ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧក​ញ៉ា ប៉ែន នួន ធ្លាយ​រឿង​អា​ស្រូវ​…​សន្យា​ខ្យល់ សូ​ម្បី​ផ្សាយ​សារ​ជូនពរ​លើ​ទំព័រ​កោះសន្តិភាព​ក៏​អត់​មាន​ប្រាក់​សង​ដែរ

10 ឆ្នាំ មុន

ក្រោយ​ពេល​កោះសន្តិភាព​ចេញផ្សាយ​មួយ​ឈុត លើ​គេហទំព័រ​របស់​ខ្លួន ស្តី​ពី​​ឧក​ញ៉ា ប៉ែន នួន គេចវេះ​មិន​បង់ប្រាក់​ថ្លៃ​ចុះ​ផ្សាយ​សារ​ជូនពរ ក៏​មាន​ព័ត៌មាន​លេច​ចេញ​មក​ហូរហែ ស្តី​ពី​សកម្មភាព​មិន​ប្រក្រតី​របស់​ឧក​ញ៉ា​ម្នាក់​នេះ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​កោះសន្តិភាព​ចេញផ្សាយ​មួយ​ឈុត លើ​គេហទំព័រ​របស់​ខ្លួន ស្តី​ពី​​ឧក​ញ៉ា ប៉ែន នួន គេចវេះ​មិន​បង់ប្រាក់​ថ្លៃ​ចុះ​ផ្សាយ​សារ​ជូនពរ ក៏​មាន​ព័ត៌មាន​លេច​ចេញ​មក​ហូរហែ ស្តី​ពី​សកម្មភាព​មិន​ប្រក្រតី​របស់​ឧក​ញ៉ា​ម្នាក់​នេះ ដែល​កោះសន្តិភាព​សន្យា​ចុះ​ផ្សាយ​ម្តង​មួយ​ៗ…​ឬ​ម្តង​២ ឱ្យ​តែ​មាន​ព័ត៌មាន​បញ្ជូន​មក​ដល់ ។

ឱ​!​អ្នកក្រ​សែត​ទាំងឡាយ​អើយ​…​មិន​គួរ​នាំ​គ្នា​ចាញ់បោក​​ឧក​ញ៉ា ប៉ែន នួន ដែល​កន្លង​មក មនុស្ស​និង​សត្វ​តិច​ណាស់​ដែល​បាន​ស្គាល់ បែរជា​នាំ​គ្នា​លើក​គាត់​ឱ្យ​គេ​ស្គាល់ ។

ប៉ុន្តែ​ណ្ហើយចុះ​…​បានជា​នាំ​គ្នា​ជួយ​លើក​គាត់​ដូច​លើក​ដុំ​ថ្ម​បង្ហាញ​ឱ្យ​គេ​ស្គាល់​ក៏​ដោយ​ចុះ​…​យ៉ាង​ហោច​ក៏​មហាជន​បាន​ស្គាល់​មារយាទ​ល្អ​របស់​គាត់​នៅ​ពេល​នេះ​ដែរ ។

ខាងក្រោម​នេះ និង​បន្តបន្ទាប់​ទៀត យើង​នឹង​ចុះ​ផ្សាយពាណិជ្ជកម្ម​ជូន​ឧក​ញ៉ា ប៉ែន នួន ឱ្យ​ល្បីល្បាញ​ដោយ​មិន​គិតថ្លៃ ។

