ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុ​ង សុវណ្ណ​ឌឿ​ន និង​សា​រឿ​ន ច័ន្ទ ត្រៀម​កណ្ដាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​នៅ​លើ​រេញ​អាស៊ី​អាគ្នេយ៍

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​១២ មីនា ខានស្អែក​នេះ ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​រៀង​រាល់​២​ស​ប្ដា​ហ៍​ម្ដង​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​ចាប់ផ្ដើម​ទៀត​ហើយ​អម​ដោយ​ការ​ប្រកួត​វិល​ជុំ​របស់​កីឡាករ​៨​រូប​នៅ​លើ​សង្វៀន​។

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​១២ មីនា ខានស្អែក​នេះ ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​រៀង​រាល់​២​ស​ប្ដា​ហ៍​ម្ដង​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​ចាប់ផ្ដើម​ទៀត​ហើយ​អម​ដោយ​ការ​ប្រកួត​វិល​ជុំ​របស់​កីឡាករ​៨​រូប​នៅ​លើ​សង្វៀន​។ កីឡាករ​ល្បីឈ្មោះ ឡុ​ង សុវណ្ណ​ឌឿ​ន និង សា​រឿ​ន ច័ន្ទ នឹង​ត្រូវ​គេ​ឱ្យ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ចាប់ពី​ម៉ោង​២​រសៀល​តទៅ ។

ឡុ​ង សុវណ្ណ​ឌឿ​ន ដែល​ក្រៅពី​ជា​កីឡាករ​ល្បីឈ្មោះ ក៏​ជា​ពិធីករ​អត្ថាធិប្បាយ​ក្នុង​កម្មវិធី​ប្រកួត​ប្រដាល់​របស់​ស្ថានីយទូរទស្សន៍ CTN ផង​ដែរ​នោះ នឹង​ត្រូវ​ជួប​ស្វាគមន៍​កីឡា​ករ​ថៃ​ឈ្មោះ កាំ​ឡៃ ភី​ត ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។ កីឡាករ​ទាំង​ពីរ​នឹង​ឡើង​ប៉ះ​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់ K-Cement ដែល​ក្នុង​ពេល​នោះ ក៏​មានការ​ប្រកួត​ដណ្ដើម​ពិន្ទុ​របស់​កីឡាករ​៨​រូប ឆ្ពោះទៅ​កាន់ការ​ប្រកួតប្រជែង​យក​តំណែង​ជើងឯក​នៅ​លើ​សង្វៀន ក៏​ស្ថិត​ក្នុង​សភាព​ស្វិតស្វាញ​ដែរ ។ ការ​ប្រកួត​របស់​គូ​នេះ ត្រូវ​គេ​កត់​សម្គាល់​ពី​ស្នាដៃ​រួច​ទៅ​ហើយ ដោយសារ​តែ​កីឡាករ ឡុ​ង សុវណ្ណ​ឌឿ​ន ក៏​មាន​ប្រវត្តិ​មិនធម្មតា ហើយ​កីឡាករ​ថៃ​ក៏​ខ្លាំង​ក្នុង​ការ​វាយ​ផ្ដួល​គូប្រកួត ។ ភាគី​ខាង​កម្ពុជា​គឺជា​កីឡាករ​ដែល​មានឈ្មោះ​បោះ​សំឡេង​នៅ​លើ​សង្វៀន ប៉ុន្តែ​កីឡាករ កាំ​ឡៃ ភី​ត ក៏​មិន​ណ​យ​នោះ​ដែរ ដោយ​ផ្អែក​តាម​បទ​ពិសោធន៍​ឡើង​រេញ​របស់​គេ គឺ​ច្រើន​ដង និង​មាន​ប្រវត្តិ​មិនធម្មតា​សម្រាប់​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ ។

