បាតុកម្មនានាត្រូវបានគេរៀបចំធ្វើកាលពីថ្ងៃទី១៣ មីនា ក្នុងប្រទេសប្រេស៊ីលទាំងមូល ដើម្បីទាមទារឱ្យប្រធានាធិបតីឆ្វេងនិយមលោកស្រី DILMA ROUSSEFF ចាកចេញពីតំណែងញ៉ាំងឱ្យមានវិបត្តិនយោបាយចម្បងមួយ ដែលគំរាមកំហែងនាំទៅដល់ការដកហូតតំណែងលោកស្រី ។
លោកស្រី ROUSSEFF នាយប់ថ្ងៃទី១២ មីនា បានអំពាវនាវដល់ប្រជាជនប្រេស៊ីលឱ្យធ្វើបាតុកម្មដោយសន្តិវិធី ខណៈមានការភ័យខ្លាចចំពោះការប៉ះទង្គិចគ្នារវាងពួកអ្នកប្រឆាំង និងពួកអ្នកគាំទ្ររដ្ឋាភិបាល ។ លោកស្រីមានប្រសាសន៍ថា ខ្ញុំអំពាវនាវចៀសវាងកុំឱ្យមានអំពើហិង្សា ។ គ្រប់គ្នាសុទ្ធតែមានសិទ្ធិធ្វើបាតុកម្ម ហើយគ្មានមនុស្សណាម្នាក់មានសិទ្ធិបង្កអំពើហិង្សាឡើយ ។
ពួកប្រឆាំងសង្ឃឹមប្រមូលផ្តុំពួកអ្នកគាំទ្រយ៉ាងច្រើន ដើម្បីធ្វើការគាបសង្កត់លើសភាដែលនៅរារែកពុំព្រមបោះឆ្នោតអនុម័តគាំទ្រ ឬប្រឆាំងការចាកចេញរបស់លោកស្រីប្រធានាធិបតីឆ្វេងនិយមក្នុងបណ្តាសប្តាហ៍ខាងមុខ ។ បាតុកម្មត្រូវបានប្រកាសថា កើតមានក្នុងទីក្រុងយ៉ាងតិច៤៣៨របស់ប្រេស៊ីល ខណៈដែលប្រទេសមានសេដ្ឋកិច្ចហក់ឡើងនៅអាមេរិកឡាទីននេះ កំពុងជួបប្រទះវិបត្តិធ្ងន់ធ្ងរដល់ទៅ៣ ។ ប្រេស៊ីលចាប់ផ្តើមឆ្នាំទី២ខាងការស្រុតចុះនៃសេដ្ឋកិច្ច ខណៈវិបត្តិនយោបាយកើតឡើងមកពីរឿងអាស្រូវពុករលួយរបស់ក្រុមហ៊ុន PETROBRAS ធ្វើឱ្យស្ទះសកម្មភាពនៃរដ្ឋាភិបាលគណបក្សពលករដែលកាន់អំណាចចាប់តាំងពីឆ្នាំ២០០៣មក ។
ពួកអ្នករៀបចំបាតុកម្មថ្ងៃទី១៣ មីនា ស្ថិតក្នុងបណ្តាចលនាពលរដ្ឋដែលធ្លាប់រៀបចំធ្វើកាលពីឆ្នាំទៅមិញ នូវបាតុកម្មតវ៉ាប្រភេទនេះរយៈពេល៣ថ្ងៃ ៕
ចែករំលែកព័តមាននេះ