មិន​គួរ​ទៅ​បោកប្រាស់​ក្រុម​សិល្បករ

កាលពី​ថ្ងៃ​ទី​២៩ តុលា ឆ្នាំ​២០១៥ កន្លង​ទៅ មហាជន​ភាគច្រើន​សុទ្ធតែ​បានដឹង​ថា លោក​ឧកញ៉ា ប៉ែន នួន អគ្គនាយក​ក្រុមហ៊ុន​ស៊ី​ខេ​អេ ចំរើន​កសិឧស្សាហកម្ម អភិវឌ្ឍន៍​(​កម្ពុជា​) អ៊ី​ម​ផត​អិ​ច​ផត ដែល​ជា​ក្រុមហ៊ុន​ធ្វើការ​ទៅ​លើ​វិស័យ​សាងសង់ បាន​ប្រកាស​ប្រគល់​ប្រាក់​ក្នុង​មួយ​ខែ​៥០០​ដុល្លារ ដោយ​ប្រកាស​សុំ​បង់​មួយ​ឆ្នាំ​មុន​តែ​ម្ដង ឧបត្ថម្ភ​ដល់​សមាគម​សិល្បករ​ខ្មែរ ដើម្បី​ឲ្យ​សមាគម​នេះ​មាន​លទ្ធភាព​ជួយ​ដល់​ក្រុម​សិល្បករ​ចាស់​ៗ​ក្រីក្រ ។

ពិធី​នោះ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ ពី​ក្រុម​អ្នក​សារព័ត៌មាន ទាំង​កាសែត វេ​ប​សាយ និង​ទូរទស្សន៍ ដោយ​ឈ្មោះ​លោក និង​ភរិយា​ឈ្មោះ កាយ សុជាតា មិន​ទាន់​ដឹង​ភរិយា​ទី​ប៉ុន្មាន​ទេ ត្រូវ​គេ​ផ្សាយ​ពី​ទឹកចិត្ត​សប្បុរសធម៌​នោះ​យ៉ាង​គគ្រឹកគគ្រេង ។ ប៉ុន្តែ​ក្រោយ​ការ​ផ្ទុះ​ដំណឹង​ថា លោក​មិន​ព្រម​បង់ប្រាក់​ថ្លៃ​ចុះ​ផ្សាយ​សារ​ជូនពរ​សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​លើ​ទំព័រ​កោះសន្ដិភាព ក៏​មានការ​ទម្លាយ​ថា ថវិកា​ឧបត្ថម្ភ​ដែល​លោក​បាន​ប្រកាស​យកមុខ​យ៉ាង​ធំ​ថ្លោស​កាលនោះ គឺ​បង់​ឲ្យ​បាន​តែ​មួយ​ខែ​ប៉ុណ្ណោះ ក្រោយមក​ក៏​ចេះ​តែ​ថា​ថ្ងៃនេះ​ថ្ងៃ​នោះ ហើយ​មិន​ប្រគល់​ដល់​សមាគម​ឡើយ​គឺ​ម៉ា​ង​តែ​ម្រ៉​ង ។

លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បករ​ខ្មែរ​បាន​ថ្លែងប្រាប់​ថា រហូត​មក​ដល់​ពេល​នេះ លោក​ឧកញ៉ា ប៉ែន នួន ដែល​ត្រូវ​គេ​ស្គាល់​ច្រើន​ដោយសារ​ព័ត៌មាន​ផ្សាយ​ថា បាន​ប្រគល់​ជូន​សមាគម​ក្នុង​មួយ​ខែ​៥០០​ដុល្លារ​រាប់​ចាប់ពី​ខែតុលា ឆ្នាំ​២០១៥​នោះ គឺ​មិន​បាន​ប្រគល់​ប្រាក់​ដូច​អ្វី​ដែល​បាន​ប្រកាស​នោះ​ទេ​។ សមាគម​បាន​ទទួល​តែ​៥០០​ដុល្លារ​សម្រាប់​ខែ​ដំបូង ក្នុង​ថ្ងៃ​ធ្វើ​ពិធី​នា​ថ្ងៃ​នោះ​ប៉ុណ្ណោះ ។ ប៉ុន្តែ​បន្តបន្ទាប់​មក​គឺ​លោក​លើក​ថ្ងៃ​លើក​ខែ​ជាប់​រហូត បើ​ទោះជា​ខាង​សមាគម​បាន​ទទូច​សុំ​ឲ្យ​លោក​ប្រគល់​ជូន ដើម្បី​កុំ​ឲ្យ​មានការ​ភាន់ច្រឡំ​ថា សមាគម​មាន​ប្រាក់​ពី​ការ​ឧបត្ថម្ភ​ដូច​ការ​ផ្សព្វផ្សាយ​ហើយ ប៉ុន្តែ​មិន​ធ្វើ​សកម្មភាព​អ្វី ។

