កងឆ្មាំបដិវត្តន៍អីុរ៉ង់ជាកងទ័ពពិសេសអីុរ៉ង់កាលពីថ្ងៃទី៩ មីនា បានបាញ់សាកមីស៊ីលបាលីស្ទិក២គ្រាប់ថ្មីទៀត ដែលខ្លួនផលិត ហើយបញ្ជាក់ថា ចង់ឱ្យបាញ់ដល់អីុស្រាអែល ដោយធ្វើមិនដឹងមិនឮចំពោះការរិះគន់នានារបស់សហរដ្ឋអាមេរិក ចំពោះការសាកល្បងប្រហាក់ប្រហែលគ្នានេះនាពេលមុន ។
ទូរទស្សន៍អីុរ៉ង់បានផ្សាយរូបភាពនានានៃមីស៊ីលធុន QADR ២គ្រាប់ កំពុងបាញ់ចេញពីទីតាំងមួយនៅភាគខាងជើងប្រទេស ។ មីស៊ីលទាំងនេះបានទៅដល់គោលដៅនៅភាគខាងត្បូងប្រទេស ក្រោយពីហោះហើរក្នុងចម្ងាយប្រមាណជា១.៤០០គីឡូម៉ែត្រ ។ ក្រោយការសាកល្បងមីស៊ីលកាលពីថ្ងៃទី៨ មីនា សហរដ្ឋអាមេរិកបានគំរាមអីុរ៉ង់ពីការដាក់ទណ្ឌកម្មថ្មីៗទៀត ។
ឧត្តមសេនីយ៍ AMIR ALI HAJIZADEH មេបញ្ជាការកងពលធំដាក់ទ័ពតាមយន្តហោះនៃកងឆ្មាំបដិវត្តន៍អីុរ៉ង់ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មាន ISNA ថ្លែងថា ហេតុផលដែលយើងផលិតបណ្តាមីស៊ីលរបស់យើងអាចបាញ់បានចម្ងាយ២.០០០គីឡូម៉ែត្រ គឺអាចទៅដល់សត្រូវរបស់យើងជារបបស្យូនីស្តអីុស្រាអែល ។ ចំណុចដែលជិតបំផុត គឺទីក្រុងហ្សេរុយសាឡឹម និងក្រុងតែលអាវីវមានចម្ងាយ១០០០គីឡូម៉ែត្រ ពីអីុរ៉ង់ ។
បណ្តាទីភ្នាក់ងារព័ត៌មានអីុរ៉ង់និយាយថា មីស៊ីលដែលបាញ់កាលពីថ្ងៃទី៩ មីនា មានចារជាអក្សរអីុស្រាអែលថា «អីុស្រាអែលត្រូវតែលុបបំបាត់ចេញពីទំព័រប្រវត្តិសាស្ត្រ» ។
នៅអីុស្រាអែលរដ្ឋមន្ត្រីការពារប្រទេសលោក MOSHE YAALON ថ្លែងតាមវិទ្យុថា ការបាញ់មីស៊ីលទាំងនេះបង្ហាញថា អីុរ៉ង់ពុំបានផ្លាស់ប្តូរចិត្តឡើយ ហើយនៅតែជាប្រទេសប្រទូស្តរ៉ាយមួយ ទោះបីមានការអនុវត្តកិច្ចព្រមព្រៀងស្តីពីសកម្មភាពនុយក្លេអ៊ែររបស់ប្រទេសនេះ ព្រមទាំងកាយវិការបើកចំហឆ្ពោះទៅលោកខាងលិចរបស់ប្រធានាធិបតីអីុរ៉ង់ លោកហាសាន់ រ៉ូហានី ក៏ដោយ ។ លោក MOSHE YAALON បន្តថា ជាការគួរឱ្យសោកស្តាយនៅលោកខាងលិចមនុស្សមួយចំនួនមានការយល់ច្រឡំ ដោយសារសម្តីផ្អែមរបស់មេដឹកនាំអីុរ៉ង់មួយចំនួន ចំណែកទ្វីបឯទៀតៗផ្តល់សម្ភារ និងអាវុធដល់បណ្តាក្រុមភេរវកម្មប្រដាប់អាវុធ ។
ចំណែកក្រុងវ៉ាស៊ីនតោនប្រកាសថា រដ្ឋមន្ត្រីការបរទេសលោកចន ឃ័ររី កាលពីថ្ងៃទី៩ មីនា បានសន្ទនាគ្នាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអីុរ៉ង់លោក MOHAMMAD JAVAD ZARIF អំពីការបាញ់មីស៊ីលបាលីស្ទិកទាំងនេះ ហើយលោកបានសម្តែងពីការព្រួយបារម្ភ ។
សេតវិមាននិយាយថា រដ្ឋាភិបាលអាមេរិកនឹងកំណត់ថាតើចម្លើយតបណាដែលសមស្របចំពោះការផ្តួចផ្តើមគំនិតទាំងឡាយរបស់អីុរ៉ង់ ។ លោក JOSH EARNEST អ្នកនាំពាក្យសេតវិមាននិយាយថា យើងនឹងបន្តបង្កើនការខិតខំប្រឹងប្រែងជាមួយបណ្តាសម្ព័ន្ធមិត្ត និងដៃគូរបស់យើងក្នុងតំបន់ ដើម្បីប៉ុនប៉ងកម្រិតសមត្ថភាពអីុរ៉ង់ក្នុងការបន្តកម្មវិធីមីស៊ីលរបស់ខ្លួន ។ លោកបន្តថា សហរដ្ឋអាមេរិកនឹងពុំមានការភ្ញាក់ផ្អើលឡើយ លើការប្រកាសរបស់អីុរ៉ង់ពីការបាញ់មីស៊ីលថ្មីៗក្នុងបណ្តាថ្ងៃខាងមុខ ។
កងឆ្មាំបដិវត្តន៍អីុរ៉ង់មានមីស៊ីលបាលីស្ទិករយៈខ្លី និងរយៈមធ្យមជាច្រើនសិបគ្រាប់ដែលជាស្តុកសំខាន់បំផុតក្នុងតំបន់ ។ កងកម្លាំងនេះអះអាងថា មីស៊ីលទាំងនេះប្រើសម្រាប់តែកិច្ចការពារជាមួយក្បាលគ្រាប់ធម្មតាពុំមានក្បាលគ្រាប់នុយក្លេអ៊ែរឡើយ ។
កាលពី២ខែមុនក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មប្រឆាំងបណ្តាសហគ្រាស និងបណ្តាបុគ្គលដែលទាក់ទិននឹងកម្មវិធីបាលីស្ទិកនេះ របស់អីុរ៉ង់ បន្ទាប់ពីការសាកល្បងមីស៊ីលរយៈមធ្យមប្រភេទ EMAD កាលពីខែតុលា ឆ្នាំ២០១៥ ។
ឧត្តមសេនីយ៍ HAJIZADEH ថ្លែងថា កងឆ្មាំបដិវត្តន៍ពុំចុះញ៉មចំពោះទណ្ឌកម្មនេះឡើយ ។ បើសត្រូវរបស់យើងធ្វើការគាបសង្កត់ និងដាក់ទណ្ឌកម្មយើង យើងកាន់តែពង្រីកកម្មវិធីមីស៊ីលរបស់យើង ៕
ចែករំលែកព័តមាននេះ