ពួកអ្នកជួយសង្គ្រោះអីុតាលីរាយការណ៍ថា អ្នកឡើងភ្នំ៦នាក់បានត្រូវស្លាប់កាលពីថ្ងៃទី១២ មីនា ដោយសារការបាក់ទឹកកកដែលនាំទៅជាមួយនូវមនុស្សមួយក្រុមមានគ្នា១៥នាក់ នៅកន្លែងមួយកម្ពស់ជាង៣.៣០០ម៉ែត្រ ក្នុងតំបន់ភ្នំ MONTE NEVOSO ជួរភ្នំ ALPES នាព្រំដែនជាមួយប្រទេសអូទ្រីស ។
ក្នុងចំណោមជនរងគ្រោះមានជនជាតិអីុតាលី៥នាក់ រួមទាំងក្មេងជំទង់អាយុ១៦ឆ្នាំម្នាក់ផង និងនារីជនជាតិអូទ្រីសម្នាក់ ។ យោងតាមក្រុមអ្នកជួយសង្គ្រោះថា នារីជនជាតិអូទ្រីសម្នាក់ដែលរងរបួសត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យ BRUNICO ដែលនៅជិត ។ អ្នកឡើងភ្នំ៨នាក់ទៀតរួចផុតពីគ្រោះថ្នាក់ ដោយមួយចំនួនអាចកាយទឹកកកវាចេញបានដោយខ្លួនឯង ។
នាចុងព្រឹកថ្ងៃទី១២ មីនា មានការបាក់ព្រិល យ៉ាងធំប្រវែង៣០០ម៉ែត្រ នាំយកក្រុមអ្នកឡើងភ្នំមានគ្នា១៥នាក់ ពេលពួកគេឡើងដល់ក្បែរកំពូលភ្នំ MONTE NEVOSO តំបន់ HAUT-ADIGE ទៅហើយ ។
ឧទ្ធម្ភាគចក្រ៤គ្រឿងត្រូវបានបញ្ជូនទៅកាន់តំបន់នេះ ក៏ប៉ុន្តែប្រតិបត្តិការជួយសង្គ្រោះមានភាពស្មុគស្មាញ ព្រោះទីនោះស្ថិតលើកំពូលភ្នំខ្ពស់ដល់៣.៣៥៨ម៉ែត្រ ។ សរុបអ្នកជួយសង្គ្រោះ១០០នាក់ ព្រមទាំងឆ្កែហិតក្លិនបានចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះធំនេះ ៕
ចែករំលែកព័តមាននេះ