ប្រធាន​សមាគម​សិល្បករ​ខ្មែរ​រូប​នេះ បញ្ជាក់​ថា លោក​ឧកញ៉ា ប៉ែន នួន បាន​សន្យា​ប្រគល់​ថវិកា​៥៥០០​ដុល្លារ​បន្ថែម​ទៀត ឲ្យ​គ្រប់​១២​ខែ​នៅ​ក្រោយ​សន្និសីទ​រយៈពេល​មួយ​ខែ ។ ប៉ុន្តែ​ធាតុ​ពិត គឺ​បាន​តែ​សន្យា​ខ្យល់​តែ​ប៉ុណ្ណោះ ។ លោក​មាន​ប្រសាសន៍​ថា «​អា​កាលដែល​យើង​ធ្វើ​សន្និសីទកាសែត​ហ្នឹង គាត់​ប្រគល់​ឲ្យ​តែ​៥០០​ដុល្លារ​ទេ ឯ​៥៥០០​ដុល្លារ​ទៀត​ហ្នឹង គាត់​ថា ​នឹង​ប្រគល់​ឲ្យ​មួយ​ខែ​ក្រោយ ដើម្បី​ផ្ដាច់​មួយ​ឆ្នាំ​តែ​ម្ដង ហើយ​យើង​ចេះ​តែ​ចាំ​គាត់​ពន្យា​ថ្ងៃនេះ​ថ្ងៃ​នោះ រហូត​ដល់​សព្វ​ថ្ងៃនេះ​តែ​ម្ដង យើង​ក៏​នឹកឃើញ​ថា ​ក្រែង​គាត់​ស្ទះ ព្រោះ​គាត់​ប្រាប់​ថា ​គាត់​ស្ទះ​លុយ យើង​ចេះ​តែ​ចាំ​ៗ ហើយ​មាន​តែ​ក្រុមប្រឹក្សា​សមាគម​ទេ​ដែល​ដឹង​ថា​ ថវិកា​អត់​ទាន់​បាន​ទទួល​!» ។

គេ​ចាំ​បាន​ថា នៅ​ក្នុង​ពេល​នោះ​អ្នកកាសែត​ដែល​បាន​ទទួល​ថវិកា​ឧបត្ថម្ភ​ពី​លោក បាន​ចុះ​ផ្សាយ​ពី​ការ​ប្រកាស​របស់​លោក​ស្ទើរ​គ្រប់​ស្ថាប័ន ដោយ​តារា​សិល្បៈ​យ៉ាងច្រើន​កុះករ ក៏​បាន​ចូលរួម និង​បង្ហាញ​ការ​កោតសរសើរ​ចំពោះ​គាត់ ដែល​ជួយ​ឲ្យ​លោក​ឧកញ៉ា ប៉ែន នួន មានមុខ​មាន​មាត់​នៅ​លើ​បណ្ដាញសារព័ត៌មាន​នោះ​ផង ។ ស្ទើរតែ​គ្រប់​ស្រទាប់វណ្ណៈ បាន​ស្គាល់​លោក​នៅ​ក្នុង​គម្រោង​សប្បុរសធម៌​នោះ​ហើយ ដោយ​តារា​ភាគច្រើន​បាន​ទាំង​បញ្ចេញ​ទស្សនៈ​ថា លោក​ប៉ែន នួន ជា​ឧកញ៉ា​គំរូ​ទី​១ ដែល​មើលឃើញ​ពី​ទុក្ខ​លំបាក​របស់​សមាគម​សិល្បករ​នោះ​ផង​។ ក្រោយ​ត្រូវ​គេ​ស្គាល់​នៅ​ក្នុង​ឱកាស​នោះ លោក​ឧកញ៉ា ប៉ែន នួន ក៏​តែង​ភ្ជាប់​ខ្លួន​ជាមួយ​សកម្មភាព​របស់​តារា​សិល្បៈ ធ្វើ​ឲ្យ​មានការ​ចុះ​ផ្សាយ​ហូរហែ នៅ​លើ​បណ្ដាញសារព័ត៌មាន ដោយ​គេ​មិន​នឹក​ស្មានថា លោក​មិន​ទាន់​ប្រគល់​ថវិកា​ដែល​បាន​ប្រកាស​ក្ដែ​ង​ៗ​ជូន​ដល់​សមាគម​នោះ​ឡើយ ។

