ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការងារប្រកាសបើកដំណើរការគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឡើងវិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានការ​ឯកភាព​ពី​រាជរដ្ឋាភិបាល ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រកាស​បើក​ដំណើរការ​ឡើង​វិញ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (​អ​.​ប​.​វ​.) ក្រោម​ឱវាទ​ក្រសួង នា​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានការ​ឯកភាព​ពី​រាជរដ្ឋាភិបាល ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រកាស​បើក​ដំណើរការ​ឡើង​វិញ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (​អ​.​ប​.​វ​.) ក្រោម​ឱវាទ​ក្រសួង នា​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២១ ។

រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​លើក​ឡើង​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទទួល​បានការ​ឯកភាព​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​បើក​ដំណើរការ​ឡើង​វិញ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (​អ​.​ប​.​វ​.)​។

ឯកឧត្តម​ថា ការ​បើក​ដំណើរការ​ឡើង​វិញ​គ្រឹះស្ថាន អ​.​ប​.​វ​. គឺ​មាន​ភាព​ចាំបាច់​ណាស់ ដើម្បី​ធានា​បាន​នូវ​ការ​បណ្តុះបណ្តាល​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​នៃ​កម្លាំង​ពលកម្ម​ជំនាញ ឱ្យ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ ។

ជាង​នេះ​ទៅ​ទៀត ការ​អប់រ​រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ គឺជា​ឧបករណ៍​ដ៏​សំខាន់​មួយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ស្តារ​សេដ្ឋកិច្ចជាតិ​ឡើង​វិញ បន្ទាប់​ពី​ទទួល​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ​-១៩ ។ ការ​ប្រកាស​បើក​ដំណើរការ​ឡើង​វិញ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ក្រោម​ឱវាទ​ក្រសួង ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ​(Zoom) ដោយ​មាន​អ្នក​ពាក់ព័ន្ធ​ចូលរួម​ប្រមាណ​ជិត​២០០​នាក់ ក្នុង​នោះ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម​បណ្ឌិត អ៊ិ​ត សំ​ហេង ដែល​បាន​បញ្ជាក់​ថា មុន​នឹង​ឈាន​ដល់​ការ​ទទួល​ការ​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​សិក្សា​ឡើង​វិញ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ក្រោម​ឱវាទ​ក្រសួង​ពី​ប្រមុខ​រាជរដ្ឋាភិបាល គឺ​អនុ​គណៈកម្មការ​វាយតម្លៃ ផែនការ និង​យុទ្ធសាស្ត្រ នៃ​គណកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ បាន​ពិនិត្យ​និង​វាយតម្លៃ​លើ​ការ​រៀបចំ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) រួច​ដាក់​ឆ្លង​ការ​ប្រជុំ​សម្រេច​ពី​គណៈ​ប្រចាំការ នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ (​គ​.​ប​.​ក​) កាលពី​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២១ កន្លង​ទៅ ដោយ​ផ្អែក​លើ​ហេតុផល​ពីរ ៖ ទី​១-​ក្រសួង​បាន​រៀបចំ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ធានា​បាន​នូវ​ការ​បង្ការ ទប់ស្កាត់ ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ជា​ពិសេស​មាន​យន្តការ​ច្បាស់លាស់​ក្នុង​ការ​ពិនិត្យ​វាយតម្លៃ​ហានិភ័យ លក្ខណៈ​វិនិច្ឆ័យ​ក្នុង​ការ​បិទ និង​បើក និង​មាន​ប្រព័ន្ធ​រាយការណ៍​ច្បាស់លាស់ ។

ទី​២-​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដូច​គ្នា​នឹង​ឧត្តម​សិក្សា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​ដែរ ម្យ៉ាងទៀត បុគ្គលិក សាស្ត្រាចារ្យ គ្រូ​បច្ចេកទេស ព្រមទាំង​សិក្ខាកាម សិស្ស និស្សិត (​មាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើង​ទៅ​) បាន​ទទួល​វ៉ាក់សាំង​ស្ទើរតែ ១០០​ភាគរយ និង​កំពុង​បន្ត​ទទួល​ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣​។

