ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​គាស់​ហាង​ចូល​លួច​ទូរស័ព្ទ​ប្រមូល​យក​អស់​អា​ទំនើប​ៗ

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ហាង​លក់​ទូរស័ព្ទ​ដ៏​ធំ​មួយ​កន្លែង​យីហោ «​ពិភព​អេ​ឡិច​ត្រូ​និក​» មា​នទី​តាំងនៅ​ផ្លូវ​លេខ​១ ស្ថិត​ក្នុងភូមិ​កំពង់ក្របី សង្កាត​ស្វាយប៉ោ ក្រុង​បាត់ដំបង ត្រូវ​ចោរ​​…

ខេត្តបាត់ដំបង ៖ ហាង​លក់​ទូរស័ព្ទ​ដ៏​ធំ​មួយ​កន្លែង​យីហោ «​ពិភព​អេ​ឡិច​ត្រូ​និក​» មា​នទី​តាំងនៅ​ផ្លូវ​លេខ​១ ស្ថិត​ក្នុងភូមិ​កំពង់ក្របី សង្កាត​ស្វាយប៉ោ ក្រុង​បាត់ដំបង ត្រូវ​ចោរ​ចូល​លួច​យក​ទូរស័ព្ទ​ដៃ ស៊េរី​ទំនើប​ៗ​អស់​ជិត​២០០​គ្រឿង​ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង​៦​ម៉ឺន​ដុល្លារ ។ ចោរ​បាន​លួច​អស់​ខណៈ​ម្ចាស់​ហាង​បិទទ្វារ​ចាក់សោ​ទុក​ចោល ខាន​ស្នាក់​នៅ​មួយ​យប់ ហើយ​ម្ចាស់​ទើបបាន​ដឹង​នៅ​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ មីនា ពេល​បើកទ្វារ​ហាង​លក់ដូរ ឃើញ​បាត់​ទូរស័ព្ទ​ពី​ក្នុង​ទូ​អស់​ទើប​មានការ​ឆោឡោ​តែ​ម្ដង ។

ម្ចាស់​ហាង​លក់​ទូរស័ព្ទ​យីហោ «​ពិភព​អេ​ឡិច​ត្រូវ​និក​» អ្នកស្រី ជោ​ត ច័ន្ទ​ចរិយា អាយុ​៣០​ឆ្នាំ បាន​និយាយ​ថា អ្នកស្រី​បាន​ជួល​ផ្ទះ​គេ​បើកហាង​លក់​ទូរស័ព្ទ​នេះ គឺ​ជួល​ត្រឹម​ជាន់​ទី​១​មក​ជាន់​ផ្ទាល់​ដី ។ រីឯ​ជណ្ដើរ​ឡើង​ទៅ​ជាន់​ទី​២ ត្រូវ​បាន​ធ្វើ​គម្រប​ដែក ផ្សារ​បិទ​ជិត​មិន​អាច​ឡើង​ចុះ​បាន​ឡើយ ។ អ្នកស្រី​បន្ត​ថា នៅ​យប់​កើតហេតុ ក្រុម​គ្រួសារ​អ្នកស្រី​បាន​បិទទ្វារ​ចាក់សោ​ទុក​ចោល រួច​នាំ​គ្នា​ទៅ​ដេក​មើល​ម្ដាយ​ឈឺ​នៅ​ឯ​ផ្ទះ ។ លុះ​នៅ​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣​មិ​នា ពេល​អ្នកស្រី​មក​ចាក់សោ​បើកទ្វារ​ហាង​លក់ដូរ​ធម្មតា ស្រាប់តែ​បាត់​ទូរស័ព្ទ​ស៊េរី​ទំនើប​ៗ​អស់រលីង​ពី​ក្នុង​ទូ ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។

អ្នកស្រី ជោ​ត ច័ន្ទ​ចរិយា បាន​បញ្ជាក់​ថា ក្រោយ​ពី​មាន​ហេតុ​ការ​នេះ អ្នកស្រី​បាន​ដើរ ពិនិត្យ​មើល​ទ្វារ​ក្រោយ មិនឃើញ​មាន​របើក​សោ​ទ្វារ​ទេ ។ លុះ​ឡើង​មើល​គម្រប​ដែក​ដែល  ផ្សារ​បិទ​ជណ្ដើរ​ជាន់​ទី​១ ស្រាប់តែ​មាន​ស្នាម​កាត់​ផ្ដាច់ ។  អ្នកស្រី​បាន​បញ្ជាក់​បន្ថែម​ថា គាត់​មិនដឹង​ថា ចោរ​កាត់​គម្រប​ជណ្ដើរ​ចុះ​ពីលើ​មក ឬ​ចូល​តាម​ណា​ទេ ប៉ុន្តែ​ជាន់​ខាងលើ​ម្ចាស់ផ្ទះ​តែង​ចេញចូល​ជា​ប្រចាំ​ដែរ ។  អ្នកស្រី​ក៏​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​ពិនិត្យ​ស្លាកស្នាម​ទាំងនោះ​ភ្លាម​ៗ​ដែរ ។