លោក សុះ ម៉ាច បញ្ជាក់​ថា ការ​ចុះ​ផ្សាយ​ថា លោក​ឧកញ៉ា ប៉ែន នួន ប្រគល់​លុយ​ជូន​ដល់​សមាគម​បាន​ធ្វើ​ឲ្យ​មានការ​យល់​ច្រឡំ​ថា សមាគម​របស់​លោក​មាន​ជំនួយ​ក្នុង​មួយ​ខែ​៥០០​ដុល្លារ ឬ​បាន​ទទួល​ទឹកប្រាក់​ពី​លោក​ប៉ែន នួន សរុប​៦០០០​ដុល្លារ​សម្រាប់​មួយ​ឆ្នាំ​បាត់​ទៅ​ហើយ ។ ប៉ុន្តែ​ការ​ពិត​គឺ​មិន​មាន​ទទួល​បាន​អ្វី​សោះ ក្រៅពី​ទឹកប្រាក់​៥០០​ដុល្លារ ក្នុង​ពេល​ប្រកាស​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ជំហាន​ដំបូង​នោះ ។ លោក​មាន​បំណង​ចង់​ប្រកាស​ឲ្យ​ដឹង​ពី​បញ្ហា​នោះ ដើម្បី​ឱ្យ​អ្នកដឹង​ឮ​តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់​អ្នកកាសែត​យល់​ថា ខាងសមាគម​ពិតជា​បាន​ទទួល​ប្រាក់​ការ​ឧបត្ថម្ភ នាំ​ឲ្យ​មានការ​យល់​ឃើញ​ផ្សេង​ៗ​មក​លើ​ថ្នាក់ដឹកនាំ​សមាគម ។ ប៉ុន្តែ​លោក​ចង់​ទុក​មុខ​ឲ្យ ទើប​ចេះ​តែ​លើក​ពេល​រង់ចាំ ។ លោក​និយាយ​ថា «​យើង​ចេះ​តែ​ចង់​ទុក​កិត្តិយស​ឲ្យ​គ្នា ក្រែង​ថា​គាត់​វា​ទាល់​ទើប​ចេះ​ហី​ៗ ហើយ​បើ​ថា អា​បង់​ផ្ដាច់​វា​មិន​ទាន់​បាន សុំ​តែ​មួយ​ខែ​៥០០​ដុល្លារ​ក៏​មិនឃើញ​ទៀត​» ។

កាលពី​ថ្ងៃ​២១ វិច្ឆិកា ក្នុង​ឆ្នាំ​២០១៥ លោក​ឧកញ៉ា ប៉ែន នួន បាន​អញ្ជើញ​អ្នក​សារព័ត៌មាន និង​តារា​សិល្បៈ​យ៉ាងច្រើន​កុះករ រួម​មាន​លោក​សុះ ម៉ាច​, អ្នក​នាង​ចាន់ តារា​ទី​, លោក អ៊ឹម ជីវ៉ា​, លោកនាយ ឃ្លោក​, លោក សន វិ​ជ្ជ​បុត្រ​, លោក ឈឿ​ន ឧត្តម​, នាយ ចេក​, លោក​ម៉ា​ដូ​ណា​, អ្នក​នាង ស៊ុន ណា​រី​ម៉ូ​នី​កា និង​អ្នក​នាង គឹ​ម សុ​គ​ន្ធា ជាដើម​ឲ្យ​ទៅ​ចុះ​ច្រៀង​ក្នុង​ពិធីបុណ្យ​កឋិន​នៅ​ស្រុក​របស់​ភរិយា​ម្នាក់​ទៀត​មិនដឹង​ទី​ប៉ុន្មាន​ទេ ឈ្មោះ ខេ​ង ស្រី​ឡា នៅ​ខេត្តព្រៃវែង ដោយ​មិន​បាន​ផ្ដល់​កម្រៃ​ឲ្យ​តារា​ទាំងនោះ​ដូច​ការ​សន្យា​នោះ​ឡើយ ។

