ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

2​ខែ​ដើមឆ្នាំ​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​បានជាង​212​លាន​ដុល្លារ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៦​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​បាន​ចំនួន​៣៨៣.៧០៨,៨៣​លាន​រៀល (​គិត​ជា​ដុល្លារ​ស្មើនឹង​ប្រមាណ​៩៥,៩៣​លាន​ដុល្លារ​) ។ សម្រាប់​រយៈពេល​២​ខែ​ដំបូង​ឆ្នាំ​២០១៦​នេះ

រាជធានី​ភ្នំពេញ ៖ ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៦​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​បាន​ចំនួន​៣៨៣.៧០៨,៨៣​លាន​រៀល (​គិត​ជា​ដុល្លារ​ស្មើនឹង​ប្រមាណ​៩៥,៩៣​លាន​ដុល្លារ​) ។ សម្រាប់​រយៈពេល​២​ខែ​ដំបូង​ឆ្នាំ​២០១៦​នេះ ការ​ប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​សរុប​បាន​ចំនួន​៨៤៩.៩៣៣,៣៥​លាន​រៀល (​គិត​ជា​ដុល្លារ​ប្រមាណ​២១២,៤៩​លាន​ដុល្លារ​) ស្មើនឹង​១៤,៩៤% នៃ​គោលដៅ​កំណត់​ក្នុង​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៦ ។ បើ​ធៀប​នឹង​ឆ្នាំ​២០១៥​ឃើញ​ថា ការ​ប្រមូល​ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៦​នេះ កើនឡើង​ប្រមាណ​១៤,៩៤% ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ កាលពី​ថ្ងៃ​ទី​១១ មីនា កន្លង​មក ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​សារពើពន្ធ​ប្រចាំខែ​កុម្ភៈ​ឆ្នាំ២០១៦ ។

របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ចំណូល​ពន្ធ​-​អាករ​តាម​ប្រភេទ​ពន្ធ​សំខាន់​ៗ​មួយ​ចំនួន​ក៏​មានការ​កើនឡើង​ដែរ ដូច​ជា ពន្ធលើប្រាក់ចំណេញ​កើនឡើង​ប្រមាណ​៩,៨% ពន្ធលើប្រាក់បៀវត្ស​កើនឡើង​ប្រមាណ​១៥,០% អាករ​លើ​តម្លៃបន្ថែម​កើនឡើង​ប្រមាណ​១៤,៩% និង​អាករ​ពិសេស​កើនឡើង​ប្រមាណ​១៩,៣% ។ ម្យា​៉​ង​ទៀត​ចំណូល​ពន្ធ​តាម​សកម្មភាព​អាជីវកម្ម ក៏​មានការ​កើនឡើង​ស្ទើរតែ​ទាំងអស់​ដែរ ។

ថ្លែង​នា​ឱកាស​នោះ លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​វាយតម្លៃ​ខ្ពស់​ដល់​គ្រប់​អង្គភាព​ពន្ធដារ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ប្រមូល​ចំណូល​ពន្ធ​មានការ​កើនឡើង​គួរ​ជាទី​ពេញចិត្ត ។

ដើម្បី​ប្រមូល​ចំណូល​ពន្ធ​បាន​គ្រប់​តាម​ផែនការ​ច្បាប់​សម្រាប់​ឆ្នាំ​២០១៦ ក៏​ដូច​ជា​សម្រាប់​បណ្តា​ឆ្នាំ​បន្តបន្ទាប់ អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​បន្ត​អនុវត្ត​យ៉ាង​ម៉ឺ​ង​ម៉ា​ត់​នូវ​គោល​យោ​បាយ​កែទម្រង់​ដ៏​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល និង​បាន​ដាក់​ចេញ​នូវ​វិធានការ និង​ទិស​ដៅ​អនុវត្ត​ដូច​ជា ៖

