ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេក គឹ​ម​រួន និង មៀ​ច សុខ​រ៉ា ជួប​កីឡាករ​ថៃ​ថ្ងៃ​សៅរ៍​មួយ​ណា​សម្រេច​គោលដៅ?

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍​ទី​១២ មីនា ខាន​ស្អែក​នេះ កីឡាករ សេក គឹ​ម​រួន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ និង​កីឡាករ មៀ​ច សុខ​រ៉ា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​បរទេស​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន ។

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សៅរ៍​ទី​១២ មីនា ខាន​ស្អែក​នេះ កីឡាករ សេក គឹ​ម​រួន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ និង​កីឡាករ មៀ​ច សុខ​រ៉ា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​បរទេស​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ជា​ច្រើន​នាក់ កំពុង​រង់ចាំ​មើល​ថា​តើ​កីឡាករ​ទាំង​២​រូប​នេះ​មួយ​ណា​សម្រេច​គោលដៅ ខណៈ​កីឡាករ​បរទេស​ដែល​ពួក​គេ​ត្រូវ​ជួប​នា​ពេល​នេះ​ហាក់ដូចជា​មាន​សមត្ថភាព​ពិបាក​ផ្ដួល​អីុចឹង​នោះ ។

ការ​ប្រកួត​នៅ​ថ្ងៃខាន​ស្អែក កីឡាករ សេក គឹ​ម​រួន ដែល​ធ្លាប់​ប្រកួត​បាន​៣៣​ដង ឈ្នះ​២៥​ដង ចាញ់​៨​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​៨​ដង នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ប​ល្ល័​ង​ថង ស​.​ច​សាយ​បួ ដែល​ធ្លាប់​ប្រកួត​បាន​៦៩​ដង ឈ្នះ​៥០​ដង ចាញ់​១៥​ដង និង​ស្មើ​៤​ដង​។ កីឡាករ​ថៃ​រូប​នេះ​ប្រកួត​លើក​ចុង​ក្រោយ​នៅ​សង្វៀន​ស្រុក​ខ្មែរ​ឈ្នះ​កីឡាករ មៀ​ច សុខ​រ៉ា ដោយ​ពិន្ទុ ទើប​គេ​ពិបាក​ទុកចិត្ត​លើ​កីឡាករ សេក គឹ​ម​រួន​ថា​អាច​យកឈ្នះ​ការ​ប្រកួត​លើក​នេះ​ណាស់ ។ តាម​ការ​សង្កេត​ការ​ប្រកួត​កន្លង​មក​រវាង​កីឡាករ​ទាំង​២​ឃើញ​ថា កីឡាករ​ថៃ​គូ​នេះ ពិតជា​មាន​សមត្ថភាព​ខ្លាំង​ពិបាក​ផ្ដួល ដោយសារ​ទាំង​ស្នៀត​ដៃ ជើង កែង ជង្គង់ គេ​ចេះ​ប្រើ​យ៉ាង​ស្ទាត់ជំនាញ និង​មាន​ភាព​រហ័សរហួន​ទៀត​ផង ឯ​កម្លាំង​ស៊ុ​ហ្វ​ក៏​ខ្លាំង​អាច​ប្រកួត​បាន​៥​ទឹក​ពេញ​ដោយ​មិន​លំបាក ។

រីឯ សេក គឹ​ម​រួន ក៏​ខ្លាំង​មិនធម្មតា​ដែរ ព្រោះ​គេ​ចេះ​ប្រើ​គ្រប់​ស្នៀត និង​មាន​សមត្ថភាព​ប្រហាក់ប្រហែល​នឹង​កីឡាករ​ថៃ​ដែរ គ្រាន់តែ​គេ​រាង​អន់​កម្លាំង​ស៊ុ​ហ្វ​បន្តិច​ប៉ុណ្ណោះ ។ ដូច្នេះ​ចាំ​មើល សេក គឹ​ម​រួន អាច​ទប់ទល់​ជាមួយ​ប​ល្ល័​ង​ថង ស​.​ច សាយ​បួ បាន​ឬ​អត់ ឬ​ក៏​មាន​វាសនា​ដូច​កីឡា​ករមៀច សុខ​រ៉ា ?