តារា​ភាគច្រើន​ដែល​បាន​ទម្លាយ​ដំណឹង​នេះ ក្រោយ​ពី​ដឹង​ថា ​លោក​ឧកញ៉ា ប៉ែន នួន មិន​ព្រម​បង់ថ្លៃ​ផ្សាយពាណិជ្ជកម្ម​ជូនពរ​សម្ដេច ហ៊ុន​សែន នៅ​លើ​ទំព័រ​កោះសន្ដិភាព​បាន​លើក​ឡើង​ថា ដោយសារ​តែ​យល់​ឃើញ​ថា លោក​ឧកញ៉ា​រូប​នេះ​ចិត្តល្អ​ជួយ​ដល់​សមាគម​គិត​ថា​ដៃ​ទូលាយ និង​ដើម្បី​លួង​ចិត្ត​ឲ្យ​លោក​ប្រគល់​ប្រាក់​ជួយ​ដល់​សមាគម​សិល្បៈ​ដូច​ការ​សន្យា ទើប​ម្នាក់​ៗ​សម្រុក​គ្នា​ទៅ​តាម​ការ​អញ្ជើញ​។ ប៉ុន្តែ ក្រោយ​ចប់​ពិធី​បាន​ត្រឹមតែ​អះអាង​ថា ចាំ​ដល់​ភ្នំពេញ​វិញ​ចាំ​គិតគូ​ឲ្យ​តារា​សិល្បៈ​ទាំងនោះ ប៉ុន្តែ​មក​ដល់​ភ្នំពេញ​ហើយ​ក៏​ស្ងាត់​ដូច​ចោរលួច​សេះ​ទៅ​ហោង ។

ងាក​មក​កាន់​រឿង​ចម្រូងចម្រាស់​ជាមួយ​កោះសន្ដិភាព ពាក់ព័ន្ធ​នឹង​ការ​ចុះ​ផ្សាយ​ជូនពរ​នេះ​វិញ គឺ​កាលពី​ថ្ងៃ​ទី​៣០ ខែមករា ក្នុង​ឆ្នាំ​២០១៥​ថ្ងៃ​ចុងឆ្នាំ លោក​ឧកញ៉ា ប៉ែន នួន បាន​ណាត់​អ្នក​យក​ព័ត៌មាន​កោះសន្ដិភាព​ឲ្យ​ទៅ​ជជែក​គ្នា​ពី​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​គម្រោង​របស់​ខ្លួន នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​ម្ដុំ​ព្រែក​លាភ ។ ស្ថិត​ក្នុង​ទិដ្ឋភាព​ផឹកស៊ី អម​ក្លែម​ទៅ​ដោយ​ស្រី​ក្មេង​អោប​ដូច​ដៃ​ម៉ឹ​ក​ជុំវិញ​នា​ពេល​នោះ ភ្នាក់ងារ​កោះសន្ដិភាព​ក៏​បាន​ជម្រាបសួរ​លោក​ថា «​លោក​ឧកញ៉ា​លោក​ឧកញ៉ា​ទើបតែ​ឡើងជា​ឧកញ៉ា​អ​ញ្ចឹ​ង ចុះ​ផ្សាយ​ជូនពរ​សម្ដេច​មួយ​លេខ​ទៅ នៅ​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សកល ដើម្បី​ឲ្យ​មហាជន​បាន​ស្គាល់ ?​»​។

