ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា​បង្ហាញ​ក្តី​បារម្ភ​ពី​ការ​នាំ​ចូល​រថយន្ត​ជជុះ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឧស្សាហកម្ម​រថយន្ត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​លូតលាស់​យ៉ាង​ឆាប់រហ័ស និង​រឹង​មាំ ។ កាលពី​ឆ្នាំ​២០១៣ កំណើន​នៃ​ការ​នាំ​ចូល​យានយន្ត​បាន​កើនឡើង​ប្រមាណ​១៥% ហើយ​ការ​នាំ​ចូល​រថយន្ត​ថ្មី

រាជធានី​ភ្នំពេញ ៖ ឧស្សាហកម្ម​រថយន្ត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​លូតលាស់​យ៉ាង​ឆាប់រហ័ស និង​រឹង​មាំ ។ កាលពី​ឆ្នាំ​២០១៣ កំណើន​នៃ​ការ​នាំ​ចូល​យានយន្ត​បាន​កើនឡើង​ប្រមាណ​១៥% ហើយ​ការ​នាំ​ចូល​រថយន្ត​ថ្មី មាន​សរុប​ប្រហែល​តែ​៤.០០០​គ្រឿង​ប៉ុណ្ណោះ​។ នៅ​ក្នុង​ឆ្នាំ​២០១៤ រថយន្ត​គ្រប់​ប្រភេទ​ដូច​ជា រថយន្ត​តូច ភី​ក​អាប់ និង​រថយន្ត​ដឹក​ជញ្ជូន ដោយ​១​ភាគ​៣​នៃ​រថយន្ត​ទាំងនោះ គឺជា​រថយន្ត​ទំនើប ស្រប​តាម​ការ​និយម និង​បែបផែន​ជីវិត​របស់​សង្គម​កម្ពុជា ។ តែ​ទោះជា​យ៉ាងណា សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា បាន​បង្ហាញ​ក្តី​បារម្ភ​ពី​ការ​នាំ​ចូល​រថយន្ត​ជជុះ និង​រថយន្ត​មាន​អាយុកាល​ច្រើន មក​កាន់​ទីផ្សារ​កម្ពុជា ។

លោក Peter Brongers ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា ឱ្យ​ដឹង​ថា ៖ « កំណើន​ដ៏​ឆាប់រហ័ស​នេះ ក៏​បាន​ប្រឈម​នឹង​បញ្ហា​ថ្មី​ៗ​សម្រាប់​តួអង្គ​សំខាន់​ៗ​ក្នុង​ឧស្សាហកម្ម​នេះ ។ អាជ្ញាធរ រដ្ឋាភិបាល​ក៏​ត្រូវ​បង្កើន​ការ​ការពារ និង​សុវត្ថិភាព​ដល់​អ្នក​ប្រើប្រាស់​ផង​ដែរ ដោយ​ត្រូវ​ពិនិត្យ​មើល​ការ​នាំ​ចូល​យានយន្ត​មិន​មាន​សុវត្ថិភាព ឬ​ហៅ​ថា ទីផ្សារ​ងងឹត ជាដើម ។ សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា (CAIF) មាន​គោលបំណង​ពង្រឹង និង​ការពារ​គោលដៅ​របស់​ឧស្សាហកម្ម​យានយន្ត និង​ជួយ​កែ​លម្អ​សុវត្ថិភាព​ផ្លូវថ្នល់ ការពារ​អ្នក​ប្រើប្រាស់ សុវត្ថិភាព​យានយន្ត និង​ការ​យល់​ដឹង​របស់​អ្នកបើកបរ » ។ 

