ទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA រាយការណ៍កាលពីថ្ងៃទី១១ មីនា ថា មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានចេញបញ្ជាឱ្យធ្វើការសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរ ដែលអាចបង្រួមឱ្យតូចដោយពួកអ្នកវិទ្យាសាស្ត្រប្រទេសលោក ។
ក្នុងឱកាសបាញ់មីស៊ីលបាលីស្ទិក ដែលលោកចូលរួមពិនិត្យកាលពីថ្ងៃទី១០ មីនា លោកគីម ជុងអ៊ុន គូសបញ្ជាក់ពីសារសំខាន់នៃការសាកល្បងនុយក្លេអ៊ែរថែមទៀត ដើម្បីវាយតម្លៃលើកម្លាំងកម្ទេចនៃបណ្តាក្បាលគ្រាប់នុយក្លេអ៊ែរដែលទើបផលិតថ្មីៗដោយកូរ៉េខាងជើង ។
KCNA បន្តថា កាលពីថ្ងៃទី៩ មីនា លោកគីម ជុងអ៊ុន ធ្លាប់អះអាងថា ប្រទេសរបស់លោកអាចធ្វើឱ្យក្បាលគ្រាប់នុយក្លេអ៊ែររួមតូច ដែលអាចយកទៅដាក់ភ្ជាប់នឹងមីស៊ីលបាលីស្ទិក ដោយបែបនេះបង្កើតភាពជឿជាក់ពិតប្រាកដលើអាវុធនុយក្លេអ៊ែរ ។
ចំណែកកាសែតរបស់បក្សពលករកូរ៉េដែលកាន់អំណាច RODONG SINMUM បានចេញផ្សាយរូបថតមួយរបស់លោកគីម ជុងអ៊ុន ដែលឈរនៅមុខដុំដែកមូលមួយសង្ស័យជាក្បាលគ្រាប់នុយក្លេអ៊ែរមួយ ។
យោងតាម KCNA ថា ការបាញ់សាកល្បងមីស៊ីលបាលីស្ទិករយៈខ្លីកាលពីថ្ងៃទី១០ មីនា ដែលគ្រាប់នីមួយៗហោះបានចម្ងាយ៥០០គីឡូម៉ែត្រ មុនពេលធ្លាក់ក្នុងសមុទ្រខាងកើតហៅផងដែរថា សមុទ្រជប៉ុនជាផ្នែកមួយនៃសមយុទ្ធប្រឆាំងការវាយប្រហារនុយក្លេអ៊ែរ ដើម្បីការពារខ្លួនរបស់កងទ័ព ។
សមយុទ្ធនេះពិតណាស់ ជាប្រតិកម្មតបមួយចំពោះសមយុទ្ធយោធារួមដ៏ធំរបស់កងទ័ពកូរ៉េខាងត្បូង និងសហរដ្ឋអាេមរិក ដែលចាប់ផ្តើមពីថ្ងៃទី៧ មីនា មក ខណៈក្រុងព្យុងយ៉ាងគំរាមថា នឹងតបតវិញ តាមរយៈការវាយប្រហារនុយក្លេអ៊ែរ ។ សមយុទ្ធយោធាប្រចាំឆ្នាំរវាងសម្ព័ន្ធមិត្តទាំង២ តែងញ៉ាំងឱ្យមានភាពតានតឹងរវាងកូរ៉េទាំងពីរ ៕
ចែករំលែកព័តមាននេះ