លោក​ឧកញ៉ា ប៉ែន នួន និង​បក្ខពួក​ក៏​ឆ្លើយ​ឡើង​ថា នោះ​ជា​គំនិតល្អ ហើយ​ក៏​បាន​ស្នើ​សុំ​ឲ្យ​អ្នក​សារព័ត៌មាន​របស់​យើង​ឆែក​មើល​ពី​តម្លៃ និង​ទំព័រ​ដែល​គួរតែ​ចុះ​ផ្សាយ ហើយ​មានការ​ទាក់ទាញ ។ ពេល​នេះ​ភ្នាក់ងារ​កោះសន្ដិភាព​ក៏​បាន​ទំនាក់ទំនង​មក​កាន់​ការិយាល័យ​ទីផ្សារ​កោះសន្ដិភាព ហើយ​ក៏​បាន​ជូនដំណឹង​ទៅ​លោក​ឧ​ញ៉ា ប៉ែន នួន វិញ ដោយ​លោក​ឧកញ៉ា ប៉ែន នួន បាន​សម្រេច​ឲ្យ​ចុះ​ជូនពរ​ក្នុង​ទំព័រ​កីឡា​ផ្នែក​ខាង​មុខ ដោយ​ព្រមព្រៀង​គ្នា​ក្នុង​តម្លៃ​៤០០​ដុល្លារ ។ មុន​ឈាន​ដល់​ការ​បោះពុម្ពផ្សាយ ភ្នាក់ងារ​សារព័ត៌មាន​កោះសន្ដិភាព​បាន​បញ្ជូន​ផ្ទាំង​សារ​ជូនពរ​ឲ្យ​លោក​បាន​ពិនិត្យ​នៅ​គ្រប់​ដំណាក់ ទាំង​រូបភាព​សម្ដេច​ដែល​លោក​បាន​កុម្ម៉ង់ ទាំង​ទម្រង់​ពាក្យពេចន៍​ដែល​លោក​ចង់បាន ។ ព្រោះ​កន្លង​មក​ជា​បទ​ពិសោធន៍​បើ​គ្មាន​ការ​យល់ព្រម​ត្រួតពិនិត្យ​ពី​អ្នក​ចុះ​ផ្សាយ​ជា​មុន​នោះ​ទេ នោះ​កោះសន្ដិភាព​មិន​អាច​ចេញ​សារ​ជូនពរ​ឲ្យ​អតិថិជន​ណាមួយ​ឡើយ ព្រោះ​ខ្លាច​ខុសចិត្ត ។

លោក​ឧកញ៉ា ប៉ែន នួន បាន​ទាំង​ឲ្យ​ជំនួយការ​ម្នាក់​ដែល​ជា​កូន​របស់​ខ្លួន​ជាមួយនឹង​ភរិយា​ម្នាក់​ផ្សេង​ទៀត ជា​អ្នកធ្វើការ​ដោយ​ផ្ទាល់​ក្នុង​ការ​សម្រេច​លើ​ផ្ទាំង​គំរូ​ជូនពរ​នោះ មុន​នឹង​ឲ្យ​ចុះ​ផ្សាយ​នោះ​ផង ។ ដូច្នេះ​គឺ​វា​ផ្ទុយ​ស្រឡះ​ដែល​លោក​បាន​ដោះសា​រថា ភ្នាក់ងារ​កោះសន្ដិភាព​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​យល់ព្រម​ពី​ខ្លួន ហើយ​ក៏​ទៅ​ជំរិត​ទារប្រាក់​៤០០​ដុល្លារ ទើប​លោក​មិន​ព្រម​បង់ ។ ម្យ៉ាង​ទឹកប្រាក់​ដែល​បាន​ពី​ការ​ចុះ​ផ្សាយ​នោះ គឺជា​ថវិកា​របស់​ការិយាល័យ​ទីផ្សារ​នៅ​កោះសន្ដិភាព តើ​ចាំបាច់​អី​ដែល​អ្នក​យក​ព័ត៌មាន​មួយ​រូប​ទៅ​បង្ខំ​ឲ្យ​លោក​ចុះ​សារ​ជូនពរ ហើយ​ទៅ​ជំរិត​ទារប្រាក់​ដូច​លោក​លើក​ឡើង ? ជា​ភស្ដុ​តាង​ស្រាប់ នៅ​ថ្ងៃ​ទី​១ ខែមករា ក្នុង​ឆ្នាំ​២០១៦ លោក​ឧកញ៉ា ប៉ែន នួន បាន​ទាំង​ណាត់​ឲ្យ​អ្នក​សារព័ត៌មាន​យើង​យក​កាសែត​ដែល​ចុះ​ជូនពរ​សម្ដេច ហ៊ុន សែន ចំ​ថ្ងៃ​ចូល​ឆ្នាំ​សាកល​ ទាំងនោះ​ទៅ​ឲ្យ​ខ្លួន​នៅ​ក្នុង​ហាង​ផឹកស៊ី​ដដែល នៅ​ម្ដុំ​ព្រែក​លាភ​នោះ​ផង ដោយ​មាន​ទាំង​បុគ្គលិក និង​អ្នក​រត់​តុ​ច្រូងច្រាង​ដណ្ដើម​គ្នា​មើល និង​កោតសរសើរ ។ ក្នុង​ថ្ងៃ​នោះ ភ្នាក់ងារ​សារព័ត៌មាន​កោះសន្ដិភាព​បាន​ប្រគល់​វិ​ក័យ​ប័ត្រ​ដែល​ចេញ​ដោយ​ប្រធាន​ទីផ្សារ​របស់​កោះសន្ដិភាព​ជូន ហើយ​ត្រូវ​បាន​លោក​ឧកញ៉ា​ខ្លួនឯង​បញ្ជាក់​ថា ចាំ​ស្អែក​ចាំ​បង់លុយ​ឲ្យ ព្រោះ​លុយ​ជាប់​ខ្លួន​ទុក​សម្រាប់​តែ​ចំណាយ​ផឹកស៊ី ។

