រាជធានីភ្នំពេញ ៖ បញ្ហាតម្លៃភ្លើង វាមិនមែនជាកត្តាកំណត់ដែលធ្វើឲ្យរោងម៉ាស៊ីនកិនស្រូវត្រូវបិទទ្វារនោះទេ គឺបញ្ហាអង្ករបរទេសដែលហូរចូលមកកម្ពុជាឯណោះទេ ដែលជាកត្តាកំណត់ធ្វើឲ្យរោងម៉ាស៊ីនត្រូវបិទទ្វារ។ នេះជាការលើកឡើងរបស់លោក គីមសាវុធ អនុប្រធានសហព័ន្ធស្រូវអង្ករ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីផែនការដោះស្រាយបញ្ហាប្រឈម ក្នុងវិស័យស្រូវអង្ករ កាលពីព្រឹកថ្ងៃទី៩ មីនា ម្សិលមិញនេះ ។
លោកឧកញ៉ាមានប្រសាសន៍យ៉ាងដូច្នេះថា ៖ «ទាក់ទងនឹងបញ្ហានាំចូលអង្ករ ៧០ឬ៨០ម៉ឺនតោនពីប្រទេសជិតខាងនោះ គឺយើងកំណត់មិនបាន យើងឃើញហើយថា ការដឹកតាមរថយន្តតូរីសយកមកលក់ផ្ទេរបាវនៅមុខហាង អីុចឹងហើយសួរថា យើងកំណត់ចំនួនម៉េចនឹងបាន បើអ្នកនាំចូលគាត់មិនប្រាប់ថា នាំចូលមកពីណាផង នោះ ។ ប៉ុន្តែក្រៅផ្លូវការ គឺច្រើនជាង១លានតោន មិនមែន៧០តោនទេ ពីព្រោះក្រៅផ្លូវការ ខ្ញុំទទួលបានពីខាងអ្នកស្រាវជ្រាវប្រាប់ថា ត្រឹមខែ៧(កក្កដា) ការនាំចូលអង្ករមកកម្ពុជាក្រៅផ្លូវការមានចំនួន៦សែនតោន តែបើធៀបទៅដល់ដាច់ឆ្នាំ វានឹងច្រើនជាង» ។

ចំណែកអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា ហ៊ុន ឡាក់ បានមានប្រសាសន៍ថា៖ « មកដល់សព្វថ្ងៃនេះ មានរោងម៉ាស៊ីនកិនស្រូវផ្អាកដំណើរការប្រហែល៨ហើយ ភាគច្រើននៅតំបន់ផលិតស្រូវអង្ករខ្លាំងគឺខេត្តបាត់ដំបង »។ លោកបន្ដថា ៖ «ក្នុងវិស័យស្រូវអង្ករនេះដែរ ដើម្បីទប់ស្កាត់ការនាំចូលអង្ករពីបរទេស ជាយន្តការយើងត្រូវមានការជជែកគ្នា មានផែនការច្បាស់លាស់ និងរៀបចំឲ្យមានផែនការមួយស្នើទៅប្រមុខរាជរដ្ឋាភិបាលដើម្បីសុំការចរចា ។ កាលណារៀបចំនូវយន្តការនេះហើយ ខ្ញុំមានជំនឿថា តិចឬច្រើន យើងដឹងថាសុំបាន » ។
ដើម្បីដោះស្រាយបញ្ហាប្រឈម សហព័ន្ធស្រូវអង្ករកម្ពុជាបានបង្កើតគណៈកម្មការពិសេសមួយ ដើម្បីដោះស្រាយដូចជា បញ្ហាលំហូរអង្ករចូលពីប្រទេសជិតខាង, ទុនជួយសង្គ្រោះរោងម៉ាស៊ីន និងទុនសម្រាប់ប្រមូលទិញស្រូវនៅពេលខាងមុខ ដែលត្រូវការថវិកាក្នុងជំហានដំបូងប្រហែលជា២០ ទៅ៣០លានដុល្លារ ។
