ខេត្តបន្ទាយមានជ័យ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា នៅវេលាម៉ោងជាង៤រសៀលថ្ងៃទី១៤ មីនានេះ នគរបាលក្រុងប៉ោយប៉ែតបានចុះបង្រ្កាបទីតំាងលេងល្បែងស៊ីសងបៀ អាប៉ោងដុះស្លែមួយកន្លែងជ្រកក្រោមភោជនីយដ្ឋានយីហោ “តំាង ប៊ុនហេង” ស្ថិតនៅខាងកើតផ្លូវជាតិលេខ៥ ក្នុងភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ។
សេចក្តីរាយការណ៍បានបន្តថា ក្នុងការចុះបង្រ្កាបដែលធ្វើឡើងតាមបទបញ្ជារបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យនាពេលនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រមាណ១០នាក់ (ស្រី២នាក់ក្នុងនោះម្នាក់ជាម្ចាស់ភោជនីយដ្ឋានខាងលើ ) និងរឹបអូសវត្ថុតាងមានបៀ អាប៉ោង ម៉ូតូ៥គ្រឿង និងរថយន្តស៊េរីទំនើបៗ៤គ្រឿង ។
ប្រភពបានបញ្ជាក់បន្ថែមទៀតថា អ្នកញៀនល្បែងស៊ីសងហើយចូលលេងនៅក្នុងភោជនីយដ្ឋានយីហោ ”តំាង ប៊ុនហេង”នេះ ភាគច្រើនជាមន្រ្តីរាជការមានតួនាទីនិងកងកម្លំាងសមត្ថកិច្ច ហើយថាទីតំាងបើកល្បែងនេះ បានបើកលេងបៀយូរឆ្នាំមកហើយ តែអាប៉ោងទើបនឹងផ្តើមលេងប្រមាណ២-៣សប្តាហ៍កន្លងមកនេះ ។
សេចក្តីរាយការណ៍បន្តថា អ្នកញៀនល្បែងស៊ីសងប្រមាណ១០នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ មួយចំនួនធំបានត្រូវសមត្ថកិច្ចបើកផ្លូវឲ្យរត់តាមទ្វារក្រោយជាថ្នូរនឹងការទទួលលាភសក្ការៈពីក្រុមអ្នកលេងនោះផងដែរ ។
ជាការកត់សម្គាល់ ល្បែងស៊ីសងនៅក្រុងប៉ោយប៉ែត បានត្រូវគេបើកលេងរីកដូចផ្សិតនិងយ៉ាងអនាធិបតេយ្យ ជាពិសេសល្បែងភ្នាល់បាល់តាមអនឡាញនិងកន្ទុយលេខ ប៉ុន្តែការបង្រ្កាបហាក់មានភាពយឺតយ៉ាវ ហើយការបង្រ្កាបនៅទីតំាងមួយចំនួនធ្វើមិនដល់មួយសប្តាហ៍ផង ត្រូវគេបើកលេងឡើងវិញដូចវែកចកយ៉ាងដូច្នោះដែរ ដោយសារតែមានការបើកភ្លើងខៀវពីសមត្ថកិច្ចជំនាញពាក់ព័ន្ឋ ។ ជុំវិញការលើកឡើងខាងលើ មិនទាន់ប្រតិកម្មតបភ្លាមៗនៅឡើយទេពីសមត្ថកិច្ចពាក់ព័ន្ឋនៅក្រុងប៉ោយប៉ែត ៕
ចែករំលែកព័តមាននេះ