មនុស្សយ៉ាងតិច៣៤នាក់បានត្រូវស្លាប់ហើយ១២៥នាក់ទៀតរងរបួស ក្នុងការវាយប្រហារភេរវកម្មបំផ្ទុះរថយន្តមួយកាលពីយប់ថ្ងៃទី១៣ មីនា នាកណ្តាលក្រុងអង់ការ៉ា ដែលការវាយប្រហារនេះកើតមានជាង៣សប្តាហ៍ បន្ទាប់ពីការវាយប្រហារអត្តឃាតលើកមុន បណ្តាលឱ្យមនុស្សស្លាប់២៩នាក់រួចហើយក្នុងរដ្ឋធានីតួកគី ។

យោងតាមរដ្ឋាភិបាលតួកគីថា រថយន្តផ្ទុកគ្រឿងផ្ទុះបានផ្ទុះនាវេលាម៉ោង១៨និង៤៥នាទីម៉ោងក្នុងស្រុកត្រង់ចំណតរថយន្តបឺសមានមនុស្សកុះករមួយនៃទីលាន KIZILAY នៅចំកណ្តាលក្រុងអង់ការ៉ា ដោយទីនោះមានទីតាំងពាណិជ្ជកម្មជាច្រើន ហើយមានខ្សែរថយន្តបឺស និងមេត្រូច្រើន ។
អ្នកកាសែត AFP ម្នាក់រៀបរាប់ថា រថយន្តបឺសជាច្រើនគ្រឿង ព្រមទាំងរថយន្តឯទៀតៗត្រូវបំផ្លាញទាំងស្រុង ដោយសារការផ្ទុះយ៉ាងខ្លាំង ។ នៅមុខសារព័ត៌មានរដ្ឋមន្ត្រីសុខាភិបាល លោក MEHMET MIIEZZINOGLU បន្ទាប់ពីកិច្ចប្រជុំខាងសន្តិសុខមួយធ្វើឡើងរួមជាមួយនាយករដ្ឋមន្ត្រី លោក AHMET DAVUTOGLU ថ្លែងនៅមុខសារព័ត៌មានថា មនុស្ស៣០នាក់ស្លាប់នៅនឹងកន្លែង ហើយ៤នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ ។ ចំណែកមនុស្សយ៉ាងតិច១២៥នាក់រងរបួស ក្នុងនោះ១៩នាក់នាយប់ថ្ងៃទី១៣ មីនា ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ។
យោងតាមលោក MIIEZZINOGLU និងរដ្ឋមន្ត្រីមហាផ្ទៃលោក EFKAN ALA ថា ការវាយប្រហារនេះធ្វើឡើងតាមរយៈរថយន្តមួយគ្រឿងដែលមានមនុស្សជិះក្នុងនោះម្នាក់ ឬ២នាក់ ហើយវាយប្រហារសំដៅលើចំណតរថយន្តបឺសនៅទីលាន KIZILAY ។

ការវាយប្រហារនេះក្នុងពេលភ្លាមៗពុំទាន់មានក្រុមណាប្រកាសទទួលខុសត្រូវនៅឡើយ ក៏ប៉ុន្តែការវាយប្រហារបែបនេះគឺប្រហាក់ប្រហែលគ្នានឹងការវាយប្រហារអត្តឃាតមួយទៀតតាមរយៈការបំផ្ទុះរថយន្តដែរ នៅទីក្រុងអង់ការ៉ា កាលពីថ្ងៃទី១៧ កុម្ភៈ មិនឆ្ងាយប៉ុន្មានពីទីលាន KIZILAY សំដៅលើក្បួនរថយន្តដឹកបុគ្គលិកយោធា បណ្តាលឱ្យមនុស្សស្លាប់២៩នាក់ ។ ៣ថ្ងៃក្រោយការវាយប្រហារនេះ ក្រុមឧទ្ទាមនៃគណបក្សពលករឃើតឌីស្ថាន PKK បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះ ហើយប្រកាសពីការវាយប្រហារថ្មីៗទៀត ពិសេសប្រឆាំងបណ្តាទីតាំងទេសចរណ៍តួកគី ។
ប្រធានាធិបតីតួកគី លោករីស៊ីប តៃយីបអ័រដូហ្គាន និងនាយករដ្ឋមន្ត្រីលោក AHMET DAVUTOGLU បានចាត់ទុកការវាយប្រហារនេះថា ជាស្នាដៃរបស់ពួកឃើតស៊ីរីនៃក្រុមកងឯកភាពការពារប្រជាជន YPG ជាមួយការជួយទ្រទ្រង់របស់ពួក PKK ។ ចលនាទាំង២បានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ទាំងនេះ .
លោកអ័រដូហ្គាន អះអាងថា នេះជាការវាយប្រហារប្រឆាំងឯកភាពរបស់ប្រទេសយើង និងប្រជាជនយើង ហើយលោកប្រកាសពីការតបតវិញ ។ លោកថ្លែងថា រដ្ឋយើងនឹងពុំបដិសេធដាច់ខាតក្នុងការប្រើសិទ្ធិការពារស្របច្បាប់ប្រឆាំងរាល់ការគំរាមកំហែងភេរវកម្ម ។
ប្រធានាធិបតីបារាំងលោកហ្វ្រង់ស្វ័រ ហូឡង់ សម្តែងពីសាមគ្គីភាពចំពោះប្រជាជនតួកគី ហើយអះអាងប្រាប់សមភាគីតួកគីពីការជួយគាំទ្ររបស់លោក ក្នុងការតស៊ូប្រឆាំងភេរវកម្ម ។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោក JULIS BISHOP អះអាងថា ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំក្រុងអង់ការ៉ា គេចផុតបន្តិចពីការវាយប្រហារនេះ ។ លោកស្ថិតក្នុងរថយន្តពេលរថយន្តផ្ទុះនៅចម្ងាយ២០ម៉ែត្រពីរថយន្តរបស់លោក ។
ស្ថានទូតអាមេរិកប្រចាំតួកគីកាលពីថ្ងៃទី១១ មីនា បានចេញការប្រកាសអាសន្នប្រាប់ជនជាតិរបស់ខ្លួនពីលទ្ធភាពនៃការវាយប្រហារភេរវកម្មមួយនៅក្រុងអង់ការ៉ា សំដៅលើបណ្តាអគាររដ្ឋាភិបាលតួកគី និងអគារនានាក្នុងសង្កាត់ដែលកើតមានការវាយប្រហារកាលពីថ្ងៃទី១៧ កុម្ភៈ ៕
ចែករំលែកព័តមាននេះ