លោក​បន្ត​ថា ៖ « ប្រជាជន​កម្ពុជា​ធ្លាប់​ចាត់​ទុក​ថា តម្លៃ​គឺជា​កត្តា​សំខាន់​សម្រាប់​ការ​សម្រេចចិត្ត​ទិញ​រថយន្ត ប៉ុន្តែ​មើល​រំលង​ពី​គុណភាព ។ ពេល​នោះ អ្នក​ប្រើប្រាស់​ជា​ច្រើន​មិន​ទាន់​យល់​ពី​អត្ថប្រយោជន៍​នៃ​ការ​ធានា និង​មជ្ឈមណ្ឌល​សេវាកម្ម​ដែល​ទទួល​បាន​សិទ្ធិ​ផ្ដល់​ដោយ​អ្នក​ចែកចាយ​ផ្លូវការ​នោះ​ទេ ។ ក្រៅពី​នេះ អ្នក​ប្រើប្រាស់​ជា​ច្រើន​មិនដឹង​ថា អ្នក​ផលិត​បាន​រចនា​និង​បង្កើត​រថយន្ត​ផ្សេង​គ្នា​សម្រាប់​ប្រទេស​ផ្សេង​គ្នា​នៅ​លើ​ពិភពលោក​ឡើយ ។ រថយន្ត​ដែល​ទទួល​បាន​សិទ្ធិ ត្រូវ​បាន​នាំ​ចូល​ដោយ​គិត​ពិចារណា​ទៅ​លើ​លក្ខខណ្ឌ​ក្នុងស្រុក សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា ។ ឧទាហរណ៍ រថយន្ត​ដែល​ទទួល​បាន​សិទ្ធិ ត្រូវ​បាន​លៃ​តម្រូវ​សម្រាប់​ស្ថានភាព​ប្រើប្រាស់​ប្រេង​នៅ​កម្ពុជា ។ បូម ឬ​ម៉ូ​ឫ​ស្ស័​រ ក៏​ត្រូវ​បាន​លៃ​តម្រូវ​ទៅ​តាម​ផ្លូវ​នៅ​កម្ពុជា​ផង​ដែរ ។ ក្រៅពី​នេះ កុំ​ប្រេ​ស្ស័​រ​ម៉ាស៊ីនត្រជាក់​ធំ ក៏​សម្រាប់​អាកាសធាតុ​នៅ​តាម​តំបន់​ដែរ ។ ជាមួយនឹង​ទីផ្សារ​ងងឹត​ដែល​មាន​ទំហំ​ធំ​ជាង​អ្នក​ចែកចាយ​ផ្លូវការ​១០​ដង អ្នក​ប្រើប្រាស់​ពិតជា​ពុំ​ទទួល​បានការ​ពារ​ទេ » ។

លោក​បន្ថែម​ថា ៖ « សហព័ន្ធ​បាន​ត្រៀមខ្លួន​ក្នុង​ការ​ផ្ដល់​ប្រឹក្សា​ដល់​រាជរដ្ឋាភិបាល​អំពី​វិធានការ​ពាក់ព័ន្ធ ដើម្បី​ហាមឃាត់​រថយន្ត​នាំ​ចូល​ថ្មី​ដោយ​អ្នក​ចែកចាយ​ដែល​គ្មាន​សិទ្ធិ និង​បង្កើន​ពន្ធ​១៥០% សម្រាប់​រាល់​ទីផ្សារ​ងងឹត​។ ក្នុង​នាម​ជា​តួអង្គ​មានការ​ទទួលខុសត្រូវ សហព័ន្ធ​នឹង​ធ្វើ​យុទ្ធនាការ​លើកកម្ពស់​ការ​យល់​ដឹង​នៅ​ក្នុងឆ្នាំនេះ ដើម្បី​អប់រំ​អ្នក​ប្រើប្រាស់​ជា​បណ្ដើរ​ៗ​អំពី​ហានិភ័យ​នៃ​ការ​ទិញ​រថយន្ត​ពី​អ្នក​ចែកចាយ​ដែល​គ្មាន​សិទ្ធិ ។ សមាហរណកម្ម​អាស៊ាន​កំពុង​តែ​នាំ​កម្ពុជា​ទៅ​មុខ ហើយ​កម្ពុជា​កំពុង​ធ្វើ​សមា​ហរណ​កម្ម​ចូល ។ ដូច្នេះ​ដើម្បី​ឱ្យ​សមាហរណកម្ម​រលូន កម្ពុជា​គួរ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​មួយ​ឱ្យ​មាន​លក្ខណៈ​ស្របគ្នា » ។

ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០ មាន​ប្រទេស​៧ បាន​ហាមឃាត់​ការ​នាំ​ចូល​រថយន្ត​ជជុះ ។ បច្ចុប្បន្ន​នេះ មី​យ៉ា​ន់​ម៉ា និង​កម្ពុជា មិន​បាន​កំណត់​ការ​នាំ​ចូល​នេះ​ទេ ដែល​មាន​ទិដ្ឋភាព​ជា «​កន្លែង​សម្រាប់​ចោល​របស់​ចាស់ » ក្នុង​ចំណោម​ប្រទេស​អាស៊ាន ។

