រាជធានីភ្នំពេញ ៖ នៅថ្ងៃអាទិត្យទី១៣ មីនា ខានស្អែកនេះ ការប្រកួតប្រដាល់អន្តរជាតិ នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ពេលព្រឹកនឹងចាប់ផ្ដើមទៀតហើយ ដោយមានកីឡាករកម្ពុជា៤រូបនិងកីឡាករថៃ៤រូបប៉ះគ្នាធ្វើឱ្យអ្នកនិយមទស្សនាការប្រដាល់ជាច្រើននាក់ផ្ដោតការចាប់អារម្មណ៍ចំពោះការប្រកួតនេះយ៉ាងខ្លាំង ។
កីឡាករ យុគ យក្សខួច ដែលអ្នកណាក៏ស្គាល់ថា ជាប្អូនបង្កើតរបស់យុគ យក្សផ្លែ មកពីក្លិបអប់រំកាយ និងកីឡាខេត្តបាត់ដំបង ត្រូវគេផ្គូរផ្គងឱ្យជួបប្រកួតជាមួយកីឡាករថៃឈ្មោះរីដា ក្នុងនាមជាគូអន្តរជាតិទី១ ។ ការប្រកួតរបស់គូនេះ ត្រូវគេកត់សម្គាល់ពីស្នាដៃរួចទៅហើយដោយសារតែកីឡាករថៃក៏ធ្លាប់មកបញ្ចេញថ្វីដៃនៅកម្ពុជាច្រើនលើករួចមកហើយ ដែរហើយភាគីខាងកីឡាករកម្ពុជាក៏ទើបនឹងស្ទុះឡើងរហូតឈានវាយគូអន្តរជាតិ ។ អីុចឹងហើយទើបការប្រកួតរបស់គេសម្រាប់ព្រឹកថ្ងៃទី១៣ មីនា ខានស្អែក មានការចាប់អារម្មណ៍ពីមនុស្សភាគច្រើនដែលចង់ដឹងថា តើរវាងកីឡាករទាំងពីរនាក់នេះមួយណាសម្រេចគោលដៅ ។

យ៉ាងណាក៏ដោយមានការប៉ាន់ស្មានថា កីឡាករកម្ពុជាទំនងមិនងាយវាយស៊ីជើងខ្លាំងរបស់ថៃនោះទេ ដោយសារយុគ យក្សខួច មើលទៅដូចជានៅមានកម្រិត ហើយកីឡាកររីដា ក៏មានប្រវត្តិវាយផ្ដួលកីឡាករកម្ពុជាល្អៗកន្លងមក។ កីឡាករថៃរូបនេះ ធ្លាប់ប្រកួត៩៨លើក ឈ្នះ៨២លើក ចាញ់១៥លើក និងស្មើ១លើក ដោយសមត្ថភាពប្រកួតរបស់គេគឺល្អមិនអន់ឡើយ ។ ភាគីអ្នកគាំទ្រនៅតែទុកចិត្តលើកីឡាករថៃច្រើនជាងបើទោះជាភាពលេចធ្លោរបស់យុគ យក្សខួច ទើបតែបានអណ្ដែតឡើង ។ ទោះជាភាគីខាងកម្ពុជា មានប្រវត្តិធ្លាប់ប្រកួតបានដល់៩៥លើក ឈ្នះ៧៧លើក ចាញ់១៥លើក និងស្មើ៣លើក ក៏បច្ចេកទេសនិងកម្លាំងស៊ុហ្វរបស់កីឡាកររូបនេះហាក់ដូចជារាងចាញ់ប្រៀបគូប្រកួតដែលមានរបបអាហារ និងតម្លៃខ្លួនល្អជាងនោះ។ យ៉ាងណាមិញ កីឡាករយុគ យក្សផ្លែ ក៏មិនមែនធម្មតានោះដែរ គឺពិតជាបើកឆាកប្រយុទ្ធប្រមូលយកការគាំទ្រដើម្បីសាងកេរ្តិ៍ឈ្មោះមិនឲ្យចាញ់បងប្រុសជាដាច់ខាត ។
នៅវេលាព្រឹកនោះដែរ កីឡាករយុគ យក្សផ្លែ ដែលជាបងប្រុសរបស់យុគ យក្សខួច ក៏នឹងបង្ហាញថ្វីដៃស្វាគមន៍កីឡាករថៃឈ្មោះផា យ៉ាណន់ ក្នុងនាមជាគូអន្តរជាតិឯក ។ កីឡាករថៃរូបនេះធ្លាប់ប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ដូចគ្នាដែរ ប៉ុន្តែត្រូវបានអ្នកគាំទ្រមិនជឿថានឹងអាចវាយឈ្នះកីឡាករកម្ពុជានោះទេ ដោយសារតែគូនេះគឺយុគ យក្សផ្លែល្អជាង ។ យ៉ាងណាក៏ដោយកីឡាករថៃក៏មិនអន់នោះដែរ ដូច្នេះពួកគេគឺពិតជាវាយគ្នាល្អមើលសម្រាប់ការប៉ះគ្នានេះ។ ការប្រកួតគូនេះ មានការប៉ាន់ស្មានស្ទើរទាំងអស់ថា ពួកគេនឹងបើកឆាកល្អមើលដោយសារយុគ យក្សផ្លែ គឺមិនដែលសំចៃដៃបើកមុខឲ្យគូប្រកួតនោះទេហើយកីឡាករថៃក៏មានថ្វីដៃមិនធម្មតា ។ កីឡាករផា យ៉ាណន់ ធ្លាប់ប្រកួតបាន៩១លើក ឈ្នះ៧៥លើក និងចាញ់១៦លើកខណៈដែលកីឡាករយុគ យក្សផ្លែ ធ្លាប់ប្រកួតបាន១៤១លើក ឈ្នះ១២៣លើក ចាញ់១៣លើក និងស្មើ៥លើក ច្រើនជាងកីឡាករថៃ ទើបគេប៉ាន់ស្មានថាកីឡាករថៃនឹងពិបាកទៅរួច ។

