របបស៊ីរីបានព្រមានកាលពីថ្ងៃទី១២ មីនា ថា វាសនារបស់ប្រធានាធិបតីលោកបាចា អាល់អាសាដ ជាខ្សែបន្ទាត់ក្រហមមួយ ហើយបដិសេធមិនលើកយកបញ្ហានេះមកជជែកជាមួយពួកប្រឆាំងក្នុងឱកាសនៃការចរចា ដោយប្រយោលគ្រោងធ្វើចាប់ពីថ្ងៃទី១៤ មីនា ទៅ នៅក្រុងហ្សឺណែវ ។
ខណៈដែលសង្គ្រាមបំផ្លិចបំផ្លាញនៅស៊ីរីនាថ្ងៃទី១៥ មីនា ចូលដល់ឆ្នាំទី៦នោះ វាសនារបស់លោកអាសាដ នៅតែជាបញ្ហាសំខាន់នៃការខ្វែងគំនិតគ្នារវាងរបបស៊ីរី និងពួកប្រឆាំង ព្រមទាំងពួកសម្ព័ន្ធមិត្តបរទេសឱ្យលោកចាកចេញពីអំណាច ។
ច្រកចេញនៃការចរចានៅតែមិនច្បាស់ទាំងស្រុង ព្រោះតែមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង រវាងរបបស៊ីរី គាំទ្រដោយរុស្ស៊ី និងអុីរ៉ង់ និងពួកប្រឆាំងគាំទ្រដោយពួកលោកខាងលិច ពិសេសសហរដ្ឋអាេមរិក តួកគី និងបណ្តាប្រទេសអារ៉ាប់ ។
ក្នុងសន្និសីទសារព័ត៌មួយនាទីក្រុងដាម៉ាស់ រដ្ឋមន្ត្រីការបរទេសស៊ីរី លោក WALID MOUALLEM អះអាងថា យើងនឹងមិនចរចាជាមួយអ្នកណាដែលចង់ពិភាក្សាពីវាសនាប្រធានាធិបតី លោកបាចា អាល់អាសាដ ដែលជាខ្សែបន្ទាត់ក្រហមមួយ ហើយប្រសិនបើពួកប្រឆាំងចង់បន្តប្រកាន់ជំហរបែបនេះ យកល្អពួកគេមិនចាំបាច់មកកាន់ទីក្រុងហ្សឺណែវឡើយ ។ របៀបវារៈនៃការចរចាដែលគ្រោងធ្វើពីថ្ងៃទី១៤ ដល់២៤ មីនា គឺការបង្កើតរដ្ឋាភិបាលថ្មីសុទ្ធសាធមួយ រដ្ឋធម្មនុញ្ញថ្មីមួយ និងការបោះឆ្នោតសភា ព្រមទាំងប្រធានាធិបតីថ្មីដែលត្រូវរៀបចំធ្វើក្នុងរយៈពេល១៨ខែ ក្រោមការឧបត្ថម្ភរបស់ អ.ស.ប ។
ពួកប្រឆាំងទាមទារឱ្យបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយដែលមានគ្រប់អំណាចប្រតិបត្តិ ហើយក្នុងនោះពុំមានលោកអាសាដ ។ ប្រមុខអ្នកចរចារបស់ពួកប្រឆាំង លោក ASSAD AL ZOABI បានមកដល់ក្រុងហ្សឺណែវនាថ្ងៃទី១២ មីនា ពេលដែលរបបក្រុងដាម៉ាស់ គំរាមមិនទៅចូលរួមក្នុងការចរចា ប្រសិនបើពួកប្រឆាំងមិនទៅដល់ក្រុងហ្សឺណែវនាថ្ងៃទី១៤ មីនា ទេនោះ ។
រដ្ឋមន្ត្រីការបរទេសស៊ីរីអះអាងថា គណៈប្រតិភូរបស់លោកនឹងទៅកាន់ក្រុងហ្សឺណែវនាថ្ងៃទី១៣ មីនា ។ លោកថារឿងបោះឆ្នោតជ្រើសរើសប្រធានាធិបតីមានតែប្រជាជនស៊ីរីទេ ជាអ្នកសម្រេច ។