– បន្ត​ដាក់​ឲ្យ​អនុវត្ត​ការ​ប្រើប្រាស់​បង្កាន់ដៃ​បញ្ជាក់​ការ​បង់ប្រាក់​ពន្ធ (Tax Payment Receipt) តាម​ប្រព័ន្ធ​អន​ឡាញ ។
– បន្ត​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​នូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម​របស់​រាជរដ្ឋាភិបាល និង​កម្មវិធី​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ។
– បន្ត​ពង្រឹង​ការ​អនុវត្ត និង​ផ្សព្វផ្សាយ​ឲ្យ​បាន​កាន់តែ​ទូលាយ​នូវ​ប្រកាស​ស្តី​ពី​ការ​កំណត់​វិធាន និង​នីតិវិធី​នៃ​ការ​អនុវត្ត​បញ្ជី​គណនេយ្យ​សាមញ្ញ ។
– បន្ត​ពង្រឹង​ការ​គ្រប់គ្រង និង​អនុវត្ត​វិធាន​វិក្កយបត្រ​របស់​សហគ្រាស​ឲ្យ​បាន​កាន់តែ​ប្រសើរ​ថែម​ទៀត ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​វិក្កយបត្រ​អាករ​លើ​តម្លៃបន្ថែម (Tax Invoice) ។

– បន្ត​ពង្រឹង​ការ​គ្រប់គ្រង និង​អនុវត្ត​អាករ​ពិសេស​លើ​ទំនិញ​ស្រា ស្រា​បៀរ និង​បារី តាម​រយៈ​ការ​ពិនិត្យ​កែសម្រួល​អត្រា និង​មូលដ្ឋាន​គិត​អាករ​ពិសេស​លើ​ស្រា ស្រា​បៀ និង​បារី ។

– បន្ត​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​តាម​រយៈ​ការ​រៀបចំ​កែ​លម្អ​ទិន្នន័យ​អ្នក​ជាប់ពន្ធ ទិន្នន័យ​អចលនទ្រព្យ និង​ទិន្នន័យ​យានជំនិះ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​មាន​ស្រាប់ ព្រមទាំង​ស្នើ​សុំ​ទិន្នន័យ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ៗ​សម្រាប់​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ (Data Base) ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ ។

– បន្ត​រៀបចំ​នីតិវិធី​ធ្វើ​អង្កេត​ស្រាវជ្រាវ​សហគ្រាស​តាម​ដងផ្លូវ (Street Survey) ដើម្បី​ឲ្យ​សហគ្រាស​ដែល​មិន​បាន​ចុះបញ្ជី​ត្រឹមត្រូវ ឬ​លាក់ខ្លួន​មិន​ព្រម​មក​ចុះបញ្ជី​ពន្ធដារ បាន​មក​ចុះបញ្ជី​ពន្ធដារ​បាន​គ្រប់​ៗ​គ្នា ។

– បន្ត​ពង្រឹង​គ្រប់គ្រង​ធនធានមនុស្ស ធ្វើ​យា​៉​ង​ណា ឲ្យ​មន្ត្រី​ពន្ធដារ​គ្រប់​រូប​ក្លាយជា​មន្ត្រី​ដែល​កាន់តែ​ជំនាញ ស្វាហាប់ ពូកែ ស្មោះត្រង់ មាន​ភាព​ម្ចាស់​ការ និង​មាន​មនសិការ​វិជ្ជាជីវៈ សំដៅ​ធានា​បាន​នូវ​សមធម៌ បង្កើន​ផលិតភាព ក៏​ដូច​ជា​ប្រសិទ្ធភាព​ការងារ ។

– បន្ត​លើកកម្ពស់​បញ្ជ្រាប​វប្បធម៌​ពន្ធដារ បន្ដ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​សារពើពន្ធ​ក្នុង​ចំណោម​ធុរជន​គ្រប់​មជ្ឈដ្ឋាន តាម​រយៈ​ការ​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​ប្រព័ន្ធ​ពន្ធដារ​កម្ពុជា ៕