អ្នកបើកបររួមគំនិតវះទូកុងតឺន័រលួចទំនិញនាំចេញ
ខេត្តព្រះសីហនុ ៖ អ្នកបើកបររថយន្តកុងតឺន័រដឹកទំនិញនាំចេញ១គ្រឿង ពីភ្នំពេញទៅកំពង់ផែខេត្តព្រះសីហនុ ម្សិលមិញនេះបានឃុបឃិតគ្នាលួចយកសម្លៀកបំពាក់…
ខេត្តព្រះសីហនុ ៖ អ្នកបើកបររថយន្តកុងតឺន័រដឹកទំនិញនាំចេញ១គ្រឿង ពីភ្នំពេញទៅកំពង់ផែខេត្តព្រះសីហនុ ម្សិលមិញនេះបានឃុបឃិតគ្នាលួចយកសម្លៀកបំពាក់…
ខេត្តព្រះសីហនុ ៖ អ្នកបើកបររថយន្តកុងតឺន័រដឹកទំនិញនាំចេញ១គ្រឿង ពីភ្នំពេញទៅកំពង់ផែខេត្តព្រះសីហនុ ម្សិលមិញនេះបានឃុបឃិតគ្នាលួចយកសម្លៀកបំពាក់អស់៥០ភាគរយ តាមដងផ្លូវត្រូវបានចាប់ខ្លួន ។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានឱ្យដឹងថា ជនសង្ស័យលួចសម្ភារក្នុងកុងតឺនរ័របស់ក្រុមហ៊ុនអ៊ុយនីញ៉ុង ចំនួន២នាក់ ក្នុងនោះមានម្នាក់ជាអ្នកបើកបររថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផ្ទាល់ និងម្នាក់ទៀតជាអ្នករួមដំណើរដែលសមត្ថកិច្ចដាក់ការសង្ស័យថា ជាអ្នកផ្សំគំនិតក្នុងអំពើលួចសម្ភារក្នុងកុងតឺនរ័នេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៤០២ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកកំពង់សិលាចាប់ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១២ មីនា នៅក្នុងព្រៃតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៤និង១៤៥ ក្នុងភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សិលា ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទីបានឱ្យដឹងថា នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១២ មីនា មានករណីលួចមានស្ថានទម្ងន់ទោសមួយកើតឡើងនៅចំណុចផ្លូវចូលក្រុងច្បារមនខេត្តកំពង់ស្ពឺ ។ តាមប្រភពព័ត៌មានពីផែនការលួចទំនិញក្នុងកុងតឺន័រត្រូវបានឱ្យដឹងថា ឈ្មោះនី ភេទប្រុស អាយុប្រហែល៣០ឆ្នាំ និងបក្សពួកបានធ្វើសកម្មភាពឡើងជិះរថយន្តកុងតឺន័រម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3B-4161 ដែលមានសណ្តោងរ៉ឺម៉កអត់ស្លាកលេខដឹកទូរកុងតឺន័រ ពណ៌ឈាមជ្រូក ដែលមានលេខទូTEMU6162274(5) ទំហំ៤០ហ្វីត ផ្ទុកសំលៀកបំពាក់សម្រាប់នាំចេញរបស់ក្រុមអ៊ុយនីញ៉ុង ។ ក្រុមជនទាំងនោះបានឡើងជិះរថយន្តកុងតឺន័រពីកំបូល ខណៈរថយន្តមានដំណើរឆ្ពោះទៅខេត្តព្រះសីហនុ ។ ការឡើងជិះរថយន្តកុងតឺន័រនោះ ឈ្មោះ នី ឡើងជិះតែម្នាក់ឯង ឯបក្សពួកពីរនាក់ទៀតមិនស្គាល់ឈ្មោះ ជិះរថយន្តកាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1993 តាមពីក្រោយ ដែលសុទ្ធតែបក្សពួក និងមានគម្រោងទុកជាមុន ។
លុះជិះមកដល់ផ្លូវចូលក្រុងច្បារមនឈ្មោះ នី បានឱ្យឈ្មោះ ជួន បន ហៅ បេ ភេទប្រុស អាយុ២៨ឆ្នាំ ដែលជាបើកបររថយន្តអោយក្រុមហ៊ុនអ៊ុយនីញ៉ុង ឈប់រថយន្តកុងតឺន័រ រួចឱ្យចុះពីលើរថយន្តឱ្យទៅជិះរថយន្តកាមរីឆ្លាម ដោយមានអ្នកការពារមិនឱ្យចុះទៅណាទេ។ រួចឈ្មោះ នី បានឡើងបើករថយន្តកុងតឺន័រឆ្ពោះទៅផ្លូវឱរ៉ាល់ដើម្បីធ្វើសកម្មភាពគាស់លួចយកសម្ភារក្នុងទូកុងតឺន័រ ។
