រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានលេងល្បែងចាញ់អស់ពីខ្លួន ក៏យកម៉ូតូទៅបញ្ចាំ ហើយក៏ភូតកុហកសមត្ថកិច្ចថា ត្រូវចោរប្លន់យកម៉ូតូរបស់គេនៅចំណុចផ្លូវលេខ ២៦៥ កែវផ្លូវលេខ១៩២ ក្បែរផ្សារសំណង់១២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១២ មីនា ២០១៦ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗពីបទបំបោងសកម្មភាពការ ។
ជនសង្ស័យឈ្មោះឡឹក រិទ្ធីរក្ស ហៅរក្ស ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិតឆ្នាំទី១ ព័ត៌មានវិទ្យា សាកលវិទ្យាល័យភ្នំពេញ-អន្តរជាតិ ( PPIU) ស្នាក់នៅផ្ទះលេខ២៣១ ផ្លូវលំ ភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានដឹងថា កាលពីវេលាម៉ោងប្រហែល៨យប់ មានយុវជនម្នាក់បានទូរស័ព្ទទៅប្តឹងវិទ្យុ AB C ថាគេត្រូវចោរមួយក្រុមប្លន់ម៉ូតូរបស់គេបានសម្រេច នៅម្តុំផ្សារសំណង់១២ ភ្លាមនោះកម្លាំងសមត្ថកិច្ច បានទៅធ្វើការសាកសួរ និងស្រាវជ្រាវ ដោយជននេះបានអះអាងថា មានជនល្មើស០៥នាក់ ជិះម៉ូតូ០២គ្រឿង ម៉ាក Honda Msx ពុំច្បាស់ពណ៌ និងម៉ាក Honda C125 ពណ៌ខ្មៅ ប្រដាប់ដោយដាវ និងអាវុធខ្លីមួយដើមពុំស្គាល់ម៉ាក ដោយក្រុម ជនល្មើសបានធ្វើសកម្មភាពយារដាវកាប់តែខ្លួនគេចផុត ទើបជនល្មើសបានដកអាវុធខ្លី ដោយខ្លួនមានភាពភ័យខ្លាចបានផ្តួល ម៉ូតូរត់គេច ពេលនោះក្រុមជនល្មើសបានយកម៉ូតូខ្លួនជិះគេចខ្លួនបាត់ ។
ក្រោយពីស្តាប់ការបំភ្លឺរបស់ជនរងគ្រោះហើយ សមត្ថកិច្ចក៏ឱ្យគេទៅចង្អុលបង្ហាញកន្លែងកើតហេតុ ឱ្យច្បាស់ថា នៅកន្លែងណាឱ្យពិតប្រាកដ តែជនគ្រោះនេះ ដូចជាភាពស្រពិចស្រពិលម្តងថា ត្រង់នោះ ម្តងថានេះ។ ទោះជាយ៉ាងណាសមត្ថកិច្ចព្យាយាមសាកសួរប្រជាពលរដ្ឋនៅម្តុំនោះ តែគ្មានអ្នកណាម្នាក់បានដឹងសោះ ។ ក្រោយកើតហេតុសមត្ថកិច្ចដាក់ការសង្ស័យ ក៏សួរនាំជនរងគ្រោះនោះបន្តរហូតដល់គេឆ្លើយប្រាប់សមត្ថកិច្ចត្រង់ថា ម៉ូតូម៉ាក Honda zoomer x ពណ៌ផ្កាឈូក ស្លាកលេខភ្នំពេញ 1DF-2250 នោះមិនមែនត្រូវចោរប្លន់ទេ គឺគេយកទៅបញ្ចាំ១.០០០ដុល្លារ នៅកន្លែងកុងស៊ី ហើយដោយគេចាញ់ល្បែងភ្នាល់បាល់អស់ពីខ្លួន ហើយមិនអាចលួសម៉ូតូមកវិញបានសម្រេចបង្កើតរឿង ប្រឌិតថា ត្រូវចោរប្លន់តែម្តងទៅ ដើម្បីកុហកឪពុកម្តាយ ។ ក្រោយពេលសមត្ថកិច្ចធ្វើការឃាត់យុវជននេះ ពីបទបំបោងសកម្មភាពការ ដើម្បីសួរនាំទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