រាជធានីភ្នំពេញ ៖ ចោរប្លន់មួយក្រុមមានគ្នា៦នាក់ ប្រដាប់ដោយកាំភ្លើងខ្លី និងដាវសាមូរ៉ៃ ធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេចពីបុរសម្នាក់ ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ នៅចំណុចមុខក្រសួងព័ត៌មាន តាមបណ្តោយមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ជនរងគ្រោះឈ្មោះ អុឹម សុភា អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បាននិយាយថា មុនពេលកើតហេតុ រូបគេជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៤ ចេញពីលេងផ្ទះមិត្តភក្តិនៅម្តុំវិមានឯករាជ្យ រួចក៏ត្រឡប់ទៅផ្ទះវិញ លុះមកដល់ចំណុចកើតហេតុដែលជាកន្លែងស្ងាត់និងងងឹតផងនោះ ស្រាប់តែមានចោរមួយក្រុមមានគ្នា៦នាក់ ជិះម៉ូតូមិនចាំម៉ាក៤គ្រឿងប្រដាប់ដោយកាំភ្លើងខ្លី និងដាវសាមូរ៉ៃ មកអែបនិងធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូពីរូបគេដោយភ័យខ្លាចចោរវាយធ្វើបាបនិងបាញ់សម្លាប់ក៏ប្រគល់ម៉ូតូឱ្យក្រុមចោរទាំងនោះតែម្តងទៅ ។
ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅបុស្តិ៍វត្តភ្នំ តែសមត្ថកិច្ចថា ទឹកដីសង្កាត់ស្រះចក ក៏ជូនជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅទីនោះវិញ ហើយសមត្ថកិច្ចសង្កាត់ស្រះចកថាសង្កាត់វត្តភ្នំ ហើយរុញជនរងគ្រោះដាក់គ្នាទៅមក ទើបនាំគ្នាទៅមើលដល់កន្លែងកើតហេតុជាក់ស្តែងជាទឹកដីវត្តភ្នំ ហើយក៏ដាក់ពាក្យបណ្តឹងនៅបុស្តិ៍ ៕
ចែករំលែកព័តមាននេះ