រាជធានីភ្នំពេញ ៖ មួយរយៈពេលនេះ អ្នកគួកជេដីធ្លីក្រៅប្រពន្ធ័ ហាក់ដូចជាបំផុសបំផុលពីបញ្ហាដីធ្លីដោយលើកឡើងថា តម្លៃដីធ្លីអាចនឹងធ្លាក់ចុះដូចឆ្នាំ២០០៨ ដោយសារតែឆ្នាំខាងមុខ ប្រទេសកម្ពុជានឹងមានព្រឹត្តិការណ៍បោះឆ្នោតមកដល់ ។ មួយវិញទៀត គឺមានការលើកឡើងថា ជិតដល់វដ្ដនៃដីធ្លីដែលត្រូវធ្លាក់ចុះហើយដែរ វាមិនដែលឡើងរហូតនោះទេ ។
ទាក់ទិននឹងការលើកឡើងបែបនេះ អ្នកជំនាញខាងវិស័យដីធ្លី ឬអ្នកប្រឹក្សាដែលមានច្បាប់ត្រឹមត្រូវ បានលើកឡើងផ្ទុយពីនេះ ហើយក៏មិនទាន់មានការព្រួយបារម្ភពីបញ្ហាធ្លាក់ចុះនោះដែរ ។
លោក ឌឹត ចណ្ណា នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖ « នៅក្នុងអំឡុងពេលនេះ មិនទាន់អាចមានការព្យាករណាមួយច្បាស់លាស់ពីបញ្ហាដីធ្លីនៅឡើយទេ ។ ប្រទេសមួយចំនួនតែងតែមានបញ្ហាដីធ្លី នៅពេលបោះឆ្នោត ដោយសារតែស្ថានភាពនយោបាយអាចនឹងប្រែប្រួល តែសម្រាប់កម្ពុជា នៅមិនទាន់ច្បាស់ទេ ហើយការបោះឆ្នោត ក៏មិនទាន់មកដល់ ដូចនេះមិនមានការព្យាករថា ធ្លាក់ចុះប៉ុន្មាននោះទេ »។
លោកបន្ដថា ៖« យោបល់ដែលនិយាយថា ជិតបោះឆ្នោតមានការប្រែប្រួលតម្លៃអចលនទ្រព្យនោះ យើងមិនអាចនិយាយត្រូវទាំងអស់នោះទេ ព្រោះអ្វីៗអាចនឹងមានភាពល្អប្រសើរឡើង នៅពេលបោះឆ្នោត ឬបោះឆ្នោតរួច ជួនកាលដីធ្លីមិនធ្លាក់ បែរជាឡើងថ្លៃវិញក៏អាចថាបាន » ។
លោកលើកឡើងថា ៖ « ដីធ្លីឡើង ឬធ្លាក់ វាមិនមែនសំដៅតែលើកត្តាជិតបោះឆ្នោត ឬស្ថានភាពនយោបាយតែមួយទេ វាអាស្រ័យលើកត្តាផ្សេងៗទៀត ដូចជា កត្តាសុវត្ថិភាព កត្តាសេដ្ឋកិច្ចដែលមានសេដ្ឋកិច្ចក្នុងស្រុក និងសេដ្ឋកិច្ចសកល ហើយក្រៅពីនោះ ក៏មានកត្តាស្ថានភាពអ្នកវិនិយោគនៅក្នុងស្រុកដែរ » ។
«អ្នកវិភាគ ឬអ្នករកស៊ីមួយចំនួន គាត់ព្យាករណ៍បញ្ហាដីធ្លីតែលើកត្តាមួយចំណុចទេ ដែលវាមិនទាន់ត្រឹមត្រូវ១០០%នោះដែរ ត្រូវទាមទារឲ្យមានការវិភាគទៅលើកត្តាផ្សេងៗទៀត ។ ថ្វីដ្បិតតែយើងបោះឆ្នោតមែន តែបើបោះហើយ អត់មានអ្វីប្លែក អត់មានអ្វីដែលធ្វើឲ្យប៉ះពាល់ បូករួមជាមួយកំណើនសេដ្ឋកិច្ចយើងល្អ សេដ្ឋកិច្ចសកលក៏ល្អ រឿងអីដែលដីធ្លី មានបញ្ហានោះ» ។ នេះជាការបញ្ជាក់របស់លោកនាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យឡាក់គី ។
