាព​ខាងលើ ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​ត្រូវ​ពាក់ព័ន្ធ ឬ​ការពារ​ភ្នាក់ងារ​អង្គការ​ទាំងអស់​នោះ​ឡើយ ។ ចំណែក​ក្រសួង​ពាក់ព័ន្ធ និង​មន្ត្រី​មាន​សមត្ថកិច្ច ត្រូវ​ពិនិត្យ​តាមដាន​ក្រុមហ៊ុន និង​ភ្នាក់ងារ​ទាំងអស់​នោះ ។

ក្នុង​សន្និសីទ​នា​ឱកាស​នោះ ក៏​បាន​ពិភាក្សា​លើ​ប្រធានបទ​សំខាន់​ៗ​ចំនួន​៥ រួម​មាន ៖
១-​លទ្ធភាព​ក្នុង​ការ​ប្រើប្រាស់ និង​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ ។
២-​ការ​ឲ្យ​ខ្ចី​ក្នុង និង​ក្រៅ​ប្រព័ន្ធ ។
៣-​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​កិច្ច​ការពារ​អតិថិជន ។
៤-​សេវា​ធនាគារ​ចល័ត ៖ ឱកាស និង​ការ​ប្រឈម ។
៥-​តួនាទី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុង​សកម្មភាព​សង្គម និង​បរិស្ថាន ។

តាម​រយៈ​សន្និសីទ​ជាតិ​នេះ នឹង​ជួយ​ពង្រឹង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ឲ្យ​កាន់តែ​រឹង​មាំ ជាមួយនឹង​ការ​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​កសាង​ប្រទេស​ជាតិ​ឲ្យ​កាន់តែ​រីក​ចម្រើន​លឿន​ថែម​ទៀត ៕