ខេត្តមណ្ឌលគិរី ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារមែកឈើបាក់សង្កត់លើ ខណៈជនរងគ្រោះទៅកាប់ព្រៃនិងជម្រះស្មៅក្នុងចំការរបស់ខ្លួន ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១១ មីនា ២០១៦ ស្ថិតនៅក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ។
សេចក្តីរាយការណ៍បានបន្តថា ជនរងគ្រោះឈ្មោះ ប៉ញ់ គូស អាយុ៥២ឆា្នំ ជនជាតិភាគតិចព្នង បានចេញពីផ្ទះតំាងពីព្រឹកព្រលឹមដើម្បីទៅកាប់ព្រៃនិងជម្រះស្មៅនៅក្នុងចំការ លុះបាត់មិនឃើញត្រឡប់មកផ្ទះវិញហូបបាយ ក្រុមគ្រួសារក៍ទៅតាមឃើញដេកស្លាប់នៅក្រោមមែកឈើធំមួយ ។
តាមការពិនិត្យរបស់សមត្ថកិច្ច ជនរងគ្រោះពិតជាស្លាប់ដោយសារមែកឈើបាក់សង្កត់មែន និងបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