តាមទិន្នន័យផ្លូវការរបស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ ក្នុងឆ្នាំ២០១៥ កម្ពុជាបាននាំចេញអង្ករចំនួន៥៣៨.៣៩៦តោនកើនឡើង៣៩ភាគរយ បើធៀបនឹងឆ្នាំ២០១៤ ដែលមានត្រឹមតែ៣៨៧.០៦១តោនប៉ុណ្ណោះ ។ ក្នុងនោះ ប្រទេសចិនបាននាំមុខគេក្នុងការនាំចូលអង្ករពីកម្ពុជាច្រើនជាងគេប្រមាណជាង១០ម៉ឺនតោន តាមពីក្រោយដោយប្រទេសបារាំង ប្រមាណជាង៧ម៉ឺនតោន ប្រទេសប៉ូឡូញប្រមាណជាង៦ម៉ឺនតោន ប្រទេសហូឡង់ប្រមាណជិត៦ម៉ឺនតោន និងម៉ាឡេស៊ី ជិត៥ម៉ឺនតោន ។
ក្នុងឆ្នាំ២០១៥កន្លងទៅ កម្ពុជាមិនបានសម្រេចតាមគោលនយោបាយរបស់ខ្លួនទេ គឺធ្វើការនាំចេញបានប្រមាណជាង៥៣ម៉ឺនតោនប៉ុណ្ណោះ ។ ទោះបីជាយ៉ាងណា កម្ពុជាមានការវិវត្ត និងទទួលបានលទ្ធផលយ៉ាងច្រើនលើផ្នែកស្ថិរភាពកសិកម្ម ។
ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍នៃលទ្ធផលចុងក្រោយនៃជំរឿនកសិកម្ម នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៣ នាដើមខែធ្នូ ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ៖ « ចំពោះវិស័យកសិកម្ម ថ្វីដ្បិតតែគោលនយោបាយនៃការនាំចេញអង្ករ១លានតោនក្នុងឆ្នាំ២០១៥ មិនសម្រេចក៏ដោយ ក៏កម្ពុជាទទួលបាននូវភាពជោគជ័យយ៉ាងច្រើនផងដែរនៅលើផ្នែកស្ថិរភាពកសិកម្ម » ។
ទាក់ទិននឹងវិស័យស្រូវអង្ករនេះដែរ សម្តេចតេជោ បានផ្ដល់អនុសាសន៍ចំណុចដែលជាគន្លឹះដើម្បីជំរុញការនាំចេញដែលមានដូចជា ៖
១-ប្រព័ន្ធធារាសាស្ត្រ គឺជាធាតុចូលដ៏ចាំបាច់ក្នុងការធ្វើកសិកម្ម ។
២-ការលើកស្ទួយម៉ាកអង្ករកម្ពុជា និងការស្វែងរកទីផ្សារជាការចាំបាច់ ។
៣-ការផលិតពូជស្រូវឱ្យស្របតាមតម្រូវការរបស់ទីផ្សារ ។
៤-ការផ្តោតលើពូជស្រូវផ្ការំដួល ដែលជាពូជមានគុណភាពខ្ពស់ និងមានទីផ្សារ ។
៥-ការផលិតពូជសុទ្ធឱ្យបានគ្រប់គ្រាន់សម្រាប់ការដាំដុះ ។
៦-ការកាត់បន្ថយថ្លៃដើម ជាកត្តាមួយសំខាន់ក្នុងការបង្កើនការប្រកួតប្រជែងសម្រាប់វិស័យស្រូវ អង្ករជាមួយប្រទេសដទៃទៀត ។
៧-ឃ្លាំង និងម៉ាស៊ីនសម្ងួត ជាកត្តាចម្បងក្នុងការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនកម្ពុជា៕
ចែករំលែកព័តមាននេះ