លោកបញ្ជាក់បន្ថែមថា ៖ « នៅឆ្នាំ២០១៦នេះ ស្ថានភាពដីធ្លីនៅតែមានសញ្ញាណមួយល្អ មិនមានបញ្ហានោះទេ គ្រាន់តែវាមិនឡើងខ្លាំងដូចកាលពីឆ្នាំ២០១៥ ដោយសារតែឆ្នាំ២០១៥តម្លៃរបស់វាបានឡើងខ្ពស់ទៅហើយ ដូចនេះនៅឆ្នាំ២០១៦ វាឡើងដែរ តែតិចតួច និងមិនមានបញ្ហានោះទេ » ។
លោកប៉ូ អ៊ាវគង់ ប្រធានក្រុមហ៊ុនអចលនទ្រព្យអេស៊ា រៀលអុីស្ទេត បានឲ្យដឹងថា តម្លៃអចលនទ្រព្យ គេមិនអាចព្យាករណ៍តែលើពេលវេលាជិតបោះឆ្នោតនោះទេ វាអាស្រ័យទៅលើស្ថានភាពធំពីរ គឺស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា និងស្ថានភាពនយោបាយ ។
លោកមានប្រសាសន៍ថា ៖ « បើសិនជានៅពេលបោះឆ្នោតហើយ ស្ថានភាពនយោបាយ មិនមានបញ្ហា ឬអ្នកនយោបាយអាចដោះស្រាយបានល្អនោះ ខ្ញុំគិតថា វាមិនផ្ដល់លក្ខខណ្ឌណាមួយដែលធ្វើឲ្យតម្លៃដីធ្លីធ្លាក់ចុះនោះទេ ។ មួយវិញទៀត បើសិនជាស្ថានភាពសេដ្ឋកិច្ចកម្ពុជាយើងនៅតែរក្សាបានកំណើនខ្ពស់ កំណើនល្អ ក្នុងរង្វង់៧ទៅ៨ភាគរយប្រចាំឆ្នាំ វាមិនមានឥទ្ធិពលនិងធ្វើឲ្យដីធ្លីធ្លាក់ចុះទេ » ។
លោកបន្តថា ៖ «តាមធម្មតាចលករនៃវិស័យដីធ្លី វាមានឡើងមានចុះ តែត្រង់ថាពេលណាចុះពេលណាឡើងក៏មិនទាន់ដឹងដែរ ។ ចំពោះអ្នកគួកជេដែលបកស្រាយថា ដីធ្លីអាចនឹងធ្លាក់នៅពេលជិតបោះឆ្នោត ឬបោះឆ្នោតហើយនោះ វាមិនប្រាកដទេ » ។ លោកថា សព្វថ្ងៃនេះកម្ពុជាជាសមាជិកមួយនៅក្នុងបណ្ដាប្រទេសអាស៊ាន ហើយលំហូរនៃអ្នកវិនិយោគចូលមកកាន់ប្រទេសកម្ពុជាក៏ច្រើន និងមានទំនាក់ទំនងគ្នាទៅវិញទៅមក ដូចនេះបើសិនជាកើតមានបញ្ហាធ្លាក់មែននៅរយៈពេលពីរបីឆ្នាំខាងមុខ ខ្ញុំគិតថា វាមិនអាចធ្លាក់ដូចកាលពីឆ្នាំ២០០៨នោះដែរ វាអាចប៉ះពាល់ផ្នែកខ្លះតិចតួចប៉ុណ្ណោះ » ៕
ចែករំលែកព័តមាននេះ