ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​-​កម្ពុជា ពង្រឹង​កិច្ច​សហប្រតិបត្តិការ​វិនិយោគ​លើ​វិស័យ​ពាណិជ្ជកម្ម

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ឥណ្ឌា នៅ​ក្នុង​ឆ្នាំ​២០១៤ និង​២០១៥ សរុប​មាន​តម្លៃ​១៦០,៤៩​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ការ​នាំ​ចេញ​របស់​ឥណ្ឌា​មក​កម្ពុជា មាន​តម្លៃ​១៤២,៥៣​លាន​ដុល្លារ​អា​មេ​រិ​ក

រាជធានី​ភ្នំពេញ ៖ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ឥណ្ឌា នៅ​ក្នុង​ឆ្នាំ​២០១៤ និង​២០១៥ សរុប​មាន​តម្លៃ​១៦០,៤៩​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ការ​នាំ​ចេញ​របស់​ឥណ្ឌា​មក​កម្ពុជា មាន​តម្លៃ​១៤២,៥៣​លាន​ដុល្លារ​អា​មេ​រិ​ក និង​នាំ​ចូល​ពី​កម្ពុជា​មាន​តម្លៃ​១៧,៩៦​លាន​ដុល្លារ​អា​មេ​រិ​ក​។ ការ​នាំ​ចេញ​របស់​ប្រទេស​ឥណ្ឌា​ជា​ចម្បង​គឺ​ផលិតផល​ឱសថ សារធាតុ​គីមី​ប្រណីត ក្រណាត់ ក្រណាត់​ឡែ​ន សារធាតុ​ជ័រ ត្បូង​មាន​តម្លៃ ឧបករណ៍​ធ្វើ​ដំណើរ និង​គ្រឿងយន្ត ។ ចំណែក​ឥណ្ឌា​នាំ​ចូល​ជា​ចម្បង គឺ​សារធាតុ​ដែល​គ្មាន​ផ្ទុក​ជាតិ​ដែក​ពី​ប្រទេស​កម្ពុជា ។ នេះ​បើ​តាម​មន្ត្រីសភា​ពាណិជ្ជកម្ម​ឥណ្ឌា បាន​ថ្លែង​ក្នុង​កម្មវិធី​«​វិនិយោគ និង​ជំនួញ​ឥណ្ឌា​ប្រចាំឆ្នាំ​២០១៦ » ដែល​ប្រារព្ធ​ធ្វើ​នៅ​ម​ជ្ឈ​ម​ណ្ឌ​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ កាលពី​ថ្ងៃ​ទី​១១ មីនា កន្លង​មក ។

លោក Shiv Siddhant Kaul ប្រធាន​សភាពាណិជ្ជកម្ម​ឥណ្ឌា (ICC) បាន​មាន​ប្រសាសន៍​ថា ៖ « កម្ពុជា ជា​ប្រទេស​ដែល​ទទួល​បាន​គុណប្រយោជន៍​បែប​ភូមិសាស្ត្រ ព្រោះ​ជា​ប្រទេស​ដែល​មាន​ទីផ្សារ​ធំ​អាច​ចូល​ទីផ្សារ​សហគមន៍​អាស៊ាន​បាន ។ ទន្ទឹម​នឹង​នេះ កម្ពុជា​មាន​ដំណាក់កាល​នៃ​ការ​រីក​ច្រើន​សេដ្ឋកិច្ច​របស់​ខ្លួន និង​ជំហាន​នៃ​កិច្ច​សហ​ប្រតិ​បត្តិការ​សកល​។ ដូច្នេះ​ប្រទេស​ឥណ្ឌា​ចាំបាច់​ត្រូវ​តែ​មើល​នូវ​សក្តានុពល​នេះ ហើយ​ពង្រឹង​ជំនួញ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​កម្ពុជា » ។

ថ្លែង​នា​ឱកាស​នោះ​លោក Soum Sambath អគ្គលេខាធិការ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (FASMEC) បាន​ឲ្យ​ដឹង​ថា ៖ « ប្រទេស​ឥណ្ឌា​មាន​ចំណាត់ថ្នាក់​សេដ្ឋកិច្ច​ទី​៩ នៅ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក ដែល​ជា​ឱកាស​ធំ​សម្រាប់​កម្ពុជា » ។

លោក​បន្ដ​ថា ៖ « ប្រជាជន​កម្ពុជា​៧៣%​ធ្វើ​កសិកម្ម ហើយ​ពួក​គេ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ប្រទេស​ឥណ្ឌា ដោយហេតុ​ថា ឥណ្ឌា​កំពុង​បើក​វិស័យ​កសិកម្ម​ផង​ដែរ ។ ប្រទេស​កម្ពុជា​បាន​នាំ​ចូល​បន្លែ​ចំនួន​៣០០​តោន​ជា​រៀងរាល់ថ្ងៃ ដូច្នេះ​ឥណ្ឌា​នឹង​មានឱកាស​វិនិយោគ​លើ​វិស័យ​នេះ ។ ក្រៅពី​វិស័យ​កសិកម្ម ប្រទេស​កម្ពុជា​ក៏​មាន​សក្តានុ​ពល​យ៉ាង​ធំធេង​ចំពោះ​សហគ្រាស​ធុន​តូច​និង​មធ្យម (SME) ដែល​បច្ចុប្បន្ន កម្ពុជា​មាន​សហគ្រាស​ធុន​តូច​និង​មធ្យម​ចំនួន​៦០០.០០០ ហើយ​អត្ថប្រយោជន៍​ខ្លះ​ៗ​ពី​ពលរដ្ឋ​ឥណ្ឌា នឹង​ត្រូវ​បាន​រំពឹង​ចេញពី​វិស័យ SME នេះ » ។

