ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី១០ មីនា បានបាញ់មីស៊ីលបាលីស្ទិករយៈខ្លី២គ្រាប់ទៅកាន់ដែនទឹកនៃឆ្នេរសមុទ្រខាងកើតរបស់ខ្លួន ដែលនាំឱ្យមានភាពតានតឹងកាន់តែខ្លាំងក្នុងតំបន់ បន្ទាប់ពីការសាកល្បងនុយក្លេអ៊ែរនាពេលថ្មីៗកន្លងមកនេះ ។
យោងតាមអ្នកនាំពាក្យម្នាក់របស់ក្រសួងការពារជាតិកូរ៉េខាងត្បូងថា មីស៊ីលទាំង២គ្រាប់នេះត្រូវបានបាញ់ចេញនាព្រឹកថ្ងៃទី១០ មីនា វេលាម៉ោង៥និង២០នាទីម៉ោងក្នុងស្រុក ហើយមីស៊ីលនីមួយៗហោះក្នុងចម្ងាយ៥០០គីឡូម៉ែត្រ មុនពេលធ្លាក់ទៅក្នុងសមុទ្រជប៉ុនក្នុងដែនទឹកនៃកំពង់ផែ WONSAN របស់កូរ៉េខាងជើង ។
ការសាកល្បងមីស៊ីលរយៈខ្លីតែងធ្វើជាញឹកញាប់ដោយរបបលោកគីម ជុងអ៊ុន ដែលកាន់តែឯកោដោយសារបញ្ហានុយក្លេអ៊ែរ ។ កាលពីសប្តាហ៍មុន កូរ៉េខាងជើងបានបាញ់រួចហើយនូវកាំជ្រួចរយៈខ្លី៦គ្រាប់ ទៅកាន់ដែនទឹកនៃឆ្នេរសមុទ្រខាងកើតរបស់ខ្លួនជាប្រតិកម្មតបចំពោះដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ដែលបន្ថែមទម្ងន់យ៉ាងខ្លាំងដល់ទណ្ឌកម្មអន្តរជាតិប្រឆាំងប្រទេសនេះ ។
ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បានដាក់ទណ្ឌកម្មថ្មីនេះបន្ទាប់ពីការសាកល្បងនុយក្លេអ៊ែរ និងបាលីស្ទិកចុងក្រោយរបស់របបកុំមុយនីស្តនេះ ៕
ចែករំលែកព័តមាននេះ