រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានស្ទាក់ចាប់រថយន្តដឹកដីបានជាង៣០គ្រឿង ដែលមួយចំនួនកំពុងធ្វើសកម្មភាពជីកនិងដឹកនៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យផ្ទាល់ និងមួយចំនួនទៀតជីកនិងដឹកចេញពីក្នុងភូមិសាស្ត្រស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយបើកបរឆ្លងកាត់ក្នុងភូមិសាស្ត្រខណ្ឌខាងលើ បង្កការប៉ះពាល់ធ្ងន់ធ្ងរដល់ការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។
ប្រតិបត្តិការឃាត់រថយន្តដឹកដីទាំងនោះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ មីនា នៅតាមផ្លូវបង្គោលភ្លើង ហៅផ្លូវរថភ្លើងថ្មី ត្រង់ចំណុចភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ប្រជាពលរដ្ឋបាននិយាយថា រថយន្តដែលត្រូវឃាត់នាពេលនោះ ភាគច្រើនជារថយន្តយីឌុបកង់១០ ដឹកដីចេញពីរណ្ដៅរបស់ឈ្មួញជីកដីឈ្មោះ តាក់ ជីឡៅ ដែលបានធ្វើសកម្មភាពជីកនិងដឹកដីចេញពីក្នុងភូមិសាស្ត្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល យកទៅ
ចាក់នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និង១ក្រុមទៀតជារបស់ឈ្មួញដឹកដីដ៏គ្រាក់ម្នាក់ទៀត គឺឈ្មោះ ចិត្ត្រា ដែលពីមុនធ្លាប់ជីករណ្ដៅដីនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ (រណ្ដៅដែលឧទ្ធម្ភាគចក្រយោធាធ្លាក់ចូលពេលកំពុងហោះហ្វឹកហាត់កន្លងមក) ។
លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ការឃាត់រថយន្តដឹកដី ដឹកថ្ម ដឹកខ្សាច់ និងដឹកក្រួសទាំងនេះ គឺដោយមានបទបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ ដែលបានឱ្យលោកចាត់វិធានការតឹងរឹុងចំពោះរថយន្តទាំងនេះដើម្បីត្រួតពិនិត្យចំពោះរថយន្តណាគ្មានច្បាប់ និងធ្វើរបាយការណ៍ទៅថ្នាក់លើបន្ត ។ លោកបន្ថែមទៀតថា ការចាប់រថយន្តខាងលើនេះនឹងធ្វើជាប្រចាំ ។
សមត្ថកិច្ចចរាចរណ៍ដែលចុះអនុវត្តផ្ទាល់បានឱ្យដឹងថា ការឃាត់រថយន្តចំនួន២គោលដៅនៅខណ្ឌសែនសុខ ទី១នៅផ្លូវភ្នំពេញ ហាណូយ សង្កាត់ឃ្មួញ និងទី២នៅផ្លូវលេខ២០១១ ក្នុងសង្កាត់ក្រាំងធ្នុង ខណ្ឌពោធិ៍សែនជ័យ ឃាត់បានរថយន្តប្រមាណជាង៣០គ្រឿង ។ ចំណែកលោក ម៉ក់ ហុង អធិការខណ្ឌសែនសុខ ក៏បានឱ្យដឹងដែរថា ចំពោះគោលដៅត្រួតពិនិត្យរបស់លោកទាំង២ គឺកម្លាំងសមត្ថកិច្ចចរាចរណ៍ដែលចុះអនុវត្តផ្ទាល់ចាប់ឃាត់រថយន្តបានប្រមាណជាង៥០គ្រឿង ។
គួររំលឹកដែរថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានត្រូវរួមគ្នាត្រួតពិនិត្យ និងចាត់វិធានការឡើងវិញចំពោះបញ្ហារថយន្តដឹកដី គឺត្រូវតែឃាត់រថយន្តដឹកឥតសណ្តាប់ធ្នាប់ដែលធ្វើឱ្យធ្លាក់ដីខូចបរិស្ថានក្នុងរាជធានី និងទីប្រជុំជននានា ខណៈដែលប្រជាពលរដ្ឋអ្នកធ្វើដំណើរជាច្រើនតែងរអ៊ូរទាំពីបញ្ហាប្រឈមនៃរថយន្តដឹកដីធ្វើអាជីវកម្ម ។
សម្តេចក្រឡាហោមថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី សប្តាហ៍ទី១ នៃខែមីនា កាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ៕
ចែករំលែកព័តមាននេះ