ចាប់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀនជនជាតិថៃម្នាក់ ខ្មែរម្នាក់ និងថ្នាំញៀនជិត១គីឡូក្រាម
ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលជំនាញការិយាល័យកណ្តាលប្រឆាំងបទល្មើស នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦នេះ បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ២នាក់ …
ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលជំនាញការិយាល័យកណ្តាលប្រឆាំងបទល្មើស នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦នេះ បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ២នាក់ …
ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលជំនាញការិយាល័យកណ្តាលប្រឆាំងបទល្មើស នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦នេះ បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ២នាក់ ម្នាក់ជាជនជាតិថៃ និងម្នាក់ទៀតជាជនជាតិខ្មែរ ជាប់ចោទពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
លោកវរសេនីយ៍ទោ ធិន ស៊ិនដេត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា មុខសញ្ញាជួញដូរគ្រឿងញៀនដែលត្រូវបានចាប់ឃាត់ខ្លួនម្នាក់ឈ្មោះ ស៊ែចាវ ចាន់យ៉ាន់ ភេទប្រុស អាយុ៦៧ឆ្នាំ ជាជនជាតិថៃ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៦៩ សង្កាត់សយស៊ែរចិន្តណារ៉ា ក្រុងបាកក ជាមេខ្លោងជួញដូរគ្រឿងញៀន និងម្នាក់ទៀតឈ្មោះ អន ខេន ហៅង៉ែត ភេទប្រុស អាយុ៦៥ឆ្នាំ ជាជនជាតិខ្មែរ មានទីលំនៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាបក្សពួក និងជាអ្នកបកប្រែភាសាថៃឲ្យឈ្មោះ ស៊ែចាវ ចាន់យ៉ាន់ ។
លោកវរសេនីយ៍ឯក ចាប សុផាប្ញទ្ធិ ស្នងការរងទទួលបន្ទុកប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើស បានឲ្យដឹងថា នៅវេលាម៉ោង៦ និង៣០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ កម្លាំងការិយាល័យនគរបាលប្រឆាំងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់(ក៤) នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ និងដោយមានការសម្របសម្រួលពីលោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនទាំង២នាក់នេះនៅចំណុចខាងកើតរង្វង់មូលក្រុងប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជាមួយនឹងការបង្ក្រាបនេះសមត្ថកិច្ចដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនអាយស៍(ខេទឹកកក)ចំនួន១ថង់ធំទម្ងន់ស្មើ៧៤៥,៥ក្រាម, ទូរស័ព្ទដៃ៣គ្រឿង, លិខិតឆ្លងដែនជនជាតិថៃ១ក្បាល,សៀវភៅធនាគារ១ក្បាល, ម៉ាស៊ីនគិតលេខ១ ។
លោកស្នងការរងក៏បានបញ្ជាក់ទៀតថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ កម្លាំងនគរបាលការិយាល័យជំនាញនគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងការប្រៀប្រាស់គ្រឿងញៀនខុសច្បាប់(ក៤)នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ចុះឆែកឆេរបន្ទប់ជួលរបស់មេខ្លោងជនជាតិថៃរូបនេះពីការទំនាក់ទំនងយកថ្នាំញៀនមកលាក់ទុកនៅក្នុងបន្ទប់ជួល តែពុំមានលទ្ធផលអ្វីទេ គឺមានតែថ្នាំញៀនដែលយើងធ្វើការដកហូតបានជាក់ស្តែងប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀតជនសង្ស័យឈ្មោះ ស៊ែចាវ ចាន់យ៉ាន់ រូបនេះ បើតាមចម្លើយសារភាពរបស់គេ គឺធ្លាប់បានជាប់ពន្ធនាគារនៅប្រទេសថៃរយៈពេល២០ឆ្នាំ ទើបចេញបានយៈពេល៥ឆ្នាំ ហើយមកលេងកាស៊ីណូនៅក្នុងទឹកដីខ្មែរ មានគំនិតប្រព្រឹត្តការជួញដូរគ្រឿងញៀនបន្តទៀត ក៏ជាប់អន្ទាក់សមត្ថកិច្ចនគរបាលយើងតែម្តង ។
បច្ចុប្បន្នជនសង្ស័យជាមេខ្លោង និងបក្សពួក ព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ ៕
ចែករំលែកព័តមាននេះ