ខេត្តកំពង់ឆ្នាំង ៖ ព្រៃឈើរបស់«សហគមន៍ភ្នំទឹកដោះស្រស់បំព្រង» ស្ថិតនៅក្នុងឃុំស្វាយរំពារ ស្រុកកំពង់លែង ថ្មីៗនេះត្រូវបានជនខិលខូចលួចកា.ប់បំផ្លាញដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភពីដីសហគមន៍ក្លាយទៅជាដីកម្មសិទ្ធិឯកជន ។ ទោះជាយ៉ាងណា លោកអភិបាលស្រុកបានសន្យាថា នឹងចាត់វិធានការទប់ស្កាត់មិនឲ្យជនណាមួយរំលោភយកជាកម្មសិទ្ធិនោះឡើយ ។

ប្រជាពលរដ្ឋនៅឃុំស្វាយរំពារ ស្រុកកំពង់លែង និយាយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មានជនខិលខូចលួចកាប់ព្រៃឈើអស់មួយចំនួន និងបានបាញ់ថ្នាំក្រហមតាមដើមឈើក្នុងដែនគ្រប់គ្រងរបស់សហគមន៍ព្រៃឈើភ្នំទឹកដោះស្រស់បំព្រង ស្ថិតក្នុងឃុំស្វាយរំពារ ដើម្បីទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ ។

ប្រភពដដែលបន្តថា ដីព្រៃឈើ«សហគមន៍ភ្នំទឹកដោះស្រស់បំព្រង»សរុបមានរាប់រយហិកតា ដោយមានដើមឈើធំៗច្រើនដូចជា ផ្ចឹក ពពេល ធ្នង់ និងសុក្រំជាដើម ។ កាលពីអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ក៏មានពលរដ្ឋមួយចំនួនចូលទៅលួចកាប់ព្រៃរំលោភយកដីព្រៃឈើសហគមន៍នេះធ្វើជាកម្មសិទ្ធិម្តងដែរ ។ ប៉ុន្តែកាលណោះ អាជ្ញាធរស្រុកនិងមន្ត្រីជំនាញបានកោះហៅប្រជាពលរដ្ឋទាំងនោះមកព្រមាន និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការកាប់ទន្ទ្រានយកដីនេះ បើពុំនោះទេសមត្ថកិច្ចនិងអាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់ ។

ផ្ទុយទៅវិញ ក្នុងពេលថ្មីៗនេះស្រាប់តែមានជនខិលខូចចូលលួចកាប់ទន្ទ្រានយកធ្វើកម្មសិទ្ធិ ដោយពុំឃើញមានសមត្ថកិច្ចជំនាញ ឬអាជ្ញាធរទប់ស្កាត់ឡើយ ។ ដូច្នេះ ប្រជាពលរដ្ឋសំណូមពរអាជ្ញាធរនិងសមត្ថកិច្ចជំនាញ មេត្តាជួយទប់ស្កាត់ករណីខាងលើនេះផង ព្រោះដីព្រៃសហគមន៍នេះមានប្រយោជន៍សម្រាប់ការលែងគោក្របីឱ្យចូលស៊ីស្មៅ ហើយប្រជាពលរដ្ឋអាចអាស្រ័យផល ដោយការបោចវល្លិនិងរកដំឡូងជាដើម ។

ទាក់ទងនឹងករណីនេះ លោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែង នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បាននិយាយថា លោកពុំបានដឹងពីករណីមានគេលួចកាប់ឆ្ការព្រៃរំលោភយកដីសហគមន៍ខាងលើនេះទេ ។ ដូច្នេះករណីនេះ លោកនឹងចាត់ឲ្យមន្ត្រីជំនាញ អាជ្ញាធរឃុំ និងសហគមន៍ ទៅពិនិត្យមើលដើម្បីចាត់វិធានការទប់ស្កាត់មិនឲ្យបុគ្គលណាមួយទៅរំលោ.ភយកដីព្រៃឈើរបស់សហគមន៍នេះបានឡើយ ៕






ចែករំលែកព័តមាននេះ