យោងតាមប្រភពព័ត៌មានសន្តិសុខថា យុទ្ធជនអាល់កៃដាយ៉ាងតិច១២នាក់ និងសមាជិកកងកម្លាំងសន្តិសុខ២នាក់បានត្រូវសា្លប់កាលពីថ្ងៃទី១២ មីនា ក្នុងការប្រយុទ្ធគ្នាយ៉ាងសាហាវនានា និងការទម្លាក់គ្រាប់បែករបស់ក្រុមចម្រុះអារ៉ាប់នៅទីក្រុងអាដេនជាទីក្រុងធំទី២របស់យេម៉ែន ។
កងយន្តហោះប្រយុទ្ធ និងបណ្តាឧទ្ធម្ភាគចក្រធុន APACHE របស់ក្រុមចម្រុះបានចេញធ្វើការវាយប្រហារជួយទ្រទ្រង់ដល់កងកម្លាំងសន្តិសុខចំនួន៤លើក ខណៈកងកម្លាំងនេះជាប់ដៃក្នុងការប្រយុទ្ធគ្នាជាមួយពួកជីហាដ អាល់កៃដា នៅអាល់ម៉ាន់ ស៊ូរ៉ាហ៍ ជាសង្កាត់មួយនៃក្រុងអាដេនក្លាយជាទីតាំងរបស់បណ្តាញអាល់កៃដា ។
ការប៉ះទង្គិចគ្នាដែលនៅបន្តនាពេលយប់បានផ្ទុះឡើងនាចុងរសៀលថ្ងៃទី១២ មីនា ពេលកងកម្លាំងសន្តិសុខដាក់បារ៉ាស់ត្រួតពិនិត្យថ្មីៗនៅជុំវិញសង្កាត់អាល់ម៉ាន់ស៊ូរ៉ាហ៍ ដើម្បីប៉ុនប៉ងកាត់បន្ថយអសន្តិសុខក្នុងទីក្រុង ។
សាក្សីទាំងឡាយគូសបញ្ជាក់ថា ជនប្រដាប់អាវុធជាច្រើនសិបនាក់លើកទង់អាល់កៃដាបានរាយកម្លាំងនៅតាមវិថីទាំងឡាយ ដើម្បីវាយរុញច្រានកងកម្លាំងសន្តិសុខ ។
ក្នុងសេចក្តីប្រកាសមួយ កងកម្លាំងសន្តិសុខគូសបញ្ជាក់ថា យុទ្ធនាការរបស់ខ្លួនប្រឆាំងសាខាពួកភេរវករប្រដាប់អាវុធនៅអាល់ម៉ាន់ស៊ួរ៉ាហ៍ នឹងបន្តទៀត ដើម្បីធានាសន្តិសុខប្រជាជនក្រុងអាដេន ។
គឺនៅទីក្រុងអាដេន ដែលរដ្ឋាភិបាលរបស់ប្រធានាធិបតីយេម៉ែន លោកអាប់ដ៍ រ៉ាបូ ម៉ាន់សួរ បោះទីតាំងនៅទីនោះពេលរង់ចាំវាយដណ្តើមយករដ្ឋធានីសាណា កាន់កាប់ដោយពួកឧទ្ទាមស៊ីអីុតហ៊ូធី ។
ពួកជីហាដអាល់កៃដា និងក្រុមរដ្ឋអ៊ិស្លាមឆ្លៀតឱកាសនៃសង្គ្រាមនៅយេម៉ែនរវាងពួកហ៊ូធី និងរដ្ឋអំណាចបានពង្រឹងវត្តមានរបស់ពួកគេនៅភាគខាងត្បូងប្រទេស ក្នុងនោះនៅទីក្រុងអាដេនផង ៕
ចែករំលែកព័តមាននេះ