បន្ទាប់ពីការប្រកួតរបស់គូអន្តរជាតិ៤រូបខាងលើ នៅវេលាថ្ងៃអាទិត្យខានស្អែកដូចគ្នា ក៏មានការប្រកួតរវាងកីឡាករកម្ពុជា និងថៃចំនួន៤គូផ្សេងទៀតផងដែរ ចាប់ពីរម៉ោង២រសៀលតទៅ នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ។
កីឡាករ ម៉ន វិរៈ មកពីក្លិបការិយាល័យទី៥កងទ័ពជើងគោក នឹងជួបប្រកួតជាមួយកីឡាករថៃឈ្មោះផុន សាវ៉ាត់ ដែលគូនេះក៏មានការចាប់អារម្មណ៍មិនណយដែរ ។ កីឡាករថៃគូនេះ គេធ្លាប់ប្រកួតបាន៧១លើក ឈ្នះ៦៧លើក ចាញ់៤លើក និងមិនដែលស្មើ ខណៈដែលកីឡាករខាងកម្ពុជាធ្លាប់ប្រកួតបាន១៣៦លើក ឈ្នះ១២២លើក ចាញ់១៣លើក និងស្មើ១លើក គឺច្រើនជាងគូប្រកួតមកពីទីក្រុងបាងកក ។ យ៉ាងណាក៏ដោយគេចាត់ទុកថា កីឡាករ ម៉ន វិរៈ ក៏ប្រហែលមិនងាយស៊ីកីឡាករថៃដោយងាយៗនោះដែរ ដោយសារតែការប្រកួតរបស់គេនាពេលចុងក្រោយ លទ្ធផលដែលគេទទួលបានក៏មិនល្អគ្រប់ស្ថានការណ៍ ។

មួយគូចុងក្រោយគឺការប្រកួតរវាងកីឡាករ មឿន សុខហ៊ុច ឬពុទ្ធ ហ៊ុច មកពីក្លិបពុទ្ធសេរីវង្សកីឡា និងកីឡាករថៃឈ្មោះឃុំ ភេទ ក្នុងនាមជាគូឯក ។ ការប្រកួតរបស់ពួកគេទាំងពីរទទួលបានការចាប់អារម្មណ៍បំផុត ដោយសារតែភាគីខាងថៃក៏ល្អហើយភាគីខាងកម្ពុជាគឺរឹតតែល្អ ។ កីឡាករថៃធ្លាប់ប្រកួតបាន១០៩លើក ឈ្នះ៨៨លើក ចាញ់១៨លើក ស្មើ៣លើក ក្នុងពេលដែលកីឡាករមឿន សុខហ៊ុច ធ្លាប់ប្រកួតបាន១១៦លើក ឈ្នះ៩១លើក ចាញ់២១លើក និងស្មើ៤លើកនៅលើសង្វៀន ។
ដោយឡែកនៅថ្ងៃអាទិត្យដដែលនោះ ប៉ុន្តែចាប់ពីម៉ោង៥ល្ងាចតទៅនៅសង្វៀនទូរទស្សន៍ប៉ុស្ដិ៍លេខ៥ជ្រោយចង្វា ក៏មានការប្រកួតដ៏កក្រើករវាងកីឡាករជើងខ្លាំង៤រូបដែលជាប់ក្នុងវគ្គ៨នាក់ក្នុងការប្រកួតជើងឯកTiffy Super Fight ដើម្បីឈានឡើងទៅ៤នាក់ផងដែរ ។ ព្រឹត្តិការណ៍នេះ មានការចាប់អារម្មណ៍កាន់តែខ្លាំង ដោយសារតែនៅសល់ការប្រកួតតែមួយសប្ដាហ៍ទៀតប៉ុណ្ណោះ នឹងកំណត់មុខសញ្ញាបានដឹងថាអ្នកណាខ្លះមានឈ្មោះ៤នាក់ចុងក្រោយសម្រាប់ប្រកួតយកពាន ៕
ចែករំលែកព័តមាននេះ