លោក ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​ឱ្យមក​ប្រកួត បាន​បង្ហាញ​ពី​ភាព​ជឿជាក់​ក្នុង​ពេល​ដែល​ការ​អះអាង​របស់​លោក​ត្រូវ​គេ​កត់សម្គាល់​បាន​ធ្វើ​ឱ្យ​អ្នក​តាមដាន​ទុកចិត្ត​ច្រើន​លើក​មក​ហើយ បន្ទាប់​ពី​សមាសភាព​កីឡាករ​ថៃ​ជា​ច្រើន​រូប​ដែល​មក​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាន់តែ​ពិបាក​ឱ្យ​កីឡាករ​កម្ពុជា​តស៊ូ ជា​ពិសេស​ចំពោះ​កីឡាករ​រូប​ណា​ដែល​អ្នកដឹកនាំ​រូប​នេះ បង្ហាញ​ទំនុកចិត្ត​នៅ​មុន​ពេល​ប្រកួត ។ កីឡាករ​កម្ពុជា​ភាគច្រើន​ក្នុង​ប៉ុន្មាន​ខែ​នេះ មិន​ថា អ្នក​ស្ថិត​ក្នុង​ជួរ​ទី​១ ឬ​ជួរ​ទី​២​នោះ​ទេ សុទ្ធតែ​ត្រូវ​បាន​កីឡាករ​ថៃ​ធ្វើការ​ព្រមាន បន្ទាប់​ពី​លោក​ថៃ អ៊ូ និង​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ប្រកាស​នាំ​យក​តែ​កីឡាករ​អាជីព​មក​ពី​ប្រទេស​ថៃ​ឱ្យមក​ប្រកួត ។ មានការ​យល់​ថា កីឡាករ​ថៃ​ដែល​មក​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាន់តែ​ពិបាក​ឲ្យ​ជើង​ខ្លាំង​កម្ពុជា​យកឈ្នះ ដោយសារ​តែ​កីឡាករ​ថៃ​ដែល​បាន​នាំ​មក គឺជា​កីឡា​ករ​អាជីព​របស់​ថៃ និង​ដោយសារ​តែ​កីឡាករ​កម្ពុជា​កាន់តែ​ល្បី​កាន់តែ​ធ្លាក់ដៃ ដែល​ខុស​ពី​កីឡាករ​បរទេស​គឺ​កាន់តែ​មានមុខ​កាន់តែ​ពិបាក​រក​គូប្រកួត​នោះ​។ លោក​ថៃ អ៊ូ បាន​អះអាង​ថា កីឡាករ កាំ​ឡៃ ភី​ត មាន​ថ្វីដៃ​មុត​ស្រួច​ហើយ​បើ​ទោះជា​ឡុ​ង សុ​ណ្ណ​ឌឿ​ន ជា​ជើង​ខ្លាំង​ម្នាក់ ក៏​ទំនងជា​មិន​ងាយ​ទប់​ប៉ុន្មាន​ដែរ សម្រាប់​ការ​ប៉ះ​គ្នា​នៅ​រសៀល​ថ្ងៃខាន​ស្អែក ។

យ៉ាងណាមិញ លោក​បាន​បង្ហាញ​ការ​ព្យាករ​ថា ប្រសិនបើ​កីឡាករ​កម្ពុជា​អាច​បញ្ចេញថ្វីដៃ​ដូច​ជា​កែង និង​ម៉ាត់​បាន​ល្អ និង​រស់​រវើក​ជាង នោះ​កីឡាករ​របស់​លោក​នឹង​ក្លាយ​ជា​អ្នក​យ៉ាប់​វិញ ។ លោក​ថា កីឡាករ កាំ​ឡៃ ភី​ត ធ្លាប់​ប្រកួត​បាន​១០២​ដង ឈ្នះ​៨២​ដង ចាញ់​១៨​ដង និង​ស្មើ​២​ដង ដោយ​ការ​ប្រកួត​របស់​កីឡាករ​រូប​នេះ លោក​ហ៊ាន​អះអាង​ដោយ​ជំនឿ​ចិត្ត​ថា ថ្វីដៃ​ក្នុង​ការ​វាយលុក​របស់​គេ គឺ​កាន់តែ​ល្អ ដោយសារ​តែ​មុន​យក​មក​គេ​បាន​ហ្វឹកហាត់​គ្រប់គ្រាន់ ។ លោក​ថា ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​របស់​កីឡាករ​រូប​នេះ ធ្វើ​ឱ្យ​អ្នក​ស្នេហា​ការ​ប្រដាល់​ទាំង​នៅ​កម្ពុជា និង​ប្រទេស​ថៃ សុទ្ធតែ​ទទួលស្គាល់​ថ្វីដៃ​របស់​គេ​នៅ​លើ​សង្វៀន​។

