ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុនផ្តល់កម្ចី ៥៧ លានដុល្លារសម្រាប់ទឹកស្អាតនៅសៀមរាបនិងជំនួយ ១៤ លានដុល្លារលើគម្រោងដោះមីន អប់រំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុនបានសម្រេចពង្រីកជំនួយអភិវឌ្ឍផ្លូវការជាឥណទានសម្បទាន ដែលមានទឹកប្រាក់សរុបចំនួន ៦ ៣៣៦ លានយ៉េន ប្រមាណជា ៥៧.៦ លានដុល្លារអាមេរិកសម្រាប់…

រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុនបានសម្រេចពង្រីកជំនួយអភិវឌ្ឍផ្លូវការជាឥណទានសម្បទាន ដែលមានទឹកប្រាក់សរុបចំនួន ៦ ៣៣៦ លានយ៉េន ប្រមាណជា ៥៧.៦ លានដុល្លារអាមេរិកសម្រាប់ «គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប (ដំណាក់កាលទី ២)» និងហិរញ្ញប្បទានឥតសំណង ៥ គម្រោង ដែលមានទឹកប្រាក់សរុបចំនួន ១.៦០០ លានយ៉េន ប្រមាណជា ១៤.៥ លានដុល្លារសម្រាប់«កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម» ។ 

បើតាមស្ថានទូតជប៉ុនប្រចំាកម្ពុជាគូសបញ្ជាក់ថា «គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប (ដំណាក់កាលទី ២)» នឹងបន្តអភិវឌ្ឍបរិក្ខារបូមទឹកឆៅ និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដែលមានសមត្ថភាពផលិត ៦០.០០០ ម៉ែត្រគីបក្នុងមួយថ្ងៃ និងបណ្ដាញចែកចាយទឹកដែលមានប្រវែងលើស ២០០ គីឡូម៉ែត្រ នៅខេត្តសៀមរាប បន្ទាប់ពីដំណាក់កាលទី ១ ។

សេចក្តីប្រកាសបន្តថា ចំណែកគម្រោង«កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម» ប្រភេទសម្ភារៈ និងបរិក្ខារផ្សេងៗ នឹងត្រូវផ្តល់ជូនដល់ ៥ វិស័យ ៖ ១)-ការគាំទ្រដំណើរការកសាងផែនការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាពលើផ្ទៃដីបោសសម្អាតមានទឹកប្រាក់ចំនួន ២០០ លានយ៉េន (ប្រមាណ ១.៨ លានដុល្លារអាមេរិក), ២)-សម្ភារៈបច្ចេកទេស សម្រាប់មន្ទីរពិសោធន៍ជាតិសំណង់មានទឹកប្រាក់ចំនួន ២៥០ លានយ៉េន (ប្រមាណ ២.៣ លានដុល្លារអាមេរិក), ៣)-សម្ភារៈបច្ចេកទេសសម្រាប់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ និងមជ្ឈមណ្ឌលទិន្នន័យមានទឹកប្រាក់ចំនួន ២៥០ លានយ៉េន (ប្រមាណ ២.៣ លានដុល្លារអាមេរិក), ៤)-ការបំពាក់សម្ភារៈនិងបរិក្ខារបច្ចេកទេសសម្រាប់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ មានទឹកប្រាក់ចំនួន ៤០០ លានយ៉េន (ប្រមាណ ៣.៦ លានដុល្លារអាមេរិក), ៥)-ការបំពាក់សម្ភារៈនិងបរិក្ខារ និងគ្រឿងម៉ាស៊ីនក្នុងវិស័យឧស្សាហកម្មគ្រឿងយន្ត អេឡិចត្រូនិច និងមេកានិក នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានទឹកប្រាក់ចំនួន ៥០០ លានយ៉េន (ប្រមាណ ៤.៥ លានដុល្លារអាមេរិក) ។

ជំនួយរបស់ប្រទេសជប៉ុននាពេលនេះជាការឆ្លើយតបទៅនឹងសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា និងក្នុងគោលបំណងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុននិងកម្ពុជា ។ ពិធីចុះហត្ថលេខាលើ«លិខិតប្ដូរសារសម្រាប់ ឥណទានសម្បទាន ១ គម្រោង និងហិរញ្ញប្បទានឥតសំណង ៥ គម្រោង» បានធ្វើឡើងនៅថ្ងៃទី ១១ តុលាឆ្នំា ២០២១ នេះរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