រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ខណៈទៅដល់មុខរោងការនៅកោះពេជ្រអគារL ទាញទូរស័ព្ទរកមិត្តភក្កិចេញមកទទួល ត្រូវជនសង្ស័យឆក់បានសម្រេច តែជិះរត់គេចខ្លួនមិនបានសម្រេច ត្រូវសន្តិសុខកោះពេជ្រឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចកាលពីវេលាម៉ោង៦និង៥០នាទីយប់ថ្ងៃទី៩ មីនា នៅក្នុងបរិវេណមណ្ឌលកម្សាន្តកោះពេជ្រមុខអគារL ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ជនសង្ស័យ ឈ្មោះ សេង រ៉ា វុធ អាយុ២៥ឆ្នាំ ស្នាក់នៅសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន មានស្រុកកំណើតនៅ ភូមិតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកម្ចាស់ទូរស័ព្ទ ឈ្មោះ តាំង ឈីវគឹម អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
នារីម្ចាស់ទូរស័ព្ទបាននិយាយថា មុនពេលកើតហេតុ នាងមកហូបការមិត្តភក្កិនៅកោះពេជ្រអគារL ខណៈមកដល់មុខរោងការ នាងក៏យកទូរស័ព្ទម៉ាក iPhone 6 Plus ទូរស័ព្ទទៅរកមិត្តភក្កិឲ្យចេញមកទទួល ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីរី២០១៦ ពណ៌ខ្មៅ អត់ស្លាកលេខ មកជិតនិងធ្វើសកម្មភាពឆក់ទូរស័ព្ទពីនាងបានសម្រេចហើយ តែជនសង្ស័យជិះម៉ូតូរត់គេចខ្លួន ភ្លាមៗនោះសន្តិសុខរបស់មណ្ឌលកម្សាន្តកោះពេជ្រ និងកម្លាំងល្បាតរបស់ខណ្ឌចំការមនអន្តរាគមន៍ដេញចាប់បាន ត្រូវប្រជាពលរដ្ឋស្វាគមន៍មួយដៃមួយជើងម្នាក់បែកឈាមពេញមុខ ។ នាងបន្តថា ចំណែកទូរស័ព្ទ និងប្រាក់អាមេរិក៥០ដុល្លារ ទុកសម្រាប់ចងដៃការដែលចោរឆក់យកទៅនោះ នៅតែបាត់ដដែលរកមិនឃើញ ។
ក្រោយពេលកើតហេតុ ម្ចាស់ទូរស័ព្ទបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលទន្លេបាសាក់ ដើម្បីឱ្យសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