ចាប់តាំងពី​ថ្ងៃ​ណាត់​នោះ លោក​ឧកញ៉ា ប៉ែន នួន បាន​សន្យា​ថ្ងៃនេះ ថ្ងៃ​នោះ ជាប់​រហូត​ដូច​ណាត់​ខ្យល់ គឺ​មិន​ខុស​ពី​អ្វី​ដែល​លោក សុះ ម៉ាច បាន​ទម្លាយ​ខាងលើ​នោះ​ទេ ។ រហូត​ដល់​ថ្ងៃ​ទី​១៥ មក​រា ឆ្នាំ​២០១៦ ប្រធាន​ទីផ្សារ​កោះសន្ដិភាព​បាន​សម្រេច​ចេញ​លិខិត​ជូនដំណឹង​មួយ សុំ​ឲ្យ​លោក​ជួយ​ព​ន្លឿ​ន​ការ​ទូទាត់​ថ្លៃ​ចុះ​ផ្សាយ​ជូនពរ ហើយ​ក៏​ត្រូវ​លោក​ឧកញ៉ា ប៉ែន នួន ខ្លួនឯង​បញ្ចេញ​ប្រតិកម្ម​របៀប​ខ្លាច​ថោក និង​ឆ្លើយ​មក​វិញ​ថា នោះ​ជា​លិខិត​មើលងាយ​ចំពោះ​លោក ទោះបី​ខ្លួនឯង​មិន​ថ្លៃ​ក៏​ដោយ ។ បើ​ទោះជា​ភ្នាក់ងារ​កោះសន្ដិភាព និង​មន្ត្រី​ទីផ្សារ​នៅ​កោះសន្ដិភាព​ ប្រើ​គ្រប់​ម​ធ្យោ​បា​ដើម្បី​ទំនាក់ទំនង​សុំ​ការ​ដោះស្រាយ​យ៉ាងណា ក៏​ប៉ែន នួន មិន​ព្រម​ធ្វើការ​ដោះស្រាយ​នោះ​ឡើយ ។ ពេល​ទូរស័ព្ទ​ទាក់ទង​ម្តង​ៗ ដោយ​លេខ​ដែល​ស្គាល់​គឺ​មិន​លើក​តែ​ម្តង សង្ស័យ​ដូច​មនុស្ស​ខូច ។ ហើយ​បើ​យក​លេខ​ផ្សេង​ខ​ល​ចូល ក៏​បិទ​ចោល​វិញ​នៅ​ពេល​ការ​ជជែក​វែកញែក​ស្ដាប់​ក្បាល​កន្ទុយ​មិន​ទាន់​បាន ។