លោក​ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​រំពឹង​ថា ទំហំ​វិនិយោគ​ពាណិជ្ជកម្ម​កម្ពុជា​-​ឥណ្ឌា នឹង​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ។
លោក​មាន​ប្រសាសន៍​ថា ៖ « ការ​វិនិយោគ​ពាណិជ្ជកម្ម​ឥណ្ឌា​មក​ប្រទេស​កម្ពុជា នឹង​កើនឡើង​ច្រើន បន្ទាប់​ពី​រៀបចំ​កម្មវិធី​នេះ​ឡើង​នៅ​រាជធានី​ភ្នំពេញ » ។ ទន្ទឹម​នឹង​នេះ លោក​គិត​ថា នឹង​ទទួល​បាន​លទ្ធផល​ផ្លែផ្កា ដើម្បី​ឲ្យ​សហគ្រាស​កម្ពុជា​អា​ចរក​ដៃគូ​ត្រឹមត្រូវ​ជាមួយ​ក្រុមហ៊ុន​នៃ​ប្រទេស​ឥណ្ឌា ។

ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា លោក Naveen Srivastava បាន​ថ្លែង​ថា ៖ « ប្រទេស​ឥណ្ឌា​និង​កម្ពុជា មាន​ទំនាក់ទំនង​នយោបាយ និង​វប្បធម៌​ដ៏​ស៊ីជម្រៅ ហើយ​ចំណង​សេដ្ឋកិច្ច​កាន់តែ​កើនឡើង​រវាង​ប្រទេស​ទាំង​ពីរ ប៉ុន្តែ​វា​ស្ថិត​នៅ​ក្រោម​សក្តានុពល​នៅឡើយ » ។

លោក​ឯកអគ្គរដ្ឋទូត ក៏​បាន​ទទូច​ឲ្យ​សភាពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​ធ្វើការ​ជាមួយ​គ្នា ដើម្បី​សម្របសម្រួល​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។ លោក​ថា ៖ « ប្រទេស​ឥណ្ឌា​មាន​សេដ្ឋកិច្ច​រីក​លូតលាស់​លឿន​ជាងគេ​ជាមួយនឹង​អត្រា​រីក​ចម្រើន​៧,៦%​ក្នុង​ឆ្នាំ​២០១៦​នេះ ហើយ​រំពឹង​ថា នឹង​កើន​ទៅ​៧,៧% នៅ​ឆ្នាំ​ក្រោយ ។ ទន្ទឹម​នឹង​នេះ បច្ចុប្បន្ន​វិនិយោគិន​ឥណ្ឌា​កំពុង​តែ​ស្វែងរក​ឱកាស​ពង្រីក​ខ្លួន​មក​កាន់​ប្រទេស CLMV ផង​ដែរ » ។

លោក​ឯកអគ្គរដ្ឋទូត​ឥណ្ឌា ក៏​បាន​លើក​ឡើង​ពី​គុណប្រយោជន៍​ប្រទេស​កម្ពុជា​ថា ៖ « អាច​ផ្តល់​ឲ្យ​វិនិយោគិន​នូវ​ទីតាំង​ដ៏​ល្អ របប​វិនិយោគ​បើកចំហ ជា​ប្រទេស​សេរី​ជាងគេ​ក្នុង​តំបន់​អាស៊ាន ហើយ​ទីផ្សារ​នៅ​កម្ពុជា និង​ការ​ឈាន​ចូល​ទីផ្សារ​ដែល​មាន​តម្លៃ​ច្រើន​ដល់​៦០០​លាន​នាក់ ។ ប្រទេស​ក ម្ពុ​ជា​មាន​សេដ្ឋកិច្ច​ប្រើប្រាស់​ដុល្លា​រូប​នី​យ​-​កម្ម ជាមួយនឹង​ឱកាស​វិនិយោគ​បរទេស១០០% » ។

ក្នុង​ឱកាស​នៃ​ពិ​ព័រ​ណ៍​នេះ​ដែរ សភាពាណិជ្ជកម្ម​កម្ពុជា និង​សភាពាណិជ្ជកម្ម​ឥណ្ឌា បាន​ព្រមព្រៀង​គ្នា​ចុះ​អនុស្សរណៈ​យោគយល់​ក្នុង​គោលបំណង​ចម្បង​គឺ​លើ​កម្ពស់​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ ដោយ​មាន​លោក​ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និង លោក Shiv Siddhanth Kaul, ប្រធាន​សភាពាណិជ្ជកម្ម​ឥណ្ឌា ជា​ហត្ថលេខី​នៃ​អនុស្សរណៈ​យោគយល់​នេះ ៕