ប្រទេសជប៉ុនប្រារព្ធធ្វើយ៉ាងមហោឡារិកនាថ្ងៃទី១១ មីនា នូវទិវានៃគ្រោះមហន្តរាយរញ្ជួយដី ស៊ូណាមី និងនុយក្លេអ៊ែរដែលកើតមានកាលពី៥ឆ្នាំមុន ហើយដែលប្រទេសនៅពុំទាន់ស្តារឡើងវិញរួចរាល់នៅឡើយ ។
ចាប់តាំងពីព្រឹកព្រលឹមទៅ មនុស្សជាច្រើនពាន់នាក់ឈរបណ្តាក់គ្នាតាមបណ្តោយឆ្នេរសមុទ្រតំបន់រងគ្រោះមានប្រវែងជាង៥០០គីឡូម៉ែត្រ ។ ទោះបីជាធាតុអាកាសត្រជាក់ ស្ថិតក្នុងភាពស្ងៀមស្ងាត់ ដៃកាន់បាច់ផ្កា និងទៀនមនុស្សទាំងនេះដូចរៀងរាល់ឆ្នាំប្រមូលផ្តុំគ្នានៅ SENDAI ISHINOMAKI RIKUZENTAKATA MINAMISANRIKU និងកន្លែងឯទៀតនៅភាគ ឦសានប្រទេស ។
នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូអាបេ ក្នុងសន្និសីទសារព័ត៌មានមួយកាលពីយប់ថ្ងៃទី១០ មីនា មានប្រសាសន៍ថា ប្រទេសជប៉ុននឹងមិនទាន់ស្តារឡើងវិញឡើយ បើគ្មានការកសាងឡើងវិញនៅទីក្រុង TOHOKU ភាគឦសានប្រទេសទេនោះ ។
ថ្ងៃទី១១ មីនា ឆ្នាំ២០១១ ជីវិតមនុស្សដល់ទៅប្រមាណជា១៨.៥០០នាក់ ត្រូវឆក់យកដោយសាររលកយក្សស៊ូណាមី ។ ក្នុងចំណោមមនុស្សទាំងនេះសាកសពមនុស្សដល់ទៅ២.៥៦១នាក់ នៅពុំទាន់រកឃើញនៅឡើយ ពិតណាស់ជារៀងរហូត ទោះបីការរុករកនៅបន្តក្តី ។
ពិធីផ្លូវការដោយមានព្រះរាជវត្តមានរបស់ព្រះចៅអធិរាជ និងព្រះអធិរាជនី ព្រមទាំងនាយករដ្ឋមន្ត្រីលោកអាបេ ប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ។
ពិធីស្មឹងស្មាធិរយៈពេលមួយនាទី កំណត់ធ្វើនាវេលាម៉ោង១៤និង៤៦នាទីម៉ោងក្នុងស្រុក ក្នុងទូទាំងប្រទេសគឺចំពេលម៉ោងដែលកាលពី៥ឆ្នាំមុន ចំថ្ងៃសុក្រដែរកើតមានក្នុងដែនទឹកកោះ HONSHU នូវការរញ្ជួយដីកម្លាំង៩រីស្ទ័រមួយ ដែលធ្វើឱ្យញ័ររញ្ជួយក្នុងផ្នែកយ៉ាងធំនៃប្រទេស ។ ការរញ្ជួយដីខ្លាំងនេះ ញ៉ាំងឱ្យមានស៊ូណាមី មហាប្រល័យដែលកម្ទេចទាំងស្រុងទីក្រុងទាំងឡាយ ។
បន្ទាប់មកមានសញ្ញាអាសន្នដំបូងនានាមកពីមជ្ឈមណ្ឌលនុយក្លេអ៊ែរ២នៅហ្វូគូស៊ីម៉ា ហើយមានបទបញ្ជាឱ្យជម្លៀសមនុស្សទាំងអស់ចេញដំបូងក្នុងរង្វង់២គីឡូម៉ែត្រ បន្ទាប់មក៣គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង២០គីឡូម៉ែត្រ ជុំវិញមជ្ឈមណ្ឌលទាំង២នេះ ដែលមានការធ្លាយចេញវិទ្យុសកម្មកម្រិតខ្ពស់ ។
ក្រៅពីជនរងគ្រោះដោយសារស៊ូណាមី ក្រោយមកមនុស្សប្រមាណជា៣.៤០៥នាក់ បានត្រូវស្លាប់ ដែលអាជ្ញាធរថាមកពីបណ្តាផលវិបាកនៃគ្រោះមហន្តរាយ ។ ការជម្លៀសជាបន្ទាន់ ការស្រុតចុះនៃលក្ខខណ្ឌជីវភាព និងសុខភាពនាំឱ្យមនុស្សទាំងនេះស្លាប់ មុនអាយុ ឬស្លាប់ដោយសារការធ្វើអត្តឃាត។
ការប្រមូលផ្តុំមនុស្សប្រឆាំងនឹងថាមពលនុយក្លេអ៊ែរ និងការដាក់ឱ្យដំណើរការឡើងវិញនៃបណ្តារេអាក់ទ័រគ្រោងធ្វើនាល្ងាចថ្ងៃទី១១ មីនា នៅក្រុងតូក្យូ ។
នាយករដ្ឋមន្ត្រីជប៉ុន លោកអាបេ នាយប់ថ្ងៃទី១០ មីនា ថ្លែងថា ប្រទេសរបស់យើងក្រខាងធនធានពុំអាចរំលងចោលថាមពលនុយក្លេអ៊ែរ ដើម្បីធានាការផ្គត់ផ្គង់ថាមពលឱ្យបានទៀងទាត់ឡើយ ដោយគិតទៅដល់បញ្ហាសេដ្ឋកិច្ច និងការផ្លាស់ប្តូរបរិយាកាស ៕
ចែករំលែកព័តមាននេះ