យ៉ាងណា​ក៏​ដោយ ផ្ទុយ​ពី​ការ​ព្យាករ​របស់​លោក ក្រុម​អ្នកគាំទ្រ​កីឡាករ​ឡុ​ង សុវណ្ណ​ឌឿ​ន ក៏​បាន​បញ្ចេញ​ជំនឿ​ចិត្ត​បែប​នេះ​ផង​ដែរ ថា​ការ​យល់​ឃើញ​របស់​លោក​ថៃ អ៊ូ នឹង​ត្រូវ​បំបាក់​ដោយ​ភាព​ខ្លាំងក្លា​របស់​កីឡាករ​កម្ពុជា ។ មនុស្ស​ជា​ច្រើន​មិន​យល់​ឃើញ​ថា កីឡាករ​ឡុ​ង សុវណ្ណ​ឌឿ​ន ទៅ​មិន​រួច​ជាមួយ​កីឡាករ កាំ​ឡៃ ភី​ត នោះ​ទេ ដោយ​សំអាង​ថា ថ្វីដៃ​របស់​កីឡាករ​រូប​នេះ ធ្លាប់​ស៊ី​កីឡាករ​បរទេស​រាប់​មិន​អស់​ទៅ​ហើយ បូក​រួម​ទាំង​មិត្ត​រួម​អាជីព​របស់​កីឡាករ​ថៃ​ដែល​មក​ប្រកួត​នៅ​កម្ពុជា​ផង ។ ថ្វី​ដ្បិតតែ​ប្រវត្តិ​ប្រកួត​របស់​គេ​តិច​ជាង​កីឡាករ​ថៃ​ក៏​ពិតមែន ក៏​ភាព​រហ័ស និង​បទ​ពិសោធន៍​នៅ​លើ​សង្វៀន គឺ​អាច​គ្រប់គ្រាន់​សម្រាប់​ការ​ប្រកួត​រសៀល​ស្អែក​។ ឡុ​ង សុវណ្ណ​ឌឿ​ន ឆ្លងកាត់​ការ​ប្រកួត​បាន​៨១​លើក ឈ្នះ​៦៩​លើក ចាញ់​៩​លើក និង​ស្មើ​៣​លើក ដោយ​មិន​ទាន់​រាប់​បញ្ចូល​នូវ​ការ​ប្រកួត​ក្រៅផ្លូវការ​ដែល​បាន​ធ្វើ​ឡើង​នៅឡើយ ។ ដូច្នេះ​ទាំង​បទ​ពិសោធន៍ និង​ភាព​ប៉ិន​ប្រសប់​គេ​ចាត់​ទុក​ថា កីឡាករ​រូប​នេះ ក៏​ចាស់ទុំ​ណាស់​ដែរ​សម្រាប់​អាជីព​ជា​អ្នក​ប្រដាល់​របស់​គេ ។ ក្រុម​អ្នក​ទុកចិត្ត​គ្រូបង្វឹក​ប្រចាំ​នៅ​ក្នុង​ក្លិប​សាល​វ័​ន្ត​កីឡា នៅ​តែ​ផ្ដល់​ទំនុកចិត្ត​មួយ​ភាគ​ថា​កីឡាករ​កម្ពុជា​រូប​នេះ​នឹង​ទទួល​បាន​ជ័យជម្នះ​នៅ​រសៀល​ថ្ងៃស្អែក ។

នៅ​លើ​សង្វៀន​នេះ​ដែរ កីឡាករ​សា​រឿ​ន ច័ន្ទ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​របស់​លោកគ្រូ​មាស សុខ​គ្រី ក៏​នឹង​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ យ៉​ត ស៊ី​ង នោះ​ដែរ​ក្នុង​នាម​ជា​គូ​អន្តរជាតិ​បើក​ឆាក ។ កីឡាករ​ថៃ​រូប​នេះ កាលពី​មុនគេ​កត់​សម្គាល់ថា​ខ្លាំង​នៅ​លើ​សង្វៀន​ក្នុង​ការ​មក​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ប៉ុន្តែ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​របស់​គេ ហាក់​មិនសូវ​ល្អ​ឡើយ ដោយ​សូ​ម្បី​តែ​ការ​ប្រកួត​ជម្រើស​ជើងឯក​នៅ​ប៉ុស្ដិ៍​លេខ​៥​ក៏​ត្រូវ​ហាលអាវ​នៅ​វគ្គ​មុន​ឆ្លង​ពូ​ល​នោះ​ដែរ​។ យ៉ាងណា​ក៏​ដោយ គេ​មិន​អាច​មើល​ស្រាល​ចំពោះ​កីឡាករ យ៉​ត ស៊ី​ង បាន​ទេ ក្នុង​ពេល​ដែល​កីឡាករ​សា​រឿ​ន ច័ន្ទ​ខ្លួនឯង ក៏​មាន​ចំណុច​ធ្លាក់ដៃ​ផង​ដែរ ។ កីឡាករ​ថៃ​គូ​នេះ ធ្លាប់​ប្រកួត​បាន​៧១​លើក ឈ្នះ​៦១​លើក ចាញ់​៨​លើក និង​ស្មើ​២​លើក ខណៈ​ដែល​សា​រឿ​ន ច័ន្ទ ឯណោះ​វិញ ធ្លាប់​ប្រកួត​៧៥​លើក ឈ្នះ​៦៤​លើក ចាញ់​១០​លើក និង​ស្មើ​១​លើក​នៅ​លើ​សង្វៀន ៕