ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មនុស្ស​កុះករ​ដើរ​លេង​កម្សាន្តខេត្តមណ្ឌលគិរីដែល​អ្នកខ្លះគោរពគោលការណ៍​សុខាភិបាល និងអ្នកខ្លះទៀត​មិន​​គោរព

1 អាទិត្យ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ទោះបី​រាជរដ្ឋាភិបាល​សម្រេច​មិន​ឲ្យ​មានការ​ប្រមូលផ្តុំ​នៅ​តាម​ទី​វត្ត​អារាម ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដើម្បី​បង្ការ​កុំ​ឲ្យ​មានការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ក្នុង​សហគមន៍ ប៉ុន្តែ​នៅ​តាម​ទី​រមណីយដ្ឋាន​នានា ក្នុង​ខេត្តមណ្ឌលគិរី បែរជា​មាន​មនុស្ស​កុះករ​ដើរ​លេង​កម្សាន្ត ដែល​អ្នកខ្លះ​ក៏​មិន​បាន​គោរព​តាម​វិធានការ​សុខាភិបាល​ទៀត​ផង ។…

ខេត្តមណ្ឌលគិរី ៖ ទោះបី​រាជរដ្ឋាភិបាល​សម្រេច​មិន​ឲ្យ​មានការ​ប្រមូលផ្តុំ​នៅ​តាម​ទី​វត្ត​អារាម ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដើម្បី​បង្ការ​កុំ​ឲ្យ​មានការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ក្នុង​សហគមន៍ ប៉ុន្តែ​នៅ​តាម​ទី​រមណីយដ្ឋាន​នានា ក្នុង​ខេត្តមណ្ឌលគិរី បែរជា​មាន​មនុស្ស​កុះករ​ដើរ​លេង​កម្សាន្ត ដែល​អ្នកខ្លះ​ក៏​មិន​បាន​គោរព​តាម​វិធានការ​សុខាភិបាល​ទៀត​ផង ។

Picture

អ្នក​ទេសចរណ៍​បាន​ទៅ​លេង​នៅ​តាម​គោលដៅ​ផ្សេង​ៗ​គ្នា មាន​ដូច​ជា ភ្នំ​ដោះ​ក្រមុំ ថតរូប​អនុស្សាវរីយ៍​នៅ​ចំណុច​រង្វង់​មូល​គោព្រៃ ទៅ​កម្សាន្ត​នៅ​សមុទ្រ​ឈើ ហើយ​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍​នានា​ទៀត ក៏​មាន​អ្នកទេសចរ​បាន​ទៅ​ដល់​គ្រប់កន្លែង គ្រា​ដែល​រដ្ឋបាល​ខេត្តមណ្ឌលគិរី បាន​ដាក់​ដំណើរការ​រមណីយដ្ឋាន​ទេសចរណ៍​ឡើង​វិញ បន្ទាប់​ពី​បិទ​ដំណើរការ​មួយ​រយៈពេល ។

Picture

លោក ងិ​ន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​បាន​ថ្លែង​ថា រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៥​ដល់​៧ ខែតុលា ឆ្នាំ​២០២១ (​រយៈពេល ៣​ថ្ងៃ​) ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ដែល​មក​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា នៅ​ក្នុង​ខេត្តមណ្ឌលគិរី មាន​ចំនួន​សរុប ២៣,៣២៣​នាក់​ក្នុង​នោះ ទេសចរ​បរទេស​សរុប ៣០៣​នាក់ ។

Picture

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ឲ្យ​ដឹង​ថា រយៈពេល​៣​ថ្ងៃ​នៃ​ការ​ឈប់​សម្រាក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​ខេត្តមណ្ឌលគិរី មាន​ភ្លៀង​ធ្លាក់​រលឹម​ស្រិច​ៗ និង​មានការ​ចុះ​អ័ព្ទ​ផង​ដែរ ។ លោក​បាន​បន្ត​ថា ក្នុង​រយៈពេល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ដែរ មន្ទីរ​ទេសចរណ៍​បាន​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​តាម​រមណីយដ្ឋាន និង​ភោជនីយដ្ឋាន​ធ្វើការ​ផ្សព្វផ្សាយ​អំពី​វិធានការ​បង្កា​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។

Picture

ដោយឡែក​ចំពោះ​ភ្ញៀវ​ទេសចរ សង្កេត​ឃើញ​ថា ពួក​គាត់​ភាគច្រើន​បាន​ប្រកាន់ខ្ជាប់​នូវ​ការ​ពាក់​ម៉ាស និង​រក្សា​គម្លាត​បាន​ត្រឹមត្រូវ​។ ចំណែក​ការងារ​គ្រប់គ្រង​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព អនាម័យ បរិស្ថាន​នៅ​គ្រប់​រមណីយដ្ឋាន គឺ​បាន​ល្អ​ប្រសើរ​។

Picture

លោក ងិ​ន សុ​វិមាន បញ្ជាក់​ថា សម្រាប់​សណ្ឋាគារ​-​រី​សត​ក្នុង​ខេត្តមណ្ឌលគិរី ត្រូវ​ភ្ញៀវ​ទេសចរ​ចូល​សម្រាក​ពេញ​បន្ទប់​អស់ហើយ នៅ​សល់​បន្ទប់​ផ្ទះសំណាក់​ខ្លះ​ប៉ុណ្ណោះ ។ ហើយ​តាម​ការ​ពិនិត្យ​មើល​ជាក់ស្ដែង ម្ចាស់​អាជីវកម្ម​ដែល​ទទួល​អ្នកទេសចរ​ក៏​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​១៩ ៕