ខេត្តកណ្តាល ៖ បុរសម្នាក់ឈរមើលគេរាំធុងបាស់សុខៗ ស្រាប់តែមានជនដៃដល់លួចកាប់ពីក្រោយត្រូវចំក្បាលចំនួន៤កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ដោយមិនដឹងមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យផ្សារគគីរ កាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិធំ ឃុំធំ ស្រុកកៀនស្វាយ ។
ជនរងគ្រោះ ឈ្មោះ សំ ផានិត អាយុ២៧ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រងរបួសធ្ងន់ ។ ចំណែក ជនដៃដល់ ត្រូវបានគេស្គាល់ ឈ្មោះ ទិត ធីវ៉ាន់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុខាងលើ បានរត់គេចខ្លួនបាត់ ។
មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានមកឈរមើលគេរាំធុងបាស់នៅក្នុងពិធីបុណ្យជូនលោកយាយចុងភូមិភូមិធំ លុះដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែជនដៃដល់លួចកាប់ជនរងគ្រោះពីក្រោយចំក្បាលចំនួន៤កាំបិត ដោយពុំដឹងមកពីមូលហេតុអ្វីពិតប្រាកដនោះទេ ។
ទោះបីជាយ៉ាងណាក្តី ជនសង្ស័យដែលរត់គេចខ្លួននោះ សមត្ថកិច្ចស្គាល់អត្តសញ្ញាណរួចហើយ និងបាននិងកំពុងតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