ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនពិការរកទទួលទានចាប់សរសៃបន់ឱ្យកូវីដចប់ឆាប់ៗ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជាមួយក្តីសង្ឃឹមថា អ្វីៗនឹងល្អប្រសើរក្នុងពេលឆាប់ៗនេះ ជនពិការដែលកំពុងប្រកបមុខរបរចាប់សរសៃ បានបង្ហាញពីផលលំបាកខាងជីវភាពដោយសារតែការរាតត្បាតដោយវីរូសកូវីដ ១៩ ប៉ះពាល់ជីវភាពពួកគាត់ដែលលំបាកស្រាប់ទៅហើយយ៉ាងធ្ងន់ធ្ងរ ។  លោក…

រាជធានីភ្នំពេញ ៖ ជាមួយក្តីសង្ឃឹមថា អ្វីៗនឹងល្អប្រសើរក្នុងពេលឆាប់ៗនេះ ជនពិការដែលកំពុងប្រកបមុខរបរចាប់សរសៃ បានបង្ហាញពីផលលំបាកខាងជីវភាពដោយសារតែការរាតត្បាតដោយវីរូសកូវីដ ១៩ ប៉ះពាល់ជីវភាពពួកគាត់ដែលលំបាកស្រាប់ទៅហើយយ៉ាងធ្ងន់ធ្ងរ ។ 

លោក សឿន ប្រាក់ អ្នកចាប់សរសៃម្នាក់ដែលមានជំនាញច្បាស់លាស់ បានរៀបរាប់ឲ្យដឹងថា លោក និងភរិយាជាជនពិការដូចគ្នា រស់ពឹងទាំងស្រុង លើអាជីពចាប់សរសៃនេះ តែជាច្រើនខែមកហើយ ការរកចំណូលសឹងតែគ្មានដោយសារមេរោគកូវីដ ១៩ ធ្វើឲ្យពួកគាត់មានបញ្ហាប្រឈមយ៉ាងខ្លាំង លើជីវភាពប្រចាំថ្ងៃ ។ 

Picture

លោក សឿន ប្រាក់ ដែលដើរទៅមុខដោយយកដៃស្ទាប់ជញ្ចាំង និងមានឈើច្រត់ជាប់នឹងដៃនោះ បានបញ្ជាក់ថា កំលុងពេលជំងឺកូវីដ ១៩ វាយលុក ភ្ញៀវរបស់លោកជាច្រើនបានបាត់ មានតិចតួចណាស់ដែលនៅតែមកចាប់សរសៃនៅមជ្ឈមណ្ឌលរបស់លោក ។ «ចំណូលមានការធ្លាក់ចុះពី ៧៥ ទៅ ៨០% ឯណោះ» លោក ប្រាក់ បញ្ជាក់ ។

លោក ប្រាក់ ជាអ្នកចាប់សរសៃ នៅមជ្ឈមណ្ឌលចាប់សរសៃដៃទេព ។ នៅទីនោះមានជនពិការ ១៧ នាក់ រង់ចាំភ្ញៀវទៅចាប់សរសៃ។ លោក សឿន ប្រាក់ បានបន្ថែមថា មុនពេលផ្ទុះជំងឺកូវីដ កន្លែងរបស់លោកអាចរកចំណូលពី ៥០០ ទៅ ៧០០ ដុល្លារក្នុងមួយខែៗ តែបច្ចុប្បន្ននេះរកបានយ៉ាងច្រើន ១៥០ ទៅ ២០០ ដុល្លារប៉ុណ្ណោះ ឬពេលខ្លះតិចជាងនេះទៅទៀតក្នុងមួយខែៗ ។

«ខ្ញុំបានលើកទឹកចិត្តដល់ក្រុមរួមអាជីពបន្តការអត់ធ្មត់ និងតស៊ូជំនះការលំបាកចំពោះមុខព្រោះវាជាការលំបាកបណ្តោះអាសន្នប៉ុណ្ណោះ ។ មិនមែនមានតែពួកយើងទេជូបប្រទះឧបសគ្គនេះ មុខរបរណាក៏រងគ្រោះដោយកូវីដ ១៩ ដូចគ្នា» លោក ប្រាក់ ថានេះជាពាក្យលើកទឹកចិត្តរបស់លោកដែលនិយាយ មកកាន់ខ្លួនផង និងសហការីរបស់ខ្លួនជារៀងរាល់ពេល ។

Picture

ភាគច្រើននៃជនពិការដែលកំពង់ប្រកបអាជីពចាប់សរសៃក្នុងមជ្ឈមណ្ឌលចាប់សរសៃដៃទេព ភាគច្រើនមានប្តីប្រពន្ធជាជនពិការដូចគ្នា ។ ពួកគាត់ប្រកបរបរនេះជាមួយគ្នា ស្នាក់នៅកន្លែងរួមគ្នា និងគ្មានចំណូលអ្វីក្រៅពីការចាប់សរសៃនោះទេ ។ មជ្ឈមណ្ឌលចាប់សរសៃដៃទេព មានទីតាំងនៅផ្ទះលេខ ២៦ អារ ផ្លូវលេខ ៣៣៨ នៅជិតសាលាទួលស្វាយព្រៃ រាជធានីភ្នំពេញ ។ ជនពិការនៅទីនោះសង្ឃឹមថា ស្ថានភាពកូវីដ ១៩ នឹងធូរស្រាលនៅពេលឆាប់ៗនេះដែលអាចឲ្យមុខរបរពួកគាត់ដំណើរបានដើម្បីចិញ្ចឹមជីវិតក្នុងពិការភាពនេះ បន្តទៀត ៕