ចំណែក មៀ​ច សុខ​រ៉ា ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ បៀ​ថៃ ដាប​កន​កង​ហ្វា លើក​នេះ មិនដឹង​ថា មានសំណាង ឬ​ក៏​អត់​នោះ​ទេ ព្រោះ​បទ​ពិសោធន៍​ប្រកួត​របស់​គេ​តិច​ជាង​គូប្រកួត​ឆ្ងាយ​ណាស់ ។ មៀ​ច សុខ​រ៉ា ធ្លាប់​ប្រកួត​បាន​តែ​២៩​ដង​ប៉ុណ្ណោះ​ក្នុង​នោះ​ឈ្នះ​១៦​ដង ចាញ់​១៣​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​តែ​ម្ដង​គត់ ខណៈ​​កីឡាករ​ថៃ​ដែល​ជា​គូប្រកួត​ធ្លាប់​ប្រកួត​បាន​៨៥​ដង ឈ្នះ​៦០​ដង ចាញ់​២៣​ដង និង​ស្មើ​២​ដង ។ កីឡាករ​ថៃ​រូប​នេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​ស្រុក​ខ្មែរ​ទេ ទើប​គេ​មិនដឹង​ពី​ថ្វីដៃ​ខ្លាំង​ដល់​កម្រិត​ណា ។ ទោះបី​យ៉ាងណា កីឡាករ​ថៃ​ដែល​ត្រូវ​គេ​បញ្ជូន​មក​ប្រកួត​ជាមួយ​កីឡាករ​កម្ពុ​ជាមួយ​រយៈ​ចុង​ក្រោយ​នេះ ភាគច្រើន​គឺជា​កីឡាករ​លំដាប់​ជួរ​មុខ​នៅ​ក្នុង​ប្រទេស​ថៃ បាន​ន័យ​ថា​មាន​សមត្ថភាព​ខ្លាំង​មិនធម្មតា និង​តែង​ស្ពាយ​ជ័យជម្នះ​ត្រឡប់​ទៅ​វិញ​ស្ទើរ​គ្រប់​គ្នា ។ ជាក់ស្ដែង កីឡាករ បៀ​ថៃ ដាប​កន​កង​ហ្វា ពិត​ជា​មាន​សមត្ថភាព​ខ្លាំង​មិនធម្មតា ទើប​គេ​មានឱកាស​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ហើយ​គាប់​ជួន​មក​ជួប​កីឡាករ​កម្ពុជា​ដែល​នៅ​ខ្ចី​បទ​ពិសោធន៍​នៅឡើយ ប្រហែលជា​ស៊ី​ផុយ​ផង​ក៏​មិនដឹង ។ ចាំ​មើល មៀ​ច សុខ​រ៉ា អាច​ទប់ទល់​ជាមួយ​កីឡាករ​ថៃ​បាន​ប៉ុន្មាន​ទឹក ឬ​ជួប​សំណាង​ផ្ដួល​កីឡាករ​ថៃ​រូប​នេះ​ស្ដារ​មុខមាត់​របស់​ខ្លួន​វិញ ។

ចំណែក​គូប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា និង​កម្ពុជា​វិញ​មាន កីឡាករ ផ​ន ភឿ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ ឈាន រស្មី មក​ពី​ក្លិប​រាជសីហ៍ ខេត្ត​រតន​គិរី ។ កីឡាករ លាស់ យី​ន មក​ពី​ក្លិប​តា​ព្រហ្ម​មានជ័យ ប្រកួត​ជាមួយ​កីឡាករ​ជ័យ ស៊ី​ណេ​ត មក​ពី​ក្លិប​កងពលតូច​លេខ​៧០ និង​គូ​ចុង​ក្រោយ​កីឡាករ ជុំ មីន មក​ពី​ក្លិប​ភារ​ម្យ​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ នេន វ​ណ្ណា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ៕