ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ភ្ជុំ​ធំ​សម័យ​កូ​វី​ដ​វត្ត​ខ្លះ​ស្ងាត់ជ្រងំ

3 ឆ្នាំ មុន

តាមតែ​ធ្លាប់​ចំណាំ​ចាំរៀង​មក ទំនៀមទម្លាប់​ប្រពៃណី​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា នៅ​ពេល​ដល់​ថ្ងៃ​១៥​រោច​ខែភទ្របទ​ជា​ថ្ងៃ​ភ្ជុំ​ធំ ឬ​ជា​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ មាន​ន័យ​ថា តាំងពី​ថ្ងៃ​១​រោច​វេន​បិណ្ឌ​ទី​១​រហូត​ដល់​១៤​រោច​ជា​វេន​បិណ្ឌ​១៤ ត្រូវ​មក​ប្រជុំ​គ្នា​ក្នុង​ថ្ងៃ​១៥​រោច​ជា​ថ្ងៃ​ភ្ជុំ​ធំ​ទាំងអស់​គ្នា ដូច្នេះ​វត្ត​អារាម​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​តែង​មាន​សភាព​មមាញឹក​ទទួល​ពុទ្ធបរិស័ទ​ដែល​នាំ​ទេយ្យទាន និង​ទេយ្យវត្ថុ​នានា​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​មួយ​ថ្ងៃ​ចុង​ក្រោយ​នេះ​ទាំង​ចង្ហាន់ និង​ទេ​យ្យ​សម្រា​ប់​ប្រើប្រាស់​យ៉ា​សម្បូរហូរហៀរ​លើស​ពី​តម្រូវការ…

តាមតែ​ធ្លាប់​ចំណាំ​ចាំរៀង​មក ទំនៀមទម្លាប់​ប្រពៃណី​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា នៅ​ពេល​ដល់​ថ្ងៃ​១៥​រោច​ខែភទ្របទ​ជា​ថ្ងៃ​ភ្ជុំ​ធំ ឬ​ជា​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ មាន​ន័យ​ថា តាំងពី​ថ្ងៃ​១​រោច​វេន​បិណ្ឌ​ទី​១​រហូត​ដល់​១៤​រោច​ជា​វេន​បិណ្ឌ​១៤ ត្រូវ​មក​ប្រជុំ​គ្នា​ក្នុង​ថ្ងៃ​១៥​រោច​ជា​ថ្ងៃ​ភ្ជុំ​ធំ​ទាំងអស់​គ្នា ដូច្នេះ​វត្ត​អារាម​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​តែង​មាន​សភាព​មមាញឹក​ទទួល​ពុទ្ធបរិស័ទ​ដែល​នាំ​ទេយ្យទាន និង​ទេយ្យវត្ថុ​នានា​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​មួយ​ថ្ងៃ​ចុង​ក្រោយ​នេះ​ទាំង​ចង្ហាន់ និង​ទេ​យ្យ​សម្រា​ប់​ប្រើប្រាស់​យ៉ា​សម្បូរហូរហៀរ​លើស​ពី​តម្រូវការ ។ ប៉ុន្តែ​អ្វី​ៗ​ត្រូវ​ប្រែប្រួល​ទាំងស្រុង នៅ​ថ្ងៃ​ភ្ជុំ​ធំ​ឆ្នាំ​២០២១​នេះ​វត្ត​អារា​ម​​ទាំងឡាយ​មិន​មាន​មនុស្ស​អ៊ូអរ​ដូច​បណ្តា​ឆ្នាំ​មុន​ៗ​ឡើយ​ដោយសារ ទី​១ គឺ​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ និង​ទី​២ បញ្ហា​ជំងឺ​កូ​វី​ដ​១៩ ខ្លាច​ទៅ​យកបុណ្យ នាំ​ទាំង​កូ​វី​ដម​ក​ផ្ទះ​ផង ។ ដោយសារ​កត្តា​ទាំងនេះ​ហើយ​ទើប​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​ភ្ជុំបិណ្ឌ វត្ត​អារាម​ទាំងឡាយ​ស្ថិត​ក្នុង​សភាព​ស្ងប់ស្ងាត់ ព្រះសង្ឃ​មិនសូវ​សម្បូរ​ចង្ហាន់ ។

