រាជធានីភ្នំពេញ ៖ នៅឆ្នាំ២០១៥ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង៤លាន៧សែននាក់ ក្នុងអត្រាកំណើនប្រមាណជាង៦,១% បើធៀបនឹងឆ្នាំ២០១៤ ដោយបាននាំមកនូវប្រាក់ចំណូលប្រមាណជាង៣ប៊ីលានដុល្លារអាមេរិក ។ រាជរដ្ឋាភិបាលចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យជាសសរស្ដមទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ដោយហេតុថា វិស័យនេះផ្ដល់នូវកាលានុវត្តភាពការងារបន្ថែម និងរួមចំណែកលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន និងកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើនប្រាក់ចំណូល និងទាក់ទាញការវិនិយោគពីបរទេស ។
ថ្វីដ្បិតតែវិស័យមួយនេះ មានសក្ដានុពល ស្រូបយកចំណូល និងបង្កើនការងារតាមរយៈលំហូរនៃភ្ញៀវទេសចរក៏ពិតមែន តែបញ្ហាធនធានជំនាញក្នុងវិស័យនេះ ហាក់នៅមានកម្រិតនៅឡើយបើធៀបនឹងបណ្ដាប្រទេសក្នុងតំបន់ ហើយក្រសួងទេសចរណ៍ក៏បានសម្ដែងនូវក្ដីកង្វល់ទាក់ទងនឹងបញ្ហាធនធាននិងជំនាញនេះផងដែរ ដែលជាបញ្ហាសំខាន់នាពេលបច្ចុប្បន្ន និងទាមទារឲ្យមានការបណ្ដុះបណ្ដាលបន្ថែម ។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយបណ្ដាញទូរទស្សន៍ក្នុងស្រុកមួយ លោករដ្ឋមន្ត្រី ថោង ខុន បានមានប្រសាសន៍ ៖ « ទាក់ទងនឹងធនធានមនុស្ស គឺជាប្រធានបទមួយធំ ដែលក្រសួងយើងកំពុងតែខិតខំ ព្រោះថាចង់អភិវឌ្ឍន៍វិស័យទេសចរណ៍ឲ្យមានគុណភាព ផលិតភាព បញ្ហាធនធានមនុស្ស គឺជាកត្ដាកំណត់ ពិសេសគឺបញ្ហាជំនាញ » ។
លោករដ្ឋមន្ត្រីបន្ដថា ៖ « ជាយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍គឺ បុគ្គលិកម្នាក់ ជំនាញមួយ ហើយនៅឆ្នាំ២០២០ យើងត្រូវការមនុស្សធ្វើការក្នុងវិស័យនេះប្រហែលជា១លាននាក់ ដែលបច្ចុប្បន្នយើងទើបមានប្រហែល៦២ម៉ឺននាក់ប៉ុណ្ណោះ តែបញ្ហាគុណភាពត្រូវតែមានការហ្វឹកហាត់ ។ ពេលនេះ រាជរដ្ឋាភិបាលបានបង្កើតសាលាចំនួន២កន្លែងរួចមកហើយ គឺនៅខេត្តព្រះសីហនុមួយកន្លែង និងមួយកន្លែងទៀតនៅរាជធានីភ្នំពេញ ប៉ុន្តែក៏លើកទឹកចិត្តឲ្យមានសាលាឯកជនផងដែរ។ ទន្ទឹមនឹងនេះ យើងក៏កំពុងតែខិតខំបណ្ដុះបណ្ដាលគ្រូបង្គោលផងដែរ ដើម្បីឲ្យជំនាញនេះស្របទៅតាមស្ដង់ដាអាស៊ាន។ ដូច្នេះ ជំនាញវិជ្ជាជីវៈវិស័យទេសចរណ៍ ក្រោយពេលរៀនចប់ គឺទីផ្សារនឹងស្រូបយក១០០% មានន័យថា មិនខ្វះការងារធ្វើទេ » ។
បើតាមលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្លាប់បានលើកឡើងថា ៖ « កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរប្រមាណជាង៧លាននាក់នៅឆ្នាំ២០២០ ដែលអាចផ្ដល់ប្រាក់ចំណូលប្រមាណ៥ប៊ីលានដុល្លារ និងបង្កើតឱកាសការងារបានប្រមាណ១លាននាក់ » ។
ដើម្បីសម្រេចបាននូវគោលដៅនេះ ប្រមុខរាជរដ្ឋាភិបាល ពិសេស ក្រសួង ស្ថាប័នពាក់ព័ន្ធបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវិស័យមួយនេះ ដោយបណ្ដុះនូវផ្នត់គំនិត និងចលនាឲ្យប្រជាជន ពិសេសយុវជនកម្ពុជារួមគ្នាលើកកម្ពស់ និងថែរក្សាទីក្រុងឱ្យស្អាត និងបៃតង ដើម្បីទាក់ទាញភ្ញៀវទេសចរតាមរយៈយុទ្ធនាការផ្សព្វផ្សាយ និងរៀបចំវេទិកាផ្សេងៗ ព្រមទាំងសហការជាមួយប្រទេសជិតខាង ដើម្បីពិភាក្សាធ្វើយ៉ាងណាជំរុញកំណើនភ្ញៀវទេសចរមកទស្សនានៅកម្ពុជា ។
ជាក់ស្ដែង ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងទេសចរណ៍ និងកីឡានៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី៧ មីនា កន្លងមក បានរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍លើកទី២ ដើម្បីជំរុញការអនុវត្តអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ ។ កិច្ចប្រជុំទ្វេភាគីនេះ បានពិភាក្សាជុំវិញកិច្ចសហប្រតិបត្តិការលើប្រធានបទសំខាន់ៗមួយចំនួនរួមមាន ៖ ១-កិច្ចសហប្រតិបត្តិការឆ្លងព្រំដែន និងការសម្រួលការធ្វើដំណើរ។ ២-ពិភាក្សាលើគោលដៅ « ព្រះរាជាណាចក្រពីរ គោលដៅតែមួយ» ។ ៣-ការអភិវឌ្ឍធនធានមនុស្ស ។ ៤-គុណភាពទេសចរណ៍ ។ ៥-សុខុដុមនីយកម្មស្ថិតិទេសចរណ៍ និង៦-ការហោះហើរត្រង់ ។ ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នាលើការអនុវត្តផែនការការងារទេសចរណ៍សម្រាប់ឆ្នាំ២០១៦-២០១៧ ដើម្បីបន្តកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរក្នុងក្របខ័ណ្ឌនៃការអនុវត្តអនុស្សរណៈយោគយល់គ្នាលើផ្នែកទេសចរណ៍ ។
តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ សង្ឃឹម ថា កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញនៅក្នុងតំបន់អាស៊ី ដែលផ្តល់ភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរផង និងធានាបាននូវសុខុមាលភាពរបស់ប្រជាជនកម្ពុជាផង ហើយឈានទៅសម្រេចគោលដៅនាឆ្នាំ២០២០ ខាងមុខ ៕
ចែករំលែកព័តមាននេះ