រាជធានីភ្នំពេញ ៖ ជារឿងស្មានមិនដល់មួយនិងកម្រកើតមានណាស់ ដែលគូដណ្ដឹងវ័យក្មេង១គូ ក្រោយពីបានភ្ជាប់ពាក្យជាមួយគ្នា អស់រយៈពេលជាង២ឆ្នាំកន្លងមកហើយ និងនៅតែ៨ថ្ងៃទៀតប៉ុណ្ណោះត្រូវចូលរោងការ បែរក្លាយទៅជាការចាក់សម្លាប់គ្នាមិនញញើតដៃទៅវិញ ប៉ុន្តែមិនដឹងថាមកពីមូលហេតុអ្វីនោះទេ ។
តាមប្រភពព័ត៌មាននិយាយថា ខាងប្រុសបានចាក់ប្រហារប៉ុនប៉ងសម្លាប់ខាងស្រី ដោយឥតញញើតដៃចំនួន១២កាំបិត ហើយនៅពេលឃើញនាងរបួសធ្ងន់ដេកដួលនៅក្នុងថ្លុកឈាមស្មានថានាងស្លាប់ហើយ ខាងប្រុសក៏យកកាំបិតចាក់ខ្លួនឯងចំនួន៣កាំបិតសម្លាប់ខ្លួនតាមក្រោយដែរ ។ ប៉ុន្តែភ្លាមៗនោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ហើយពេលទៅដល់ពេទ្យខាងប្រុសបានលាចាកលោកនេះទៅ ចំណែកឯខាងស្រីរបួសធ្ងន់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមីនា នៅបន្ទប់លេខ៥ជាផ្ទះជួល ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ គូដណ្ដឹងដែលចាក់សម្លាប់គ្នានេះ ត្រូវបានគេស្គាល់ខាងស្រីឈ្មោះ ងន គឹមឡៃ អាយុប្រហែល២០ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិដំបូកខ្ពស់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ។
នាងត្រូវគូដណ្តឹងចាក់ចំនួន១២កាំបិត ក្នុងចេតនាសម្លាប់ដោយកំហឹងយ៉ាងពុះកញ្ជ្រោលបំផុត ប៉ុន្តែមិនមានប្រភពណាមួយអះអាងថា ជារឿងអ្វីនោះឡើយ ។ ចំណែកខាងប្រុសនិងជាឃាតករឈ្មោះ រត្ន័ វណ្ណៈ អាយុ២១ឆ្នាំ ជាកសិករ មានស្រុកកំណើតនៅក្នុងភូមិមួយគ្នា បានចាក់ខ្លួនឯងចំនួន៣កាំបិត និងស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាល ឱ្យដឹងថា អ្នកទាំង២នាក់នេះបានភ្ជាប់ពាក្យជាមួយគ្នាអស់រយៈពេលជាង២ឆ្នាំមកហើយ ដោយមានចាស់ទុំដឹងឮត្រឹមត្រូវ ហើយក្រោយពេលភ្ជាប់ពាក្យរួច ខាងស្រីក៏បានចាកចេញពីស្រុកកំណើតមកធ្វើជាកម្មការិនីរោងចក្រនៅរាជធានីភ្នំពេញ ដោយទុកឱ្យខាងប្រុសនៅស្រុកកំណើតម្នាក់ឯង ។ ម្យ៉ាងទៀត នៅសល់តែរយៈពេល៨ថ្ងៃទៀតប៉ុណ្ណោះ ពួកគេទាំង២នាក់ នឹងឈានដល់ថ្ងៃត្រូវរៀបការទៀតផង ហើយកាលពី៣ថ្ងៃមុន ខាងប្រុសក៏បានធ្វើដំណើរចាកចេញពីស្រុកកំណើតស្កាត់មកជួបនាងជាគូដណ្ដឹងនៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ និងបានស្នាក់នៅជាមួយគ្នា ។ លុះនៅយប់ថ្ងៃកើតហេតុ ខាងប្រុសបានទៅផឹកស៊ីជុំគ្នាមួយមិត្តភក្ដិនៅបន្ទប់ជួលផ្សេងមួយទៀត ស្ថិតនៅចម្ងាយប្រមាណ៥០០ម៉ែត្រពីបន្ទប់នាងគូដណ្ដឹង ។
ខណៈនោះមិនដឹងថា មិត្តភក្ដិនិយាយអ្វីខ្លះទេ ទើបក្រោយពេលផឹកស្រវឹងក៏បានដើរត្រឡប់ទៅបន្ទប់ជួលវិញ និងបានធ្វើសកម្មភាពចាក់សម្លាប់នាងជាគូដណ្ដឹងទាំងកំរោលចំនួន១២កាំបិត បណ្ដាលឱ្យនាងរងរបួសដួលដេកនៅក្នុងថ្លុកឈាមសន្លប់ស្ដូកស្ដឹង ។ ភ្លាមៗនោះ ជនជាឃាតករឃើញបែបនេះស្មានថានាងស្លាប់ហើយ ក៏បានចាក់់ខ្លួនឯងចំនួន៣កាំបិតតាមក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់ដែរ បន្ទាប់មកត្រូវបានអ្នកជិតខាង និងក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះបន្ទាន់។ ពេលទៅដល់មន្ទីរពេទ្យ បុរសឃាតករបានស្លាប់បាត់បង់ជីវិត ចំណែកឯនាងជាអនាគតប្រពន្ធ កំពុងត្រូវបានគ្រូពេទ្យ ជួយសង្គ្រោះ ។
មន្ត្រីនគរបាលបន្តថា ក្រោយពេលកើតហេតុភ្លាម មិនត្រូវបានគេរាយការណ៍ឱ្យដឹងឡើយ គឺរហូតដល់វេលាម៉ោង៤ទៀបភ្លឺទើប នគរបាលទទួលបានព័ត៌មាននោះ ហើយទៅកាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បីសាកសួរព័ត៌មាន ។ មិនមានភាគីណាប្ដឹងភាគីណាឡើយ ម្យ៉ាងទៀតក៏មិនមាននរណាម្នាក់ប្រាប់ថា មានរឿងអ្វីទើបបានជាគូដណ្ដឹងមួយគូនេះឈានដល់ការចាក់សម្លាប់គ្នាបែបនេះឡើយ ។ ប៉ុន្តែតាមការសន្និដ្ឋាន សង្ស័យផ្ដើមចេញពីរឿងខាងប្រុស ប្រចណ្ឌខាងស្រីមិនស្មោះត្រង់នឹងខ្លួន ព្រោះនាងមកធ្វើជាកម្មការិនីតែម្នាក់ឯង ហើយគូដណ្ដឹងនៅឯស្រុកកំណើត ។
សពបុរសឃាតករត្រូវបានគេបញ្ជូនទៅធ្វើបុណ្យនៅឯស្រុកកំណើត ។ ការចាក់ប៉ងសម្លាប់អនាគតកូនក្រមុំ ហើយចាក់ខ្លួនឯងឱ្យស្លាប់នេះ បានបង្ហាញច្បាស់ថាបុរសវ័យក្មេងរូបនេះបានចាត់ទុកថា នាងគឺជារបស់ខ្លួនតែម្ដង មិនអាចមានបុរសរូបណាធ្វើជាអ្នកឃុំគ្រងនាងបានឡើយ ។ ដោយសារតែគំនិតអគតិបែបនេះ ទើបគេសម្រេចចិត្តចាក់សម្លាប់នាងរួចចាក់សម្លាប់ខ្លួនឯង ៕
ចែករំលែកព័តមាននេះ