ចំណែកកាលពីថ្ងៃទី១២ មីនា ក្រុមឧទ្ទាមអ៊ិស្លាមនិយម AHRAR AL-CHAM បានបាញ់ធ្លាក់យន្តហោះប្រយុទ្ធមួយគ្រឿងធុន MIG-21 របស់របបក្រុងដាម៉ាស់ពីលើភូមិឧទ្ទាមត្រួតត្រា KAFR NABOUDA ខេត្តហាម៉ា ។ កងទ័ពស៊ីរីចោទប្រកាន់ពួកឧទ្ទាមថា រំលោភបំពានលើបទឈប់បាញ់គ្នាដោយបាញ់ធ្លាក់យន្តហោះនេះពេលត្រៀមចុះចតនៅឯមូលដ្ឋានអាកាសចរណ៍មួយ ។
ពួកឧទ្ទាមគូសបញ្ជាក់ថា យន្តហោះនេះត្រូវបាញ់ធ្លាក់ជិតមូលដ្ឋានយោធាមួយស្ថិតក្រោមការត្រួតត្រារបស់រដ្ឋាភិបាល ។ យន្តហោះនេះបានចេញទៅវាយប្រហារបណ្តាទីតាំងពួកឧទ្ទាមនៅ KAFAR NABODEH ជាទីក្រុងមួយនៃខេត្តហាម៉ា ។ យោងតាមវីដេអូមួយគេឃើញអ្នកបើកអាចលោតចេញតាមឆត្រយោង ។
រីឯរដ្ឋមន្ត្រីការបរទេសអាេមរិក លោកចន ឃ័ររី ប្រកាសនាថ្ងៃទី១២ មីនា ពីការពិគ្រោះពិភាក្សាអាេមរិក-រុស្ស៊ីស្តីពីការរំលោភបំពានបទឈប់បាញ់គ្នានៅស៊ីរី ២ថ្ងៃមុន ពេលបើកការចរចាសន្តិភាពជាថ្មីរវាងពួកប្រឆាំង និងរបបក្រុងដាម៉ាស់ ។
នៅឯមូលដ្ឋានយោធា ROI KHALED ភាគខាងជើងអារ៉ាប៊ី សាអ៊ូឌីត ជាកន្លែងដែលលោកពិភាក្សាជាមួយបណ្តាអ្នកទទួលខុសត្រូវអារ៉ាប៊ី សាអ៊ូឌីត លោកចន ឃ័ររី ថ្លែងថា ក្រុមអ្នកសង្កេតការណ៍របស់យើងនឹងជួបជាមួយក្រុមអ្នកសង្កេតការណ៍រុស្ស៊ី ទាំងនៅក្រុងហ្សឺណែវក៏ដូចជានៅក្រុងអាម៉ង់ ទាក់ទិននឹងការរំលោភបំពានបទឈប់បាញ់គ្នាទាំងនេះ ។
កាលពីថ្ងៃទី១១ មីនា ជនស៊ីវិលយ៉ាងតិច៥នាក់ស្លាប់ ហើយមនុស្ស១០នាក់ទៀតរងរបួសក្នុងការវាយប្រហារតាមអាកាសរបស់របបក្រុងដាម៉ាស់លើសង្កាត់ឧទ្ទាមមួយនៃទីក្រុងអាឡែប ដែលអង្គការសិទ្ធិមនុស្សស៊ីរី OSDH ចាត់ទុកជាការរំលោភបំពានធ្ងន់ធ្ងរមួយលើបទឈប់បាញ់គ្នា ។
ទោះបីយ៉ាងណាតាមសម្តីរបស់លោកចន ឃ័ររី ថា កម្រិតនៃការរំលោភបំពានត្រូវបានកាត់បន្ថយពី៨០% ទៅ៩០%មានន័យថា គួរឱ្យលើកទឹកចិត្ត ។ លោកបន្តថា របបលោកអាសាដ មិនត្រូវធ្វើអាជីវកម្មលើបទឈប់បាញ់គ្នា ដើម្បីវាតទឹកដីកាន់កាប់ឡើយ ខណៈពួកប្រឆាំងប៉ុនប៉ងគោរព ៕
ចែករំលែកព័តមាននេះ