កាលពី​ឆ្នាំ​២០១៣ ឡាវ​បាន​ស្ដាប់​តាម​និន្នាការ​របស់​បណ្តា​ប្រទេស​អាស៊ាន ដោយ​ហាមឃាត់​ការ​នាំ​ចូល​រថយន្ត​ជជុះ​ចូល​ប្រទេស​ឡាវ​។ ចំណែក​ប្រទេស​វៀតណាម​វិញ អនុញ្ញាត​ឱ្យ​នាំ​រថយន្ត​ចូល​ប្រទេស​របស់​ខ្លួន អាយុ​ត្រឹមតែ​៥​ឆ្នាំ​ប៉ុណ្ណោះ ។ រថយន្ត​ទាំងនោះ​ត្រូវ​ឆ្លងកាត់​ការ​ពិនិត្យ​សុវត្ថិភាព​មុន​ពេល​ចូល​ក្នុង​ប្រទេស ហើយ​ត្រូវ​ពិនិត្យ​ជា​ប្រចាំ​រៀង​រាល់​៦​ខែ​ម្ដង ។

ប្រធាន CAIF បញ្ជាក់​ថា ៖ « យើង​ត្រៀមខ្លួន​សម្រាប់​ការ​អនុវត្ត​ឆាប់រហ័ស​នៃ​វិធានការ​ពាក់ព័ន្ធ ។ ហើយ​គួរ​បិទ​ទាំងស្រុង​ការ​នាំ​ចូល​រថយន្ត​ជជុះ ឬ​បិទ​ការ​នាំ​ចូល​រថយន្ត​ដែល​មាន​អាយុ​លើស​ពី​១០​ឆ្នាំ ដើម្បី​ការពារ​អ្នក​ប្រើប្រាស់ និង​បរិស្ថាន ព្រមទាំង​បង្កើន​ចំណូល​ពន្ធដារ​សម្រាប់​អាជ្ញាធរ​ពាក់ព័ន្ធ » ។

គួរ​បញ្ជាក់​ថា សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា តំណាង​ឱ្យ​អ្នក​ចែកចាយ​ដែល​មាន​សិទ្ធិ រួម​មាន Audi, BMW, Chevrolet, Ford, Fuso, Great Wall, Honda, Isuzu, Jaguar, Kia, Land Rover, Mazda, Mercedes Benz, Mitsubishi, Nissan, Porsche, Subaru, Suzuki, Toyota និង Volkswagen ។

គោលបំណង​ហាមឃាត់​ការ​នាំ​ចូល​រថយន្ត​ជជុះ​នេះ គឺ​ដើម្បី​លើកកម្ពស់​ឧស្សាហកម្ម​យានយន្ត បញ្ចេញ​សំឡេង​តែ​មួយ និង​រួម​គ្នា​ជាមួយ​វិស័យ​ឯកជន​អំពី​បញ្ហា​នេះ​ជាមួយ​រាជរដ្ឋាភិបាល ចូលរួម​ធ្វើ​ជា​តំណាង​ឱ្យ​វិស័យ​ឯកជន​នៅ​ក្នុង​ក្រុមការងារ​អាស៊ាន បង្កើន​ការងារ​ផ្ដល់​ការ​បណ្ដុះបណ្ដាល បង្កើន​សុវត្ថិភាព​ផ្លូវថ្នល់ លើកកម្ពស់​ការ​យល់​ដឹង និង​ការ​ការពារ​ដល់​អ្នក​ប្រើប្រាស់ ។

យោង​តាម​តួលេខ​ដែល​ចេញ​ដោយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៥ ចំនួន​យានជំនិះ​ដែល​បាន​ចុះ​ឈ្មោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កើនឡើង​ចំនួន​១៤% ជាមួយនឹង​យានយន្ដ​ជាង​៣,២​លាន​គ្រឿង ត្រូវ​បាន​ចុះ​ឈ្មោះ និង​រាប់​បញ្ចូល​ទាំង​ម៉ូតូ​ចំនួន​២,៧​លាន​គ្រឿង ត្រូវ​បាន​ចុះ​ឈ្មោះ​ផង​ដែរ ៕