ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារទំនងអាចសង្រ្គោះប្រាក់រៀលបានហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោយពីធនាគារជាតិ បានដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារបន្តបន្ទាប់មកឃើញថា ប្រាក់រៀលដែលជាលុយរបស់ជាតិបានឡើងថ្លៃបន្តិចវិញ ។ កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ក្រោយពីធនាគារជាតិ បានដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារបន្តបន្ទាប់មកឃើញថា ប្រាក់រៀលដែលជាលុយរបស់ជាតិបានឡើងថ្លៃបន្តិចវិញ ។ កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២១ នៅពេលធានគារជាតិនៃកម្ពុជា ដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារចំនួន ២០ លានកាលនោះអត្រាដេញថ្លៃបាន គឺ ១ ដុល្លារមានតម្លៃ ៤ ១២២ រៀល ។ ពីរថ្ងៃ​បន្ទាប់គឺនៅថ្ងៃទី ៨ ខែកញ្ញា ធនាគារជាតិនៃកម្ពុជា បានដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារចំនួន ២០ លានទៀត ។ អត្រាអប្បបរមាដេញថ្លៃខ្ពស់ជាងគេកាលនោះ បានធ្លាក់មកនៅត្រឹម ៤ ១១៨ រៀលក្នុងមួយដុល្លារ ។ លុះមកដល់ថ្ងៃទី ១០ កញ្ញា ពោលគឺ ២ ថ្ងៃក្រោយមកទៀត ការដេញថ្លៃប្រាក់ដុល្លារមានម្តងទៀត ។ ម្តងនេះធនាគារជាតិនៃកម្ពុជា បានដេញថ្លៃប្រាក់ដុល្លារចំនួន ៣០ លាននៅពេលនោះអត្រាដេញបានខ្ពស់ជាងគេ បានធ្លាក់មកនៅ ៤ ១៧៧ រៀលក្នុងមួយដុល្លារ ។

ជាងពីរខែមកនេះធនាគារជាតិកម្ពុជាបានប្រកាសដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារច្រើនរយលានជាបន្តបន្ទាប់ដែលអ្នកសេដ្ឋកិច្ចថាដើម្បីសង្រ្គោះប្រាក់រៀលនៅពេលប្រាក់រៀលបានធ្លាក់ថ្លៃធៀបជាមួយប្រាក់ដុល្លារ ដែលអាចបង្ករឲ្យមានអតិផរណាប៉ះពាល់ជីវភាពពលរដ្ឋនោះ ពីព្រោះការទូទាត់ទំនិញនៅកម្ពុជាជាប្រើដុល្លារនោះ ។ ការដេញថ្លៃប្រាក់ដុល្លារចុងក្រោយនៅថ្ងៃទី ១២ តុលានេះ ១ ដុល្លារមានតម្លៃតែ ៤ ០៩៦ រៀលប៉ុណ្ណោះ ។ តាមតួលេខនេះ ឃើញថា ប្រាក់រៀលបានឡើងថ្លៃបន្តបន្ទាប់វិញ ។

លោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ធ្លាប់ប្រាប់អ្នកសារព័ត៌មានថា ការដេញថ្លៃប្រាក់ដុល្លារ ជាពិសេសក្នុងអំឡុងស្ថានភាពជំងឺកូវីដ-១៩ នេះ គឺមានសារៈប្រយោជន៍ណាស់ បើអាស្រ័យទៅតាមគោលនយោបាយរូបិយវត្ថុជាតិ ដែលធនាគារជាតិបានអនុវត្ត ។ លោកបញ្ជាក់ថា ការដាក់ដេញថ្លៃបែបនេះ ក៏ជាវិធានការមួយសម្រាប់រក្សាតម្លៃប្រាក់រៀលក្នុងប្រទេសកម្ពុជា និងធ្វើឱ្យប្រាក់រៀលមានតម្លៃ និងស្ថិរភាពល្អ បើប្រៀប ធៀបជាមួយរូបិយប័ណ្ឌបរទេសជាពិសេសគឺ ប្រាក់ដុល្លារ ។

នៅថ្ងៃនេះអត្រាទិញចូលប្រាក់ដុល្លារនៅលើទីផ្សារទូទៅមួយដុល្លារ ៤ ១០២ រៀល ចំណែកលក់ចេញវិញមួយដុល្លារ ៤ ១១៧ រៀល ។ នៅថ្ងៃទី ១៨ តុលាខាងមុខធនាគារជាតិនៃកម្ពុជា នឹងដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារចំនួន ៥០ លានទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