ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ពេលដែលស្រែអំបិលក្លាយជាផ្ទះល្វែង ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រភពពីខេត្តកំពតឲ្យដឹងថា នៅពេលការផលិតអំបិលបានជូបញ្ហាលំបាកមួយចំនូន ខ្វះកម្លំាងពលកម្ម អាកាសធាតុមិនអំណោយផល ធ្វើឲ្យការផលិតមិនសូវបានផល និងទទួលផលចំណេញ ដែលធ្វើឲ្យម្ចាស់ស្រែអំបិលមួយចំនួនបម្រុងលក់ស្រែអំបិល ឬផ្លាស់ប្តូរមុខរបរ…

រាជធានីភ្នំពេញ ៖ ប្រភពពីខេត្តកំពតឲ្យដឹងថា នៅពេលការផលិតអំបិលបានជូបញ្ហាលំបាកមួយចំនូន ខ្វះកម្លំាងពលកម្ម អាកាសធាតុមិនអំណោយផល ធ្វើឲ្យការផលិតមិនសូវបានផល និងទទួលផលចំណេញ ដែលធ្វើឲ្យម្ចាស់ស្រែអំបិលមួយចំនួនបម្រុងលក់ស្រែអំបិល ឬផ្លាស់ប្តូរមុខរបរ ពីការអំបិលទៅជាសំណង់ កន្លែងលម្ហែកាយ និងភោជណីដ្ឋានវិញ ។ 

ទោះយ៉ាងណា លោក សុខ គែន នាយកក្រុមហ៊ុនអចលនទ្រព្យកំពតស្ទ្រីតរៀលអ៊ីស្ទេត បានឱ្យដឹងថា ទីតាំងស្រែអំបិលជាប្រភេទដីស្រែដែលមានច្បាប់ការពារ គឺមិនអាចកែប្រែពីដីស្រែអំបិលទៅជាតំបន់លំនៅឋាន ឬតំបន់ពាណិជ្ជកម្មបានដូចដីធ្លីផ្សេងៗឡើយ ។ លោកថា ដូច្នេះការទិញលក់ដីស្រែអំបិលគឺប្តូរពីម្ចាស់មួយទៅម្ចាស់មួយទៀតសម្រាប់តែធ្វើអាជីវកម្មស្រែអំបិលតែប៉ុណ្ណោះ ដោយមិនអាចផ្លាស់ប្តូរអាជីវកម្មឬបម្លែងទៅជាអ្វីផ្សេងទៀតបានឡើយ ។

លោកបន្តថា បច្ចុប្បន្ននេះ ច្បាប់បានកែសម្រួលខ្លះៗហើយ ដោយអនុញ្ញាតឱ្យម្ចាស់ស្រែអំបិលអាចកែប្រែដីស្រែអំបិលរបស់ខ្លួន ២០ ភាគរយទៅជាប្រភេទដីលំនៅឋានបាន ដូច្នេះធ្វើឲ្យស្រែអំបិលក៏បានចាប់ផ្ដើមមានទីផ្សារបន្តិចប៉ុណ្ណោះ តែបើធៀបនឹងដីធ្លីផ្សេងៗគឺមានការប្រែប្រួលតិចខ្លាំងណាស់ ។ 

លោក គែន បានបន្ថែមថា តាមពិតទៅស្រែអំបិលគឺជាអត្តសញ្ញាណមួយរបស់ខេត្តកំពត ។ លោកថាភ្ញៀវទេសចរដែលមកលេងខេត្តកំពតតែងតែចង់ឃើញស្រែអំបិល និងទស្សនាការ ផលិតអំបិល ។ «ជាក់ស្ដែងពលរដ្ឋនៅតំបន់ឆ្ងាយពីសមុទ្រ ដែលធ្លាប់តែឃើញអំបិលស្រាប់ៗ និងមិនបានដឹងថារបៀបផលិតអំបិលយ៉ាងណាក៏ចេះតែចង់ឃើញស្រែអំបិល និងការផលិតអំបិល ដូច្នេះបើសិនជាច្បាប់អនុញ្ញាតឱ្យលុបស្រែអំបិលទៅធ្វើអាជីវកម្មផ្សេងដូចជាតំបន់ពាណិជ្ជកម្ម ឬអ្វីផ្សេងនឹងបាត់បង់អត្តសញ្ញាណមួយរបស់ខេត្តកំពត» ។

លោក ប៊ុន បារាំង អតីតប្រធានសហគមន៍ផលិតអំបិលខេត្តកំពត បាននិយាយថា លោកមិនទាន់ឃើញមានអាជីវកម្មផ្សេងៗរីកដុះដាលនៅក្នុងទីតាំងផលិតអំបិលនៅឡើយទេ បើមានក៏មានលក្ខណៈតូចតាចប៉ុណ្ណោះ ។ អតីតប្រធានសហគមន៍ផលិតអំបិលខេត្តកំពត ថា សម្រាប់រូបលោកវិញរហូតមកដល់ពេលនេះនៅតែបន្តផលិតអំបិលដដែល ហើយមិនខ្វះទេកម្លាំងកម្មករ ។ 

ខេត្តកំពត និងខេត្តកែប ជាជង្រុកអំបិលរបស់កម្ពុជា ។ កម្ពុជាត្រូវការអំបិលប្រមាណ ១០ ម៉ឺនតោនសម្រាប់ប្រើប្រាស់នៅក្នុងស្រុកក្នុងមួយឆ្នាំៗ ។ កាលពីឆ្នាំ ២០១៩ កន្លងទៅ កម្ពុជាបាននាំអំបិលចូលពីបរទេសប្រមាណ ៥ ម៉ឺនតោន ដើម្បីបំពេញបន្ថែមតម្រូវការក្នុងស្រុក ។ ប្រសិនជាការមានអភិវឌ្ឍន៍លើស្រែបិលមែននោះកម្ពុជាកាន់តែខ្វះអំបិលទទួលទាន ការទទួលទានអំបិលនាំចូលត្រូវគេបារម្ភពីគុណភាពផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