ក្រោយពីគាស់លួចយករួចរាល់ ម៉ោងប្រហែល១១និង៣០នាទី ឈ្មោះ នី បានបើករថយន្តកុងតឺន័រមកប្រគល់ឱ្យឈ្មោះ ជួន បន វិញនៅចំណុចផ្លូវចូលក្រុងច្បារមន ព្រមទាំងប្រគល់ប្រាក់ចំនួន៤.០០០ដុល្លារ ដោយប្រាប់ថា អីវ៉ាន់មិនសូវសំខាន់ ។ ក្រោយពីទទួលរថយន្តនិងប្រាក់រួចឈ្មោះ ជួន បន ក៏បើករថយន្តបន្តឆ្ពោះមកខេត្តព្រះសីហនុ ។ លុះដល់ចន្លោះគីឡូម៉ែត្រលេខ៥៥និង៥៦ ស្ថិតក្នុងភូមិឡរ.ឃុំកាហែង.ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ(បឹងឈូក) ក៏ឈប់រថយន្តដើម្បីឱ្យគ្នីគ្នាម្នាក់ឈ្មោះ ធូ រិទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ ឡើងបើករថយន្តបន្តឆ្ពោះមកខេត្តព្រះសីហនុ ។ លុះដល់ម៉ោង១៣និង៣៦នាទីថ្ងៃទី១២ មីនា លោក សឹន សុធា មេការរថយន្តក្រុមហ៊ុន អ៊ុយនីញ៉ុង ដែលរង់ចាំមិនឃើញរថយន្តចូលដល់កំពង់ផែអន្តរជាតិខេត្តព្រះសីហនុតាមម៉ោងកំណត់ ក៏ទូរស័ព្ទមកប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីតាមដាន ។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៤០២ចំនួន៦នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ឹម សុខរឹទ្ធ បានចេញល្បាតលើដងផ្លូវជាតិលេខ៤ ក៏ជួបរថយន្តនៅចន្លោះគីឡូម៉ែត្រលេខ១៤៤ និង១៤៥ ស្ថិតក្នុងភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សិលាក៏បញ្ជាឱ្យអែបខាងឈប់រថយន្ត ឈ្មោះធូ រិទ្ធី ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ។ ចំណែកឈ្មោះ ជួន បន ដែលជាបក្សពួកចោរបានបើកទ្វារថយន្តខាងស្តាំលោតចុះ រួចរត់ចូលទៅក្នុងព្រៃប្រហែល២០០ម៉ែត្រក៏ត្រូវសមត្ថកិច្ចដេញចាប់បាន ។
លោកបានរៀបរាប់បន្តថា នៅរសៀលថ្ងៃទី១៣ មីនា ក្រោយពីមានការពិភាក្សារវាងគណៈកម្មការចម្រុះដឹកនាំដោយលោកព្រះរាជអាជ្ញារង រថយន្តកុងតឺន័រត្រូវបានបញ្ជូនចូលកំពង់ផែ ធ្វើការស្កែនដើម្បីត្រួតពិនិត្យ និងបន្តកាត់សៀលធ្វើការពិនិត្យជាក់ស្តែងនៅថ្ងៃទី១៤ មីនា ។
វត្ថុតាងដែលដកហូតពីជនសង្ស័យ ជួន បន មានថ្នាំញៀនចំនួន២កញ្ចប់ និងឧបករណ៍សម្រាប់ជក់ ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងការិយាល័យបទល្មើសព្រហ្មទណ្ឌកសាងសំណុំរឿងតាមនីតិវិធី និងបង្កើតក្រុមការងារដើម្បីត្រួតពិនិត្យទូកុងតឺន័រ ដោយមានការចូលរួមពីលោក រស់ សារាំ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ។
ក្រោយពីបានបង្កើតគណៈកម្មការពិនិត្យ ដោយបើកទូកុងតឺន័រមើលទើបដឹងថា ទំនិញសម្លៀកបំពាក់ក្នុងទូបាត់អស់៥០ភាគរយ ។
សមត្ថកិច្ចកំពុងតាមដានស្រាវជ្រាវស្វែងរកហើយ មិនទាន់ដឹងថា ចោរដឹកយកទៅលក់នៅទីណានៅឡើយទេ ដែលសង្ឃឹមថាប្រាកដជារកឃើញមិនខាន ព្រោះលួចបែបនេះកើតមានច្រើនដងហើយ ៕
ចែករំលែកព័តមាននេះ