ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់ ខណៈបក្សពួក២នាក់ទៀតបាននិងកំពុងរត់ចោលស្រុកដើម្បីគេចខ្លួនពីការតាមប្រមាញ់របស់សមត្ថកិច្ច ពាក់ព័ន្ធសំណុំរឿងឃាតកម្មលើមន្ត្រីយោធាម្នាក់នៅតំបន់ព្រៃរនាមបឹងទន្លេសាបកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ ។
លោកឧត្តសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្ត បានឲ្យដឹងថា ករណីសម្លាប់មន្ត្រីយោធាម្នាក់នៅតំបន់ព្រៃរនាមបឹងទន្លេសាប ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ កាលពីប៉ុន្មានថ្ងៃមុននេះ គឺជនសង្ស័យមានបក្សពួក៥នាក់ ដែលពេលនេះសមត្ថកិច្ចឃាត់ខ្លួនបាន៣នាក់ហើយ ហើយបក្សពួក២នាក់ទៀតកំពុងរត់គេចខ្លួន ។ ជនសង្ស័យទាំង៣នាក់ដែលត្រូវឃាត់ខ្លួនមាន ១-ឈ្មោះ ភៀត ក្លែប អាយុ៣៤ឆ្នាំ, ២-ឈ្មោះ ថន ថៃ អាយុ៣៧ឆ្នាំ និង ៣-ឈ្មោះ ខាន ភឿត អាយុ២៩ឆ្នាំ ពួកគេរស់នៅក្នុងភូមិតាហែន២ ឃុំរកា ស្រុកសង្កែ រីឯជនសង្ស័យ២នាក់ទៀតដែលកំពុងរត់គេចខ្លួនឈ្មោះ ម៉េង ភឿន អាយុ៣៥ឆ្នាំ នៅភូមិស្ពង់ ឃុំអន្លង់វិល ស្រុកសង្កែ ជាមេខ្លោង និងឈ្មោះ ស៊ើន សាន អាយុ២៣ឆ្នាំ នៅភូមិតហែន២ ឃុំរកា ។
លោក ជេត វណ្ណនី បានបញ្ជាក់ថា ក្រុមជនសង្ស័យ និង ជនរងគ្រោះឈ្មោះ លន់ សុឃា ហៅ ជីម អាយុ៤៧ឆ្នាំ បានផ្ទុះជម្លោះនៅក្នុងវង់ផឹកស៊ីព្រោះតែរឿង «ផឹកដាច់-មិនដាច់» លុះបែកហ្វូងគ្នាជិតពាក់កណ្ដាលអាធ្រាត្រ ក្រុមជនដៃដល់តាមស្ទាក់វាយសម្លាប់ជនងរគ្រោះកណ្ដាលផ្លូវក្នុងព្រៃរនាមតែម្ដងទៅ ។
សូមបញ្ជាក់ថា ជនរងគ្រោះឈ្មោះលន់ សុឃា ហៅ ជីម អាយុ៤៧ឆ្នាំ រស់នៅភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង និងជាមន្ត្រីយោធាជើងគោកនៅមណ្ឌលទី៥«ក២»ប្រចាំទិសតំបន់ទន្លេសាប ត្រូវក្រុមជនដៃដល់៥នាក់ព្រូតគ្នាវាយ និងកាប់នឹងពូថៅផងរហូតដល់ស្លាប់កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី០៩ មីនា នៅចំណុចបឹងស្វាយត្រាំ ភូមិព្រៃទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ហើយត្រូវគេប្រទះឃើញសាកសពនៅរសៀលថ្ងៃទី១០ ខែមីនា ដែលមានស្នាមរបូសពេញផ្ទៃមុខ និងក្បាល ។
លោកស្នងការរងនគរបាលខេត្តបញ្ជាក់បន្ថែមថា ជនសង្ស័យមួយក្រុមនេះអាចជាប់សង្ស័យពីបទ «ឃាតកម្មដោយគិតទុកជាមុន» ព្រោះពួកគេបានសារភាពគ្រប់បែបយ៉ាងអស់ហើយក្នុងការរៀបចំគម្រោងសម្លាប់ជនរងគ្រោះក្រោយពីផ្ទុះជម្លោះក្នុងវង់ផឹកស៊ី ៕
ចែករំលែកព័តមាននេះ