សមត្ថកិច្ច​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ស្លាកស្នាម​ក្នុង​ហាង​លក់​ទូរស័ព្ទ​នោះ បាន​ឲ្យ​ដឹង​ថា គម្រប​ជណ្ដើរ​ជាន់​ទី​១ ឡើង​ទៅ​ជាន់​ទី​២ ត្រូវ​បាន​ចោរ​ប្រើ​រណារ​អារផ្ដាច់ ។ រីឯ​ជាន់​ទី​២ ឡើង​ទៅ​ដំបូល ដែល​ម្ចាស់ផ្ទះ​ផ្សារ​ដែក​បិទ​ក៏​មាន​ស្នាម​កាត់​ផ្ដាច់​ដែរ តែ​មាន​ទំហំ​តូច​មនុស្ស​មិន​អាច​ចេញ​រួច​ឡើយ ។ ដោយឡែក​នៅ​ជាន់​ផ្ទាល់​ដី​វិញ សមត្ថកិច្ច​បាន​បញ្ជាក់​ថា គឺ​ទ្វារ​ខាងក្រោយ​ជាប់​សោ​ធម្មតា តែ​មាន​ស្នាម​កាត់​ទម្លុះ​សំណាញ់​ដែក​មួយ​ប្រឡោះ ដែល​ម្ចាស់ផ្ទះ​ធ្វើ​ដើម្បី​ការពារ​សុវត្ថិភាព​ពី​ខាងក្រោយ​ផ្ទះ ។

ជុំវិញ​ករណី​ចោរ​ចូល​លួច​ទូរស័ព្ទ​ក្នុង​ហាង «​ពិភព​អេ​ឡិច​ត្រូ​និក​»​ខាងលើ​នេះ សមត្ថកិច្ច​ហាក់​មិន​ទាន់​ហ៊ាន​ធ្វើការ​សន្និដ្ឋាន​បែប​ណា​នៅឡើយ​ទេ ព្រោះ​ស្លាកស្នាម​ទម្លុះទម្លាយ​ដែល​មាននៅ​ក្នុង​ហាង​នោះ ហាក់​បង្ហាញ​ពី​ភាព​ស្មុគស្មាញ​យ៉ាង​ខ្លាំង ។

លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​ដែល​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ទីតាំង​កើតហេតុ​បាន​ថ្លែង​ថា សមត្ថកិច្ច​ហាក់​ជួប​ការ​លំបាក​បន្តិច ដោយសារ​ស្លាកស្នាម ឬ​ភស្តុ​តាង​នៅ​កន្លែង​កើតហេតុ មាន​ភាព​ស្មុគស្មាញ ។

លោក ជេ​ត វណ្ណ​នី បាន​មាន​ប្រសាសន៍​ថា រូប​លោក និង​មន្ត្រី​ជំនាញ​កំពុងធ្វើការ​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​បំផុត អំពី​ស្លាកស្នាម​ទាំង​ការ​កាត់​ផ្ដាច់​គម្រប​ជណ្ដើរ​ជាន់​ទី​១ ឡើង​ទៅ​ជាន់​ទី​២ ទាំង​ការ​កាត់​ទម្លុះ​គម្រប​ដែក​ឡើង​លើដំបូល និង​ការ​កាត់​ទម្លុះ​សំណាញ់​ដែក​ខាងក្រោយ​ផ្ទះ​ជាន់​ផ្ទាល់​ដី​ដែល​គេ​សង្ស័យ​ថា ជា​ច្រកចេញ​របស់​ជនសង្ស័យ​ក្រោយ​ធ្វើ​សកម្មភាព ។ ប៉ុន្តែ​លោកស្នងការ​រង​បាន​បញ្ជាក់​ថា កម្លាំង​ជំនាញ​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​ខេត្ត កំពុងធ្វើការ​ត្រូ​ត​ពិនិត្យ​លើ​ស្លាកស្នាម​ទាំងនោះ​ហើយ ។ រីឯ​ជនសង្ស័យ​កម្លាំង​ជំនាញ​ក៏​កំពុងធ្វើការ​តាមដាន​លើ​មុខសញ្ញា​មួយ​ចំនួន​ដែរ តែ​មិន​ទាន់​មាន​តម្រុយ​ឲ្យ​ប្រាកដ​នៅឡើយ​ទេ ។

ចំពោះ​ការ​បាត់បង់​ទ្រព្យសម្បត្តិ បើ​តាម​របាយការណ៍​បឋម​ដែល​អ្នកស្រី ជោ​ត ច័ន្ទ​ចរិយា ម្ចាស់​ហាង «​ពិភព​អេ​ឡិច​ត្រូ​និក​» បាន​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច​ថា  ចោរ​បាន​ប្រមូល​យក​ទូរស័ព្ទ​ស៊េ​រី​ទំនើប​ៗ​ដែល​មាន​តម្លៃ​ចាប់ពី​៣០០​ដុល្លារ រហូត​ដល់​តម្លៃ​ជាង​៨០០​ដុល្លារ​អស់​ជិត​២០០​គ្រឿង គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង​៦​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ។ អ្នកស្រី​បញ្ជាក់​ថា ក្នុង​ហាង​លក់​ទូរស័ព្ទ​របស់​អ្នកស្រី​មាន​បុគ្គលិក​ស្រី​បម្រើ​ការ​ចំនួន​៤​នាក់ តែ​មិន​មាន​បុគ្គលិក​ណា​ម្នាក់​ស្នាក់​នៅ​ក្នុង​ហាង​ទេ ។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃនេះ​មាន​បុគ្គលិក​ម្នាក់​សុំ​ច្បាប់​សម្រាក​ទៅ​ការ​បងប្អូន និង​ម្នាក់​ទៀត​សុំ​ច្បាប់​រៀប​ការ​ខ្លួនឯង ដូច្នេះ​សល់​តែ​បុគ្គលិក​២​នាក់​ប៉ុណ្ណោះ ដែល​នៅ​ធ្វើការ​ជា​ប្រចាំ ៕