ខេត្តពោធិ៍សាត់ ៖ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើក្រវាញបានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ មីនា នេះថា នៅរសៀលម៉ោងប្រហែលជិត៤រសៀល ថ្ងែទី១៣ មីនា មានភ្លើងឆេះព្រៃមួយ បានកើតឡើងនៅជិតស្នាក់ការផ្នែករដ្ឋបាលព្រៃឈើក្រវាញ ។ នេះបើតាមការអះអាងរបស់នាយរងផ្នែករដ្ឋបាលព្រៃឈើក្រវាញ ។
ភ្លើងព្រៃបានឆេះរាលដាលដល់ស្នាក់ការរបស់លោក ហើយថែមទាំងមានខ្យល់ទៀតផង ធ្វើឱ្យអំណាចភ្លើងឆេះព្រៃនោះ ក៏បន្តឆេះរាលដាលមកដល់ស្នាក់ការផ្នែករដ្ឋបាលព្រៃឈើក្រវាញតែម្តង បណ្តាលឱ្យមានការខូចខាតវត្ថុតាងរថយន្តល្មើសដឹកឈើដែលបានចាប់រក្សាទុកនៅទីនោះអស់ចំនួន២៧ គ្រឿង និងខូចខាតស្នាក់ការរោងអស់មួយផ្នែកផងដែរ ។
ពេលមានភ្លើងឆេះព្រៃ បានបន្តឆេះរាលដាលដល់ស្នាក់ការផ្នែករដ្ឋបាលព្រៃឈើក្រវាញ កាលពីរសៀលថ្ងៃ១៣ មីនា នោះ ក៏មានរថ
យន្តពន្លត់អគ្គិភ័យរបស់អង្គភាពស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់ ទៅជួយអន្តរាគមន៍ចំនួន២គ្រឿងផងដែរ ។ ប៉ុន្តែដោយសារផ្លូវឆ្ងាយ ដូច្នេះសភាពការណ៍មិនអាចជួយឱ្យបាន១០០% នោះឡើយ ។ លោកបញ្ជាក់ទៀតថា រហូតមកទល់ពេលនេះ ការពន្លត់ភ្លើងឆេះព្រៃមិនឱ្យមានការរាលដាលបានទទួលជោគជ័យហើយ។ មន្ត្រីព្រៃឈើមិនបានឱ្យដឹងទេ ថាតើភ្លើងឆេះព្រៃបណ្តាលមកពីអ្វីឡើយ ។
មតិនានាបានថ្លែងថា ភ្លើងឆេះព្រៃដែលស្ថិតក្នុងការសង្ស័យនេះ បានបង្កើតនូវមហន្តរាយធំមួយ គួរឱ្យសោកស្តាយណាស់ ។ មិនធម្មតាទេ រថយន្តបទល្មើសដឹកឈើដែលភាគច្រើនជារថយន្តទំនើបៗ ត្រូវចាប់យកមកទុកចោល ។ កន្លងមកគ្មានការសម្រេចថា តើត្រូវយកវាទៅធ្វើអ្វីខ្លះដើម្បីបានចំណូលជាតិ ដូចជាលក់ឡាយឡុងជាដើម អត់មានអំណាចណាមួយចាត់ការសោះ ។ ទីបំផុតដូចទុកដុតចោល។ តើភ្លើងឆេះព្រៃមែនឬក៏ព្រៃឆេះដោយចេតនារបស់បុគ្គល ? គ្មានព័ត៌មានទេ តែគេថា ឆេះព្រៃគឺឆេះហើយ កុំសង្ស័យថាគេដុតចោលដើម្បីអ្វីមួយ នាំតែខុស ៕
ចែករំលែកព័តមាននេះ