ឯកឧត្តម​រដ្ឋមន្ត្រី លើក​ឡើង​បន្ត​ថា ដើម្បី​ជួយ​សង្គ្រោះ​អាយុជីវិត​ប្រជាជន ការពារ​នូវ​សុខភាព និង​សេចក្តីសុខ​របស់​ប្រជាជន​រួច​ផុត​ពី​ជំងឺ​រាតត្បាត​ជាស​កល​កូ​វី​ដ​-១៩ ហើយ​យើង​អាច​រៀបចំ​ដំណើរការ​សកម្មភាព​សេដ្ឋកិច្ច​របស់​យើង​ជា​បណ្តើរ​ៗ​ឡើង​វិញ ធានា​បាន​នូវ​ការ​រស់នៅ​មួយ​ដែល​យើង​អាច​រៀន​រស់នៅ​ជាមួយ​ជំងឺ​កូ​វី​ដ​-១៩ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​ច្រើន ហើយ​បាន​ខិតខំ​ស្វះស្វែង​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​ទទួល​បាន​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ចាក់​ជូន​ប្រជាជន​កម្ពុជា ដែល​បាន​ធ្វើ​ឱ្យ​មាន​ភាពស៊ាំ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​កូ​វី​ដ​-១៩​នៅ​ក្នុង​សហគមន៍​។

គួរ​ជម្រាប​ជូន​ផង​ដែរ​ថា បច្ចុប្បន្ន ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​គ្រឹះស្ថាន អ​.​ប​.​វ​. ចំនួន ១៩៩ ក្នុង​នោះ​គ្រឹះស្ថាន អ​.​ប​.​វ​. សាធារណៈ ចំនួន​៣៨ និង​ឯកជន អង្គការ​/​សមាគម ចំនួន​១៦១ ដែល​មាន​សិក្ខាកាម សិស្ស និស្សិត ប្រមាណ​ជាង ៦០.០០០​នាក់ បាន​បញ្ចប់​ការ​សិក្សា​និង​ចូល​ទៅ​ក្នុង​ទីផ្សារ​ការងារ​ជា​រៀង​រាល់​ឆ្នាំ​។

ក្នុង​បរិបទ​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អនុ​ញ្ញ​ត​ឱ្យ​គ្រឹះស្ថាន​អ​.​ប​.​វ​. ផ្តល់​ការ​បណ្តុះបណ្តាល​នៅ​គ្រប់​កម្រិតសិក្សា​ទាំង​រយៈពេល​ខ្លី មធ្យម និង​វែង ពី​ចម្ងាយ ឬ​តាម​អន​ឡាញ និង​បាន​បំពាក់​ឧបករណ៍ សម្ភារ បរិក្ខារ​មូលដ្ឋាន​បច្ចេកវិទ្យា ព្រមទាំង​ការ​ពង្រឹងសមត្ថភាព​គ្រូ​បច្ចេកទេស ការ​កែ​លម្អ និង​អភិវឌ្ឍន៍​កញ្ចប់​ស្តង់ដា​បណ្តុះបណ្តាល ដើម្បី​គាំទ្រ​ដល់​កម្មវិធី​បណ្តុះបណ្តាល​នៅ​ពេល​បើក​ដំណើរការ​ឡើង​វិញ​។

ប៉ុន្តែ​គុណភាព​នៃ​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ពី​ចម្ងាយ ឬ​អន​ឡាញ នៅ​មាន​កម្រិត ដោយសារ​តែ​សិក្ខាកាម សិស្ស និស្សិត ពុំ​បាន​អនុវត្ត​ការងារ​ជាក់ស្តែង​នៅ​តាម​រោង​ជាង បន្ទប់ពិសោធន៍ ដែល​ជា​តម្រូវការ​ចាំបាច់​បំផុត​ក្នុង​ប្រព័ន្ធ TVET៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