មនុស្ស៨នាក់បានត្រូវស្លាប់ ហើយ៧នាក់ទៀតរងរបួសកាលពីយប់ថ្ងៃទី១៣ មីនា នៅភាគកណ្តាលក្រុងបាងកក ក្រោយពីការផ្ទុះដោយចៃដន្យនូវប្រព័ន្ធប្រឆាំងអគ្គិភ័យនៃទីស្នាក់ការធនាគារមួយ ។
គ្រោះថ្នាក់នេះកើតមាននៅជាន់ក្រោមដីនៃធនាគារ SIAM (SCB) ជាធនាគារធំបំផុតមួយរបស់ប្រទេសពេលកម្មករមួយក្រុមកំពុងបំពេញការងាររបស់ពួកគេ ។ ក្នុងចំណោមមនុស្សទាំង៨នាក់ដែលស្លាប់ ៧នាក់ជាកម្មករនៃសហគ្រាសមួយ ហើយអ្នកស្លាប់ម្នាក់ទៀតជាភ្នាក់ងារសន្តិសុខ ។ ប៉ូលិសក្រុងបាងកកដែលផ្តល់តុល្យការនេះបញ្ជាក់ថា នារីម្នាក់ស្ថិតក្នុងចំណោមជនរងគ្រោះ ។ ការបំពេញការងាររបស់ក្រុមកម្មករញ៉ាំងឱ្យផ្ទុះឧស្ម័ន AEROSOLS PYROGEN ដែលពេលបាញ់ឧស្ម័ននេះកាត់បន្ថយអុកស៊ីហ្សែនក្នុងខ្យល់ ។ បែបនេះអាចបណ្តាលឱ្យមនុស្សរងរបួស ឬស្លាប់ ។
បណ្តាសារព័ត៌មានក្នុងស្រុករាយការណ៍ថា ប្រតិកម្មគីមីមួយកើតមានពេលមានផ្សែងយ៉ាងក្រាស់ដែលពិតណាស់រារាំងបណ្តាជនរងគ្រោះ ដែលស្ថិតនៅក្នុងជាន់ក្រោមដីមិនអាចរត់ឡើងមកលើវិញបាន ។ ម្យ៉ាងវិញទៀត អន្តរាគមន៍របស់ក្រុមអ្នកពន្លត់ភ្លើងមានការយឺតយ៉ាវដោយសារប្រព័ន្ធសន្តិសុខរបស់ធនាគារ ដែលរារាំងពួកអ្នកពន្លត់ភ្លើងមិនអាចចូលទៅ កាន់ជាន់ផ្សេងៗ ។ ប្រព័ន្ធបែបនេះត្រូវបានប្រើប្រាស់ក្នុងបណ្តាទីតាំងដែលការពន្លត់ភ្លើងជាមួយទឹកអាចធ្វើឱ្យខូចខាតដល់ឯកសារនានា ឬកុំព្យូទ័រ ។
យោងតាមមជ្ឈមណ្ឌលវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ ERAWAN ដែលទទួលបន្ទុកជួយជនរងគ្រោះថា ក្នុងចំណោមអ្នកស្លាប់ ៥នាក់ ស្លាប់នៅនឹងកន្លែង ហើយ៣នាក់ទៀតៗស្លាប់នៅមន្ទីរពេទ្យ ។ ធនាគារនេះប្រកាសថា ផ្នែកឯទៀតនៃអគារពុំរងការប៉ះពាល់ឡើយ រួចនៅតែបើកទ្វារ ៕
ចែករំលែកព័តមាននេះ