ជាក់​សម្តែង​នៅ​វត្ត​មួយ​ក្នុង​ទឹកដី​ខេត្តកំពង់ចាម នៅ​ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ មាន​សភាព​ស្ងប់ស្ងាត់ និង​មិនសូវ​មានការ​ជួបជុំ ប្រមូលផ្តុំ​មនុស្ស​ដូច​ឆ្នាំ​មុន​ៗ​នោះ​ទេ ក្នុង​ទី​អារាម​ទាំងមូល​ក៏​មិន​មាន​អ្នក​ទៅ​ធ្វើបុណ្យ​ច្រើន​ដែរ ដោយសារ​ពលរដ្ឋ​ខ្លាច​ឆ្លង​ជំងឺ​កូ​វី​ដ និង​ម្យ៉ាងទៀត​មិនសូវ​មាន​លុយ​ចំណាយ​ផង ព្រោះ​ក្នុង​បរិបទ​កូ​វី​ដ​១៩ ប្រជាពលរដ្ឋ​រក​លុយ​មិនសូវ​បាន គ្រួសារ​ខ្លះ​ត្រូវ​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ ។

ក្នុង​សម្លៀក​បំពាក់​ខោ​ខ្មៅ អាវ​ស ទឹកមុខ​ស្មើ លោក​អាចារ្យ សែ​ម ចម្រើន រស់នៅ​ក្នុង​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​ថា នៅ​វត្ត​ឧត្តម​រង្សី​ឆ្នាំ​នេះ​ដោយសារ​ការ​រាតត្បាត​ខ្លាំង​នៃ​ជំងឺ​កូ​វី​ដ​១៩ ពលរដ្ឋ​ជា​ទូទៅ​មានការ​ឆ្លាស់គ្នា​ទៅ​វត្ត ក្នុង​មួយ​គ្រួសារ​ៗ​មិន​បាន​ទៅ​វត្ត​ព្រម​គ្នា​ក្នុង​ពេល​តែ​មួយ​នោះ​ទេ ។ អ្នក​ខ្លះទៅ​បិណ្ឌ​៣ អ្នក​ខ្លះទៅ​បិណ្ឌ​៩ អ្នកខ្លះ​ទៀត​បាន​ទៅ​វត្ត​នៅ​ថ្ងៃ​ភ្ជុំ​ធំ​នេះ ចំណែក​អ្នក​បាន​ទៅ​ពី​មុន​ៗ មិន​បាន​ទៅ​វត្ត​ក្នុង​ថ្ងៃ​ភ្ជុំ​ធំ​នេះ​ឡើយ ។ ហេតុ​ដូច្នេះ​ហើយ​ទើប​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​ធំ​មិន​មាន​មនុស្ស​ច្រើន មាន​សភាព​ស្ងប់ស្ងាត់​ខ្លាំង ដោយសារ​តែ​ពលរដ្ឋ​ខ្លាច​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ ។ លោក​អា​ចារ្យ​ប្រាប់​ថា ចំណែក​នៅ​តាម​ភូមិ​នីមួយ​ៗ​ក៏​មិនសូវ​មានការ​ជួបជុំ​ផឹក ស៊ី ច្រៀង រាំ​សប្បាយ​ដែរ ចំណែក​នៅ​តាម​ទី​វត្ត​អារាម​នានា​ក៏​មិនសូវ​ជា​ខុស​គ្នា​ប៉ុន្មាន​ដែរ ពោល​គឺ​មាន​ចំនួន​មនុស្ស​តិច​ណាស់ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​ៗ​ពេល​ដែល​មិន​ទាន់​មាន​កូ​វី​ដ​នោះ​គឺ​ខុស​គ្នា​ដូច​មេឃ​និង​ដី ។

លោក​អាចារ្យ​បន្ត​ថា អ្នក​ទៅ​វត្ត​ភាគច្រើន​ដោយ​គ្រាន់តែ​វេរចង្ហាន់​ប្រគេន​ព្រះសង្ឃ រួច​ហើយ​ក៏​ត្រឡប់​ទៅ​វិញ​ភ្លាម​ៗ​មិន​ទាំង​បាន​នៅ​អង្គុយ​ស្តាប់​ព្រះធម៌​ផង ។ មានការ​កត់​សម្គាល់ថា​នៅ​តាម​វត្ត​អារាម​គេ​បាន​រៀបចំ​ឲ្យ​ពុទ្ធបរិស័ទ​ចូល​ទៅ​ប្រគេន​ច​ង្ហា​ត់ ឬទេ​យ្យ​ទានា​នា​ដល់​ព្រះសង្ឃ​ម្តង​មួយ​គ្រួសារ​ៗ ព្រះសង្ឃ​ជា​ច្រើន​អង្គ​បាន​គង់​រង់ចាំ​ទទួល​ចង្ហាន់ ដោយ​រក្សា​គម្លាត មិន​បាន​ចូល​ទៅ​ប្រគេន​រួម​ដូច​ឆ្នាំ​មុន​នោះ​ឡើយ ហើយ​ខ្លះ​មាន​ឧបករណ៍​សម្រាប់​បាញ់​អាល់កុល​ទាំង​លើ​មនុស្ស និង​ទេយ្យទាន​នានា​មុន​ចូល​ទៅ​ប្រគេន​ព្រះសង្ឃ​ផង​ដែរ ។

