ខេត្តព្រះសីហនុ ៖ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ត្រី ជរ ហេង ស្នងការរងនគរបាល ខេត្តព្រះសីហនុ បានរៀបចំបើកសន្និសិទព័ត៌មានមួយ ដើម្បីបង្ហាញមុខអ្នកសមគំនិត និងជនជាឃាតកដៃដល់ ក្នុងការសម្លាប់តៃកុងទូកនេសាទ ដែលបានប្រព្រឹត្តក្នុងពេលកំពុងនេសាទនៅលើផ្ទៃសមុទ្រ កាលពីម៉ោង៨យប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ កន្លងមក ហើយត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានបន្ទាប់ពីធ្វើសកម្មភាពរំលងបាន២ថ្ងៃក្រោយ ។
លោកឧត្តមសេនីយ៍ត្រី ជរ ហេង បានឲ្យដឹងទៀតថា ជនសមគំនិត និងជនដៃដល់ដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ១-លឹម លុច (ហៅ ណយ) ភេទប្រុស អាយុ២១ឆ្នាំ ជាជនដៃដល់ និងជាកម្មករនេសាទមានស្រុកកំណើត ភូមិកន្ថោរ ឃុំអង្គសុភីខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ស្នាក់នៅបណ្តោះអាសន្ន លើទូកនេសាទត្រង់ចំណុចទំនប់រលកចាស់ ស្ថិតនៅភូមិ០៣ សង្កាត់ ០១ ក្រុង-ខេត្តព្រះសីហនុ ។ ២-លឹម សុធា ភេទប្រុស អាយុ ២១ឆ្នាំ ជាកម្មករនេសាទ (សមគំនិត) ទាំងពីរនាក់ជាបងប្អូនជីដូនមួយនឹងគ្នា មាន ស្រុកកំណើតជាមួយគ្នា ។ ដោយឡែកជនរងគ្រោះបានបាត់បង់ជីវិតឈ្មោះ រ៉ា ភេទ ប្រុស អាយុ៤៤ឆ្នាំ ជាតៃកុងទូកនេសាទ ស្នាក់នៅបណ្តោះអាសន្នជាមួយគ្នានៅលើទូក ។
លោកឧត្តមសេនីយ៍ត្រី បានបន្តអោយដឹងទៀតថា មុននឹងឈានដល់ការឃាត់ខ្លួនអ្នកសមគំនិត និងជនដៃដល់ជាឃាតកបាន គឺត្រូវធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ម្ចាស់ទូកនេសាទ និងបន្ទាប់ពីទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ធ្វើយ៉ាងណាត្រូវតែកំណត់ស្វែងរកមុខសញ្ញាឲ្យបានច្បាស់លាស់ និងតាមឃាត់ខ្លួនជន ល្មើសយកមកផ្តន្ទាទោសឲ្យខានតែបាន ។
បន្ទាប់ពីសមត្ថកិច្ចការិយាល័យកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានបើកការស៊ើបអង្កេតយ៉ាងល្អិតល្អន់លើសាវតាជាតិ របស់ជនសមគំនិត និងឃាតករួចមកដោយមានកិច្ចសហការពីស្នងការដ្ឋាននគរបាល ខេត្តកំពត នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចនគរបាលស្នងការដ្ឋាន ខេត្តព្រះសីហនុ បានឃាត់ខ្លួនជនដៃដល់ឈ្មោះ លឹម លុច នៅចំណុចមុខរោងចក្រញូវស្តារ ស្ថិតនៅសង្កាត់ ០១ ក្រុង-ខេត្តព្រះសីហនុ ។ បន្ទាប់ពីការសាកសួរជនដៃដល់ យ៉ាងល្អិតល្អន់រួចមក និងតាមចម្លើយសារភាពពីអត្តសញ្ញាណនៅវេលាម៉ោង ៣រសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ កម្លាំងស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ សហការណ៍ជាមួយស្នងការដ្ឋាននគរបាល ខេត្តកំពត បានធ្វើការឃាត់ខ្លួនឈ្មោះ លឹម សុធា ជាបក្ខពួកក្នុងការសមគំនិត សម្លាប់ជនរងគ្រោះ ហើយបានរត់គេចទៅសម្ងំលាក់ខ្លួន នៅឯស្រុកកំណើត ឯភូមិកន្ថោរ ឃុំអង្គសុភីខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។
នៅចំពោះមុខសមត្ថកិច្ច ជនសមគំនិត និងជនដៃដល់បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពយកពូថៅ វាយចំនួន ២ខ្នងពូថៅ ទៅលើក្បាលជនរងគ្រោះបណ្តាលឲ្យធ្លាក់ទៅក្នុងទឹកសមុទ្រ ដោយសារតែគេមានកំហឹងជាមួយនឹងជនរងគ្រោះ ដែលប្រើគេឲ្យចុះដោះមង ដែលរុំជាប់នឹងស្លាបចក្រទូក ហើយគេប្រកែកមិនព្រមចុះ ព្រោះរូបគេមិនធ្លាប់ចុះទៅក្នុងទឹកសមុទ្រនៅពេលយប់ ។ បន្ទាប់ពីជនរងគ្រោះជាតៃកុង បើកបរទូកនេសាទខាងលើនេះ ប្រើជនដៃដល់មិនបាន ក៏មានកំហឹងដើរចេញមកពីក្នុងទូក ហើយរុញច្រានខ្លួនប្រាណជនដៃដល់ខ្ទប់ទៅនឹងជញ្ជាំងទូក និង ទាញយកអង្រែបុកគ្រឿង មកជ្រលបម្រុងវាយទៅលើជនដៃដល់ ។
ដោយសារតែទប់នឹងកំហឹងមិនបាន ជនដៃដល់ក៏បានពូថៅកាប់ទឹកកក ដែលទុកក្បែរនោះ មកវាយទៅលើក្បាលជនរងគ្រោះ បណ្តាលឲ្យធ្លាក់ទៅក្នុងទឹកសមុទ្រ ។ ពេលនោះជនរងគ្រោះបានហែលទៅតោង នឹងខ្សែង៉ាងមងអូស ចង់តោងឡើងមកលើទូកវិញ ប៉ុន្តែត្រូវបានជនដៃដល់យកកាំបិតកាប់ខ្សែផ្តាច់ចោល រួចក៏នាំគ្នាបើកទូករត់គេចខ្លួន ទៅខេត្តកោះកុង ទុកឲ្យជនរងគ្រោះអណ្តែតនៅក្នុងសមុទ្រ ហើយក៏បាត់ខ្លួនរហូតមកទល់សព្វថ្ងៃនេះ ដោយរកសាកសពមិនឃើញឡើយ ។
ដោយឡែកជនដៃដល់ និងអ្នកសមគំនិត បន្ទាប់ពីធ្វើសកម្មភាពរួចពួកគេទាំងពីរបានបើកទូកចូលទៅកំពង់ផែកោះស្តេច ក្នុងខេត្តកោះកុង ហើយក៏ឡើងទៅសម្ងំលាក់ខ្លួនក្នុងផ្ទះសំណាក់ បាន១យប់ ក៏បែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន លុះដល់ពេលវេលាខាងលើ ខណៈដែលគេវិលត្រលប់មកខេត្តព្រះសីហនុ ដើម្បីប្រមូលយកខោអាវនៅហាងបោកគក់ ក៏ត្រូវសមត្ថកិច្ចនគរបាល ឃាត់ខ្លួនតែម្តង និងឈានដល់ការឃាត់ខ្លួនបក្ខពួកម្នាក់ទៀត ដែលជាជនដៃដល់តាមពេលវេលាខាងលើ ។ បច្ចុប្បន្នជនដៃដល់ និងអ្នកសមគំនិតត្រូវបាននគរបាលការិយាល័យកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាល ខេត្តកោះកុង ដែលជាទីតាំងកើតហេតុ ដើម្បីកសាងសំណុំរឿងបន្ត និងបញ្ជូនខ្លួនទៅសាលាដំបូង ខេត្តកោះកុង ដើម្បីផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់ ។
ចែករំលែកព័តមាននេះ