យោងតាមប្រធានាធិបតីកូដឌីវ័រលោក ALASSANE OUATTARA ថា ការវាយប្រហារកាលពីថ្ងៃទី១៣ មីនា របស់ពួកភេរវករនៅទីក្រុងទេសចរណ៍ GRAND-BASSAM បណ្តាលឱ្យមនុស្សស្លាប់២២នាក់ ក្នុងនោះមានជនជាតិបារាំងម្នាក់ ។
បន្ទាប់ពីប្រទេសបួរគីណាហ្វាសូ និងប្រទេសម៉ាលី ប្រទេសកូដឌីវ័រនាថ្ងៃទី១៣ មីនា នោះជាគោលដៅវាយប្រហារមួយរបស់ពួកជីហាដ ។ កងកុំម៉ង់ដូប្រដាប់អាវុធមួយបានវាយប្រហារលើទីក្រុងជាប់មាត់សមុទ្រ ដែលមានប្រជាប្រិយភាពបំផុតនោះ ជាការវាយប្រហារភេរវកម្មប្រភេទនេះលើកដំបូងក្នុងប្រទេសកូដឌីវ័រ ។
លោក HAMED BAKAYOKO រដ្ឋមន្ត្រីមហាផ្ទៃកូដឌីវ័រ ប្រកាសថា ជនស៊ីវិល១៤នាក់ ក្នុងនោះមានជនស្បែក.ស៤នាក់បានត្រូវស្លាប់ ។ ក្នុងចំណោមជនបរទេសដែលស្លាប់ទាំង៤នាក់នេះ យើងកំណត់ដឹងថា មាននារីបារាំងម្នាក់ និងនារីអាល្លឺម៉ង់ម្នាក់ ។ ម្យ៉ាងវិញទៀត សមាជិកកងកម្លាំងសន្តិសុខ២នាក់ ក៏ត្រូវស្លាប់ដែរ ។
ជនប្រដាប់អាវុធ៦នាក់បានមកកាន់ឆ្នេរខ្សាច់មាត់សមុទ្រចាប់ផ្តើមបាញ់ប្រហារ ។ ប្រធានាធិបតីលោក ALASSANE OUATTARA ដែលទៅកាន់កន្លែងវាយប្រហារស្ថិតនៅចម្ងាយប្រមាណជា២០គីឡូម៉ែត្រខាងកើតទីក្រុងអាប៊ីដហ្សាន បានបរិហារថា នេះជាការវាយប្រហារភេរវកម្ម ។ ការវាយប្រហារនោះប្រកាសទទួលខុសត្រូវដោយក្រុមអាល់កៃដាតំបន់ MAGHREB អ៊ិស្លាមក្រុម AQMI។
ការវាយប្រហារចាប់ផ្តើមនាវេលាម៉ោង១២និង៣០នាទីម៉ោងក្នុងស្រុក ពេលជនប្រដាប់អាវុធ៦នាក់មកដល់ឆ្នេរខ្សាច់នៃសណ្ឋាគារផ្កាយខាងត្បូងក្រុង GRAND-BASSAM ហើយចាប់ផ្តើមបាញ់ប្រហារលើពួកអ្នកទេសចរ និងភ្ញៀវទាំងឡាយក្នុងសណ្ឋាគារ ។ កងកម្លាំងពិសេសកូដឌីវ័របានធ្វើអន្តរាគមន៍នាវេលាម៉ោង១៣និង១៥នាទី ហើយសម្លាប់ជនប្រដាប់អាវុធទាំង៦នាក់នេះ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបមានដល់២២នាក់ ៕
ចែករំលែកព័តមាននេះ