រាជធានីភ្នំពេញ ៖ នេប៉ាល់ គឺជាប្រទេសមួយដែលមានតំបន់ទេសចរណ៍គួរឱ្យចាប់អារម្មណ៍ច្រើន ហើយក៏ជាកន្លែងព្រះពុទ្ធឋាន ផងដែរ ដែលពលរដ្ឋនៃបណ្តាប្រទេសគោរព និងប្រណិប័តន៍ព្រះពុទ្ធសាសនាចង់ទៅទស្សនាដើម្បីស្វែងយល់អំពីពុទ្ធប្រវត្តិ ។ ចំណែកប្រជាពលរដ្ឋខ្មែរវិញ ក៏មានបំណងទៅគោរពបូជានៅលើទឹកដីកំណើតរបស់ព្រះពុទ្ធផងដែរ ។
លោក អាង គីងអៀង ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា ៖ « ប្រទេសកម្ពុជាមានប្រាង្គប្រាសាទអង្គរវត្ត ហើយប្រាសាទខ្លះសាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា ។ សម្រាប់កម្ពុជា និងនេប៉ាល់ គឺមានឱកាសក្នុងការផ្លាស់ប្តូរភ្ញៀវទេសចរទៅវិញទៅមកបាន ពីព្រោះប្រទេសនេប៉ាល់សម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិ ជាពិសេស ជាប្រទេសដែលពលរដ្ឋនៅបណ្តាប្រទេសកាន់ព្រះពុទ្ធសាសនាចង់ទៅគោរពបូជា » ។

លោកប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបន្តថា ៖ « ប្រទេសកម្ពុជា នាពេលកន្លងមកធ្លាប់ទទួលបានភ្ញៀវទេសចរច្រើនពីប្រទេសនេប៉ាល់ តែទេសចរណ៍ពីកម្ពុជាទៅនេប៉ាល់វិញមានចំនួនតិចនៅឡើយ ។ ប៉ុន្តែសម្រាប់ភ្ញៀវទេសចរបែបធម្មយាត្រាខ្មែរយើងទៅកាន់នេប៉ាល់ គឺមានចំនួនច្រើន ទោះបីមិនបានទៅដល់ទីក្រុងក៏ពិតមែន តែបានទៅដល់ទីឋានដែលព្រះពុទ្ធទ្រង់ប្រសូត្រនៅទីនោះ » ។
លោកបន្ថែម ៖ « ខ្ញុំយល់ថា យុវជនកម្ពុជាយើងភាគច្រើនមិនទាន់បានទៅទស្សនាតំបន់ទេសចរណ៍របស់នេប៉ាល់នៅឡើយទេ ហើយខ្ញុំក៏សូមអំពាវនាវដល់យុវជនយើង គួរធ្វើដំណើរទៅកម្សាន្តនៅប្រទេសនេប៉ាល់ ពីព្រោះតម្លៃមិនសូវថ្លៃទេ ប៉ុន្តែនេប៉ាល់មានអ្វីដែលខុសប្លែកពីកម្ពុជាយើង ។ នេប៉ាល់ គឺជាប្រទេសដែលសម្បូរទៅដោយភ្នំ និងមានភ្នំខ្ពស់ជាងគេនៅលើពិភពលោក ។ តំបន់អូ ស្ទឹង និងជ្រោះនៅនេប៉ាល់មានលក្ខណៈខុសពីស្ទឹង បឹង ជ្រោះ និងទន្លេនៅស្រុកខ្មែរយើង ហើយបើយើងបានទៅទស្សនាតំបន់ធម្មជាតិទាំងនោះ យើងប្រាកដជាទទួលបានបទពិសោធន៍ថ្មី » ។
« ការធ្វើដំណើរកម្សាន្តនៅប្រទេសនេប៉ាល់ បែងចែកជា៣ផ្នែកធំៗរួមមាន ៖ ការធ្វើដំណើរកម្សាន្តបែបផ្សងព្រេង, ដំណើរកម្សាន្តបែបរីករាយ និងទំនាក់ទងវប្បធម៌ ។ ការធ្វើដំណើរកម្សាន្តបែបផ្សងព្រេងមានដូចជា ឡើងភ្នំ, ដើរកម្សាន្តតាមព្រៃភ្នំ, ជិះក្បូន ឬជិះទូកអុំ និងបរបាញ់សត្វ ។ល។ រីឯដំណើរកម្សាន្តបែបសប្បាយៗរួមមាន ដើរមើលសត្វនៅក្នុងតំបន់ព្រៃព្រិក, ជិះសេះ, ជិះយន្តហោះមើលភ្នំ » ។ល។ នេះបើតាមអគ្គរាជទូតនេប៉ាល់ ប្រចាំក្រុងបាងកក លោក K.N. Adhikari បានធ្វើបទបង្ហាញពីតំបន់ទេសចរណ៍នេប៉ាល់ នៅក្នុងសណ្ឋាគារកាំបូឌីយ៉ាណា ។
ចំណែកលោក យ៉ា ធី ប្រធានគ្រប់គ្រងផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុន Aveera Travel បានឲ្យដឹងថា ៖ « ក្រុមហ៊ុន Aveera Travel បានចាប់ផ្តើមផ្តល់សេវាទេសចរណ៍តាំងពីឆ្នាំ២០១៣មកម្ល៉េះ និងធ្លាប់បាននាំភ្ញៀវទេសចរទៅកម្សាន្ត និងទស្សនានៅប្រទេសម៉ាឡេស៊ី សិង្ហបុរី ថៃ និងប្រទេសដទៃទៀត ។ ការនាំភ្ញៀវទៅទស្សនាតំបន់ទេសចរណ៍នៅក្រៅប្រទេសនេះមិនទៀងនោះទេ មានខែខ្លះបាននាំភ្ញៀវទៅកម្សាន្ត២ដងក្នុង១ខែ ក្នុងនោះមានប្រទេសម៉ាឡេស៊ី និងថៃ ជាដើម » ។
ទាក់ទងនឹងតំបន់ទេសចរណ៍នៅប្រទេសនេប៉ាល់នេះដែរ បើតាមតំណាងក្រុមហ៊ុន Aveera Travel ឲ្យដឹងថា ៖ « ខ្ញុំយល់ឃើញថា ទោះបីជាប្រទេសនេប៉ាល់ទើបងើបឡើងក្នុងវិស័យទេសចរណ៍ក្តី ប៉ុន្តែយើងមើលឃើញថា ប្រទេសនេប៉ាល់អាចជាទិសដៅថ្មីនៃការនាំភ្ញៀវដើរកម្សាន្ត ។ ខ្ញុំគិតថា នៅថ្ងៃក្រោយក្រុមហ៊ុននឹងផ្សព្វផ្សាយឲ្យភ្ញៀវទេសចរបានដឹង និងទៅកម្សាន្តនៅប្រទេសនេប៉ាល់ ពីព្រោះប្រទេសនេះ គឺជាតំបន់ទេសចរណ៍ថ្មីមួយក្នុងចំណោមប្រទេសអាស៊ានដទៃទៀត » ៕
ចែករំលែកព័តមាននេះ