ខេត្តមណ្ឌលគិរី ៖ ជុំវិញករណីមន្ត្រីជំនាញព្រៃឈើការពារខេត្តមណ្ឌលគិរី ប្រទះឃើញសាច់សត្វខ្ទីងជំទង់មួយក្បាលក្នុងតំបន់ព្រៃការពារ ត្រង់ចំណុចអូរផ្លាយ ស្ថិតក្នុងឃុំស្រែហ៊ុយ ស្រុកកោះញែក កាលពីព្រឹកថ្ងៃទី០៩ មីនា រហូលមកដល់រសៀលថ្ងៃទី១០ មីនានេះ សាច់ខ្ទីងចំនួន៥០គីឡូក្រាម ត្រូវបានប្រមូលយកទៅរក្សាទុកនៅស្នាក់ការរងម្រើចដែលស្ថិតនៅតំបន់ព្រៃការពារ ខណៈមន្ត្រីយោធាដែលពាក់ព័ន្ធករណីនោះ ក៏ត្រូវមេបញ្ជាការហៅមកសាកសួរបំភ្លឺនៅវរសេនាតូចការពារព្រំដែនគោកលេខ១០៣។
សេចក្តីរាយការណ៍បានឲ្យដឹងថា មន្ត្រីយោធាដែលជាប់ពាក់ព័ន្ឋនឹងករណីបាញ់សម្លាប់សត្វខ្ទីងខាងលើនោះ មានឈ្មោះ អ៊ុក សារុន, ឯក សំពៅ និងឈ្មោះ សុខ មករា ទាំង៣នាក់ជាមន្ត្រីយោធាប្រចាំនៅកងអនុសេនាធំលេខ៣ចំណុះឲ្យវរសេនាតូចការពារព្រំដែនគោកលេខ១០៣ ចំណែកពីរនាក់ទៀតមានឈ្មោះ លាង នឹងឈ្មោះ យ៉ើល ចេក ជាប្រជាពលរដ្ឋ។ ប្រភពបានបន្តថា ក្រោយប្រទះឃើញសាច់ខ្ទីងដែលគេព្រលះសាច់ហាលពេញគុម្ពឬស្សី ខាងមន្ដ្រីជំនាញមេព្រៃបានធ្វើការប្រមូលសាច់ទាំងនោះ ទៅរក្សាទុកដើម្បីធ្វើការស្រាវជ្រាវ។
ចំណែកជនសង្ស័យទាំង៥នាក់ ដែលស្ថិតនៅកន្លែងសត្វព្រៃនោះ មន្ត្រីជំនាញមិនបានឃាត់ខ្លួនភ្លាមៗទេ ព្រោះត្រូវធ្វើការស៊ើបអង្កេតជាបន្តបន្ទាប់ ដើម្បីវែកមុខរកជនប្រព្រឹត្តបទល្មើសជាក់ស្តែង។ ប្រភពពីមន្ត្រីជំនាញបានបង្ហើបឱ្យដឹងថា ចំពោះមន្ត្រីយោធាទាំងបីនាក់ដែលស្ថិតនៅចំណុចកើតហេតុ ទោះបីមិនទាន់មានភស្តុតាងបញ្ជាក់ថា ជាអ្នកប្រព្រឹត្តពិតមែន តែបើតាមសាក្សីបាននិយាយថា គឺពួកគេទាំងបីនាក់ជាអ្នកផ្សំគំនិតជាមួយប្រជាពលរដ្ឋពីរនាក់ទៀត បានបាញ់សត្វខ្ទីងមួយក្បាលនោះ។
លោក យិន ចាន់ទី មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ១០៣ បានឲ្យដឹងថាលោកកំពុងកោះហៅមន្ត្រីយោធា ទាំងបីនាក់នោះមកសាកសួរនៅទីបញ្ជាការហើយ តែនៅរសៀលថ្ងៃទី១០ ខែមីនានេះ ពួកគេមិនទាន់មកដល់ទេ ព្រោះផ្លូវធ្វើដំណើរឆ្ងាយពេក។ លោក ឃិន ម៉េងស្រេង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី បានថ្លែងយ៉ាងខ្លីថា ប្រសិនបើមន្ត្រីតុលាការពិតជារកឃើញថា យោធាទាំងបីនាក់នោះពិតជាមានកំហុលពិតមែន សូមឲ្យតុលាការចាត់ការតាមផ្លូវច្បាប់។
ប្រភពក្រៅផ្លូវការមួយបានឲ្យដឹងថា កាំភ្លើងAKពីរដើមដែលប្រើប្រាស់សម្រាប់បាញ់សត្វខ្ចីង គឺជារបស់ឈ្មោះ សុខ មករា មន្ត្រីយោធាកងអនុសេនាធំលេខ៣ ឲ្យទៅឈ្មោះ យ៉ើត ចេក ទៅបាញ់សត្វដើម្បីចែកគ្នា។ យ៉ាងណាក៏ដោយរហូតមកដល់រសៀលថ្ងៃទី១០ ខែមីនានេះ មន្ត្រីជំនាញដែលចុះទៅបង្ក្រាបករណីខាងលើមិនទាន់ចាកចេញពីកន្លែងកើតហេតុនៅឡើយទេ ដោយរង់ចាំប្រមូលរបាយការណ៍បន្ថែម ដើម្បីចាត់វិធានការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