អ្នកស្រី ប៉ែន យ៉េ​ត ក្នុង​សម្លៀក​បំពាក់​សំពត់​បត់ អាវប៉ាក់​ស​យ៉ាង​សមរម្យ​បាន​និយាយ​ទាំង​ទឹកមុខ​ញញឹមញញែម​ថា តាំងពី​បុណ្យកាន់បិណ្ឌ រហូត​មក​ដល់​ថ្ងៃ​ភ្ជុំ​ធំ​ចុង​ក្រោយ​នេះ គាត់​ទើបតែ​មក​វត្ត​បាន​តែ​ម្តង​ប៉ុណ្ណោះ ។ គាត់​គិត​ថា ឆ្នាំ​នេះ​នឹង​មិន​ទៅ​វត្ត​ណា​ទេ​ដោយសារ​តែ​ខ្លាច​ជំងឺ​កូ​វី​ដ​ព្រោះ​នៅ​តែ​ឆ្លង​មិន​ស្រក​ចុះ​សោះ តែ​ដោយសារ​គិត​ថា​បុណ្យ​ភ្ជុំបិណ្ឌ​មួយ​ឆ្នាំ​មាន​តែ​ម្ដង អ​ញ្ចឹ​ង​ហើយ​ក៏​ឆ្លាត​មក​បុណ្យ​ក្នុង​ថ្ងៃ​បង្ហើយ​នេះ​តែ​ម្តង​ទៅ កុំឱ្យ​ដូនតា​ដាក់​បណ្តាសា ។

ឧបាសក​ឈ្មោះ ពេញ នី ដែល​អង្គុយ​ឃ្លាតឆ្ងាយ​ពី​គេ​បន្តិច​បាន​និយាយ​ថា ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩​កំពុង​ឆ្លង​ខ្លាំង ឆ្នាំ​នេះ​មិនសូវ​ឃើញ​មាន​សាច់ញាតិ កូនក្មួយ​របស់​គាត់​មក​វត្ត​ដូច​ឆ្នាំ​មុន​ៗ​ទេ ។ គាត់​ថា កាលពី​មិន​ទាន់​មាន​កូ​វី​ដ ពេល​ភ្ជុំបិណ្ឌ​ម្តង​ៗ​តែងតែមាន​កូនចៅ​ញាតិ​មិត្ត​ជិត​ឆ្ងាយ​នាំ​យក​ចង្ហាន់​និង​ទេយ្យទាន​ផ្សេង​ៗ​មក​វត្ត​ទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់​តាំង​តែ​ពី​ដើម​មក ប៉ុន្តែ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​គឺ​មិនសូវ​មាន​អ្នក​ទៅ​វត្ត​ទេ ទី​អារាម​ទាំងមូល​មាន​សភាព​ស្ងាត់ជ្រងំ ព្រះសង្ឃ​មិន​មាន​ចង្ហាន់​បរិបូណ៌ ។

មានការ​កត់សម្គាល់​បច្ចុប្បន្ន​ជំងឺ​កូ​វី​ដ ១៩​បាន​និង​កំពុង​ឆ្លង​មិន​ស្រកស្រុត​សោះ ហើយ​ជំងឺ​ដ៏​កាច​សាហាវ​បាន​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​រស់នៅ​របស់​មនុស្សជាតិ​តាម​ទម្លាប់​ចាស់​មក​តាម​បរិបទ​ថ្មី ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​នេះ ។ ទម្លាប់​ថ្មី​នៃ​ការ​រស់នៅ​មាន​ដូច​ជា ការ​រក្សា​គម្លាត​ពី​គ្នា​ឲ្យ​បាន​យ៉ាងតិច​មួយ​ម៉ែត្រ​កន្លះ ពាក់​ម៉ាស ឧស្សាហ៍​លាង​សម្អាត​ដៃ​នឹង​ទឹក​អាល់កុល​ជាដើម ។ ការ​រស់នៅ​តាម​បរិបទ​ថ្មី​របស់​ប្រជាពលរដ្ឋ​កំពុង​អនុវត្ត​ចាប់ពី​ពេល​នេះ​តរៀង​ទៅ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