ជា​ជម្រើស​ចុង​ក្រោយ ភ្នាក់ងារ​កោះសន្ដិភាព​បាន​ទាក់ទង​សុំ​ឲ្យ​កូនប្រុស​របស់​លោក ដែល​ត្រូវ​គេ​អះអាង​ថា ជា​កូន​របស់​ភរិយា​ដើម​ជួយ​សម្រួល ក៏​មិន​មាន​លទ្ធផល ដោយ​ត្រូវ​កូនប្រុស​រូប​នេះ​បញ្ជាក់​ថា លោក ប៉ែន នួន ខឹង​រឿង​កោះសន្ដិភាព​គ្រាន់តែ​យឺត​បង់លុយ​បន្តិចបន្តួច ក៏​ចេញ​លិខិត​ទារប្រាក់ ដោយ​លោក​ចាត់​ទុក​ថា ​នោះ​លិខិត​ប្រមាថ​ចំពោះ​លោក​ជា​ឧកញ៉ា​ដ៏​មហិមា​នៃ​យើង ។ ឱ​!​លោក​​ឧក​ញ៉ា ​ដ៏​មហា​មាន​តម្លៃ​ពេក​អើយ​… ​ហេ ! ហេ !

លោក​ឧកញ៉ា ប៉ែន នួន អាច​សុំ​សិទ្ធិ​ឆែក​សំឡេង​ក្នុង​ការ​ទំនាក់ទំនង​គ្នា​កន្លង ពី​ក្រុមហ៊ុនទូរស័ព្ទ​ទាំង​ប្រព័ន្ធ Smart និង​Cellcard បាន ដើម្បី​ឲ្យ​ច្បាស់​ថា តើ​កោះសន្ដិភាព ​ចុះ​ជូនពរ​សម្ដេច​ដោយ​មិន​ឲ្យ​លោក​ដឹង រួច​ទៅ​ជំរិត​ទារ​លុយ​ដូច​ការ​ដោះសារ​ ឬ​យ៉ាងណា ?

ម្យ៉ាង​កោះសន្ដិភាព​មិន​ដែល​មាន​ប្រវត្តិ​ចុះ​សារ​ជូនពរ​ដោយ​មិន​ឲ្យ​អតិថិជន​ត្រួតពិនិត្យ​មុន​នឹង​ចេញផ្សាយ​នោះ​ឡើយ ។ (​ការ​ទម្លាយ​ទាំងអស់​របស់​តារា​សិល្បៈ ខ្ញុំ​មាន​ខ្សែអាត់​របស់​តារា​សិល្បៈ​ទាំងអស់ ហើយ​រូបថត​ជាមួយ​លោក សុះ ម៉ាច ហ្នឹង​គឺ​ពេល​គាត់​ធ្វើ​ពិធី អួត​ថា​ គាត់​នឹង​ផ្ដល់​មួយ​ខែ​៥០០​ដុល្លារ ឬ​មួយ​ឆ្នាំ​៦០០០​ដុល្លារ ឲ្យ​សមាគម រាប់​ចាប់ពី​ខែតុលា ក្នុង​ឆ្នាំ​២០១៥ តទៅ កាលពី​ថ្ងៃ​ទី​២៩ តុលា ឆ្នាំ​២០១៥​កន្លង​ទៅ មាន​ទាំងអស់ ដែល​កោះសន្តិភាព​គិត​ថា អ្នកកាសែត​ដែល​បាន​ជួយ​លើកតំកើង​លោក​ប៉ុណ្ណា ក៏​អាច​ទាញ​លោក​ឱ្យ​អុក​វិញ​ប៉ុណ្ណឹង​ឬ​លើស​ថែម​ដែរ ឱ្យ​វា​ស្មើគ្នា ៕